យុវជន​ស្វាយ​រៀង​៨​នាក់​​ទៅ​ហាត់​នៅ​អង់គ្លេស ​និង​មាន​ឱកាស​មើល Man Utd ​លេង​


យុវជន​ស្វាយ​រៀង​៨​នាក់​​ទៅ​ហាត់​នៅ​អង់គ្លេស ​និង​មាន​ឱកាស​មើល Man Utd ​លេង​

ស្វាយ​រៀង​បាន​ក្លាយ​ជា​ក្លិប​ដំបូង​គេ​នៅ​កម្ពុជា​ដែល​បាន​បញ្ជូន​កីឡាករ U19 ​ចំនួន​៨​នាក់ ទៅ​ហ្វឹកហាត់​យក​បទពិសោធន៍​នៅ​សាលា​ Brook house college ​របស់ Leicester city នៅ​ប្រទេស​អង់គ្លេស​រយៈ​ពេល​កន្លះ​ខែ។ ហើយ​យុវជន​ទាំង​អស់​នោះ​ទៀត​សោត នឹង​មាន​ឱកាស​បាន​ចូល​មើល​ការ​ប្រកួត​របស់​ក្លិប Manchester United ​និង West Brom ​ផង​ដែរ។

 

យុវជន​ស្វាយ​រៀង​៨​នាក់​​ទៅ​ហាត់​នៅ​អង់គ្លេស ​និង​មាន​ឱកាស​មើល Man Utd ​លេង​

 រូបយុវជនស្វាយរៀងដែលត្រូវទៅអង់គ្លេស

 

លោក សុខ វាសនា គ្រូ​បង្វឹក​ក្រុម​យុវជន​របស់​ស្វាយ​រៀង បាន​បញ្ជាក់​ថា​កីឡាករ​ទាំង​៨​នាក់​នេះ នឹង​ចេញ​ដំណើរ​នៅ​ថ្ងៃ​ទី​១​ខែ​វិច្ឆិកា រហូត​ដល់​ថ្ងៃ​ទី​១៦​ខែ​វិច្ឆិកា​ទើប​ត្រលប់​មក​កម្ពុជា​វិញ។ កាល​ដែល​អាច​មាន​ឱកាស​ទៅ​ដកស្រង់​បទពិសោធន៍​នៅ​អង់គ្លេស​នេះ គឺ​ដោយសារ​តែ​កូន​ប្រុស​លោក​ជំទាវ ជុំ ស្រី​ទូច នាយក​ក្រុមហ៊ុន​អធីវី ធួរ (RTV Tours) ឈ្មោះ​ តាន់ រិទ្ធីវឌ្ឍន ជា​យុវជន​ថ្នាល​របស់​ស្វាយរៀង​ដែល​កំពុង​សិក្សា​នៅ​សាលា Brook house college​ ជា​អ្នក​ដាក់​ស្នើ​ឯកសារ​ឱ្យ ហើយ​ខាង​សាលា​ក៏​ឯកភាព​យល់​ស្រប ទើប​អាច​បាន​ទៅ។

 

កីឡាករ​ទាំង​៨​នាក់​ដែល​ត្រៀម​ទៅ​មាន​ដូចជា ផន ភា​រ៉ា​, ឡាយ រស្មី​, គ​ន្ធា រ៉ា​វ៉ាន់​, គឹម ហាប់​, អោម ឧ​ត្ត​ម​, ទេព វា​នា​កុមារ​ពិទូរ្យ, អឿន ប៊ី​លី​ និង អ៊ុក វ៉ាន់​ណេ ​រួម​ជា​មួយ​គ្រូ​២​នាក់​ទៀត​គឺ​លោក សុខ វាសនា និង​លោក សំអែល ណា​សា។ ចំពោះ​ការ​ចំណាយ​វិញ ខាង​សាលា​នៅ​អង់គ្លេស​នឹង​ចេញ​ថ្លៃ​សំបុត្រ​យន្ដហោះ​ទៅ​មក​និង​កន្លែង​ស្នាក់​នៅ។ ចំណែក​ឯ​ខាង​ក្រុម​អធីវី ធួរ (RTV Tours) ​នឹង​ចេញ​​ថ្លៃ​សំបុត្រ​ចូល​មើល​ការ​ប្រកួត​រវាង​ក្រុម​បិសាច​ក្រហម Man Utd ​ជាមួយ West Brom ​ នៅ​កីឡដ្ឋាន Old Trafford។ ខណៈ​ដែល​ថ្លៃ​ចាយ​វាយ​ផ្សេង​ទៀត ខាង​ក្លិប​និង​លោក​ជំទាវ ស៊ុយ សុផាន់ ​ជា​អ្នក​ឧបត្ថម្ភ។

 

នេះ​ជា​ការ​បោះជំហាន​ថ្មី​មួយ​របស់​ក្លិប​ស្វាយ​រៀង​ក្រោម​ការ​ដឹក​នាំ​និង​ជួយ​ជ្រោមជ្រែង​ពី​លោក ឌី វិជ្ជា ​ដែល​ជា​ប្រធាន​ក្លិប​ផ្ទាល់ ដើម្បី​ឱ្យ​កីឡាករ​កម្ពុជា​មាន​ឱកាស​បាន​ស្គាល់​អ្វី​ដែល​ថ្មី ជា​ពិសេស​ការ​លេង​នៅ​ក្លិប​ក្នុង​តំបន់​អឺរ៉ុប៕

 

​អត្ថបទ៖ មុន្នី រម្យ​
រូបភាព៖ ផ្ដល់ឱ្យ