តៃកុង​ស្ទើរភ្លើង បើករថយន្ត​លឿន​ពេក ធ្លាក់​ផ្លូវ ក្រឡាប់​ស្លាប់ និង​របួស​៦​នាក់​

​​សៀមរាប: មនុស្ស​ម្នាក់ បាន​ស្លាប់ និង​៥​នាក់​ផ្សេងទៀត បាន​រងរបួស​ធ្ងន់ និង​ស្រាល ក្នុង​គ្រោះ ថ្នាក់​ចរាចរ​បង្កឡើង ដោយ​តៃកុង​ស្ទើរភ្លើង បើករថយន្ត​លឿន​ពេក​ជ្រុល​ ធ្លាក់​ផ្លូវ បណ្តាល​ឲ្យ​ក្រឡាប់ ខណៈ​បើក​ដឹក​គ្នា ទៅ​បង់សំណាញ់​។​

​ហេតុការណ៍​គ្រោះថ្នាក់​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង​ជិត​១ រសៀល​ថ្ងៃទី​២៩  ខែតុលា ឆ្នាំ​២០១៥ ស្ថិតនៅ​ក្នុងភូមិ​សាលា ឃុំ​កំពង់ក្ដី ស្រុក​ជីក្រែង ខេត្តសៀមរាប​។​

​តាម​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​នេះ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​មាន​រថយន្ត​កូរ៉េ ម៉ាក​ទី​តាន់ ពណ៌​ខៀវ ពាក់​ស្លាក​លេខ កំពង់ធំ 3A0449 បើកបរ​ពី​ទិសខាងកើត​ត្បូង ឆ្ពោះ​មក​ទិស​ខាងជើង ហើយ​បាន​បើក​យ៉ាង​លឿន លុះ​មកដល់​កន្លែងកើតហេតុ ក៏​ជ្រុល​ចង្កូត យក​មិនទាន់ ក៏​ធ្លាក់​ផ្លូវ​ក្រឡាប់​មួយ​ត្រឡប់ ក៏​ងើប​ទ្បើង​ឈរ​វិញ ទើប​ធ្វើ​ឲ្យ​មនុស្ស ដែល​ជិះ​នៅលើ​រថយន្ត​នោះ បាន​រងរបួស​ចំនួន​៦​នាក់ ក្នុងនោះ​ម្នាក់​បាន​ស្លាប់ នៅនឹងកន្លែង​កើតហេតុ​។​

​ជនរងគ្រោះ ដែល​បាន​ស្លាប់ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នោះ ឈ្មោះ ជៀន ជួន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ខ្វាវ ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប​។ ចំណែក​អ្នក រងរបួស​ទាំង​៥​នាក់​នោះ គឺ​ម្នាក់​ដែលជា​តៃកុង​ឡាន​នោះ រងរបួស​ធ្ងន់​ឈ្មោះ ថង់ ភ័ណ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ស្ពាន​ត្នោត ឃុំ​កំពង់ក្ដី ស្រុក​ជីក្រែង ខេត្តសៀមរាប​។​

​ក្រោយពី​មាន​ហេតុការណ៍​នេះ កើតឡើង​ភ្លាម កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​ចុះមក​អន្តរាគមន៍ និង​បញ្ជូន​ជនរងគ្រោះ ទៅ​មន្ទីរពេទ្យ​។ ចំណែក​រថយន្ត ត្រូវបាន​ស្ទួ​ច​យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ស្រុក​ជីក្រែង ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕V/S