ភាគីកម្ពុជា​ និង​វៀត​ណាម​​ព្រម​ព្រៀង​​ពន្លឿន​ការវាស់​​​វែង​​​កំណត់​​​​ព្រំដែន

យោង​តាម​​កាសែត​​វៀតណាមនិង​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​និង​វៀតណាម​បាន​ព្រមព្រៀង​​​​ពន្លឿន​ការ​​​វាស់​​​វែង​​​កំណត់​​​​ព្រំដែន​រួម​របស់​ខ្លួន ហើយ​មិន​អនុញ្ញាត​ឲ្យ​ “កម្លាំង​សត្រូវ​” និង​​ “ពួក​ជ្រុល​និយម” ​គំរាម​កំហែង​ដល់​សន្តិសុខ​អំឡុង​​​កិច្ច​​​ប្រជុំ​​​​រយៈ​ពេល​​​ ពីរ​ថ្ងៃ​ក្នុង​ទីក្រុង​ហូជីមិញ ដែល​បាន​បញ្ចប់​កាលពី​ថ្ងៃ​ពុធ។

កិច្ច​ប្រជុំ​លើក​ទី៧​ស្ដីពី​កិច្ច​សហប្រតិ បត្តិការ និង​ការ​អភិវឌ្ឍ​បណ្តាខេត្ត​នៅ​តាម​ព្រំដែន​​​ដែល​ធ្វើ​ជា​សហប្រធាន​​ដោយ​លោក ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ធ្វើ​ឡើង​​​តែពីរ​បី​ខែ​ប៉ុណ្ណោះ​បន្ទាប់ពី​មាន​ការ​តវ៉ា​ជាច្រើន​លើក​ដែល​ដឹកនាំ​ដោយ​គណ​បក្ស​ សង្គ្រោះ​ជាតិ ​បណ្តាលឲ្យមាន​​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​តាម​ព្រំដែន​ដែល​មានជម្លោះ​ ទី​ដែល​ប្រជាជន​​កម្ពុជា​បាន​ចោទ​ប្រទេស​វៀត ណាម ​​ថា​បានរំលោភ​យក​ដី។

អត្ថបទ​មួយ​នៅ​ក្នុង​កាសែត​នគរ​បាល​ជាតិ​​​បាន​ដក​​​ស្រង់​​​​សម្ដី​របស់​លោក ព្រំ សុខា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ដែលបាន​​​លើក​​​ឡើង​​​ថា កិច្ច​ប្រជុំ​នេះ​បាន​​កាត់​​បន្ថយ​ភាព​តាន​តឹង​ជុំវិញ​បញ្ហា​ព្រំដែន ហើយ​បាន​បង្កើត​​ឲ្យ​មាន​ទំនាក់​ទំនង​កាន់​តែ​ខ្លាំង​ក្លា​ជាង​មុន​​​ ប្រសិន​បើ​​ជម្លោះ​នៅ​ពេល​អនាគត ​កើត​ឡើង។

​សេចក្ដី​រាយការណ៍​នេះ​មាន​ខ្លឹម​សារ​ថា   ”​លោក ព្រំ សុខា ថ្លែង​ថា ភាព​លំបាក​ដែល​ភាគី​ទាំង​ពីរ​បាន​ប្រឈម​ ជា​ពិសេស​​បញ្ហា​ប្រឈម​​ដែល​បង្ក​ឡើង​ដោយ​គណ​បក្ស​ប្រឆាំង និង​ពួក​ជ្រុល​និយម​ ក៏​​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​ និង​ដោះ​ស្រាយ​ផង​ដែរ​។ លើស​ពី​នេះ​ទៅ​ទៀត​​ ភាគី​ទាំង​ពីរ​គឺ​​​​ប្រទេស​​​ កម្ពុជា​ និង​វៀតណាម យល់ព្រម​​ទំនាក់​ទំនង​អំពី​​បញ្ហា​ប្រឈម​ទាំង​អស់​​ដែល​អាច​កើត​ឡើង​នៅពេល​អនាគត”។ ក្រុម​មន្ត្រី​នៅ​ក្រសួង​មហាផ្ទៃ​មិន​អាច​ទាក់​ទង​សុំ​អត្ថា​​​ធិប្បាយ​​​​បាន​ទេ។

យោង​តាម​ខ្លឹមសារ​កិច្ច​ប្រជុំចុះ​​​ផ្សាយ​​​​​នៅ​​​ក្នុង​កាសែត​​ Thanh Nien News ភាគី​ទាំង​ពីរ​ “​បាន ​យល់​ព្រម​​ពន្លឿន​​​ការ​​​កំណត់​​​ព្រំ​​​ដែន​​​គោក​​​​​​​ការ​បោះ​បង្គោល​ព្រំដែន​ និង​សន្យា​​មិន​អនុញ្ញាត​ឲ្យ​កម្លាំង​សត្រូវ​ប្រើ​ប្រាស់​ទឹក​ដី​​របស់​ខ្លួន​រៀងៗ​ខ្លួន​​បំផ្លាញ​ដល់​សន្តិសុខ និង​ស្ថិរភាព​របស់​ប្រទេស​ដទៃ​ឡើយ”។

យោង​តាម​សេចក្ដី​រាយការណ៍​ព័ត៌មាន​នេះ​បាន​ឲ្យ​ដឹង​ថា គណៈប្រតិភូ​នៃ​ប្រទេស​ទាំង​ពីរ​ក៏​បាន​ព្រមព្រៀងធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​តាម​ព្រំដែន និង​ជំរុញ​​ពាណិជ្ជកម្ម​ទ្វេភាគី​ ដែល​បច្ចុប្បន្ន​នេះ​មាន​ទឹក​ប្រាក់​ប្រហែល​២,៥​ពាន់​លាន​ដុល្លារ​​ក្នុង​មួយ​ឆ្នាំ​ដល់​​​៥ពាន់​លាន​ដុល្លារ​ “នៅ​ពេល​​អនាគត”។

សេចក្ដី​រាយការណ៍​ដដែល​នេះ​លើក​ឡើង​ថា ពួកគេ​ក៏​បាន​​ពិភាក្សា​អំពី​ជំនួយ​ទៅ វិញ​ទៅ​មក​ក្នុង​​វិស័យ​កសិកម្ម រុកា្ខប្រមាញ់ នេសាទ និង​គាំពារ​សុខភាព​ផង​ដែរ​ ប៉ុន្តែ​មិន​បាន​ផ្ដល់​ព័ត៌​មាន​លម្អិត​ឡើយ។ ប្រទេស​ជិត​ខាង​ទាំង​ពីរ​នេះ​​បាន​រៀបចំ​កិច្ច​​ប្រជុំ​កន្លង​មក​​​ផ្ដោត​លើ​​ខេត្ត​នៅ​តាម​ព្រំដែន​​កាលពី​ឆ្នាំ​២០១២​ ហើយ​មាន​គម្រោង​​កោះ​ប្រជុំ​ម្ដង​ទៀត​នៅ​ឆ្នាំ​ក្រោយ​ក្នុង​ប្រទេស​កម្ពុជា៕ សារុន​​

The post ភាគីកម្ពុជា​ និង​វៀត​ណាម​​ព្រម​ព្រៀង​​ពន្លឿន​ការវាស់​​​វែង​​​កំណត់​​​​ព្រំដែន appeared first on ខេមបូឌា ដេលី.