​រំលោភ​កូនស្រី​ចុង រហូត​បានសម្រេច សាច់ញាតិ​ដឹង ចាប់វាយ​បែកក្បាល រួច​ប្រគល់​ឲ្យ​សមត្ថកិច្ច​

ភ្នំពេញ: បុរស​ជា​ឪពុកចុង​ម្នាក់ បាន​បោកប្រាស់​កូនស្រី​ចុង អាយុ​១៥​ឆ្នាំ យកទៅ​រំលោភនៅ ក្នុង​ផ្ទះសំណាក់ រហូត​បានសម្រេច ហើយ​គំរាម​សម្លាប់​ម្ដាយ​ក្មេងស្រី​រងគ្រោះ បើ​ហ៊ាន​និយាយប្រាប់​គេ ហើយ​ត្រូវ​បងប្អូន​សាច់ញាតិ ក្មេងស្រី​រងគ្រោះ តាម​ចាប់បាន​ភ្លាម និង​វាយ​ទាត់​ធាក់​ឡើង​ទ្រមខ្លួន ទើប​យកមក​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ទួល​ទំពូង​១ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ៨ យប់ ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៥ ។​

​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ ទួល​ទំពូង​១ បាន​ឲ្យ​ដឹងថា ជនសង្ស័យ ជា​ឪពុកចុង​ឈ្មោះ ជា សុខ​ចំរើន អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ ផ្ទះ​គ្មាន​លេខ ស្ថិត​ក្នុងភូមិ​កោះនរា សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ។ ចំណែក​ក្មេងស្រី​រងគ្រោះ ទើបតែ​មាន​អាយុ​១៥​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ក្នុង​សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ ជាមួយ​បងប្អូន​។​

​ប្រភពពី​ម្ដាយមីង ក្មេងស្រី​រងគ្រោះ បាន​ឲ្យ​ដឹងថា កាលពី​ល្ងាច​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៥ ឪពុកចុង បាន​ទូរស័ព្ទ​ប្រាប់ ក្មេងស្រី​រងគ្រោះ ឲ្យ​មក​យក​ម៉ូតូ ដែល​បាន​ខ្ចី​ជិះ​វិញ នៅមុខ​វត្ត​ច្បារអំពៅ​។ ខណៈ​ក្មេងស្រី​រងគ្រោះ មកជួប​ឪពុកចុង​ដែលមាន​គម្រោង​រួចជាស្រេច បាន​ប្រាប់ថា ម្តាយ​របស់​នាងចង់​ជួប ហើយក៏​ឌុប​នាង​មកជួប​ម្តាយ​។ ពេល​ជិះ​មក​តាមផ្លូវ ជនសង្ស័យ ក៏បាន​ដឹក​នាង​ចូល​ផ្ទះសំណាក់​ដែលមាន​យីហោ «​ផ្កា​លាប​» ស្ថិតក្នុង​សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន ។​

​ប្រភព​បាន​បន្តទៀតថា ខណៈពេល​ចូលក្នុង​ផ្ទះសំណាក់ ជនសង្ស័យ ប្រាប់ថា ម្តាយ​របស់​នាងនៅ​ខាងលើ​ ឡើងមក​។ ពេល​ឡើង​បាន​ពាក់កណ្ដាល​កាំជណ្ដើរ​ជនសង្ស័យ ក៏បាន​ខ្ទប់មាត់​នាង ហើយ​ចាប់​អូស​ចូល​បន្ទប់​តែម្តង​។ ពេលនោះ នារី​រងគ្រោះ បាន​សំពះអង្វរ សុំ​កុំ​ឲ្យ​ធ្វើបាប​នាង​។ តែ​ជនសង្ស័យនៅតែ​ព្យាយាម​លួងលោម និង​កាន់​កាំបិត គំរាម​នាង រំលោភ​រហូត​បានសម្រេច ។ ក្រោយពេល​រំលោភ​បានសម្រេច​ហើយ នារី​រងគ្រោះ ក៏បាន​អង្វរ​សុំ​ត្រឡប់មកផ្ទះ​វិញ ក្រោម​ការគំរាមកំហែង​ថា បើ​នាង​ហ៊ាន​និយាយប្រាប់​គេនឹង​សម្លាប់​ម្តាយ​នាង​ចោលមិន​ខាន ។​

​ម្តាយមីង​ក្មេងស្រី​រងគ្រោះ បាន​បន្តទៀតថា បន្ទាប់ពី​ជិះ​ម៉ូតូ ចេញពីផ្ទះ​សំណាក់​បា​ន បន្តិ​ច ក្មេងស្រី​រងគ្រោះក៏បាន​លោត​ចុះ​ពី​ម៉ូតូ​រត់ ហើយ​ស្រែក​ឲ្យ​គេ​ជួយ​។ ពេលនោះ ជនសង្ស័យភ័យ​ក៏​ជិះ​ម៉ូតូ​គេចខ្លួនបាត់​តែម្តង ។ ចំណែក​ក្មេងស្រី​រងគ្រោះ ក៏បាន​ពឹង​ប្រជាពលរដ្ឋ នៅ​ម្តុំ​នោះឲ្យ​ជូន​នាង​មក​ផ្ទះ​វិញ ហើយ​បាន​រៀបរាប់​ហេតុការណ៍ ឪពុកចុង​ចាប់រំលោភ ប្រាប់​ទាំងអស់ ។​

​បន្ទាប់ពី​ស្តាប់​ការរៀបរាប់របស់​ក្មេងស្រី​រងគ្រោះ​ហើយ បងប្អូន​សាច់ញាតិ ខឹង​យ៉ាងខ្លាំង បាន​ប្រមូល​បងប្អូន មាន​ប្រុស មាន​ស្រី​ជាច្រើន​នាក់ តាមរក​ជនសង្ស័យ​ទាំងយប់ ព្រមទាំង​ទូរស័ព្ទ​សួរ​គេ សួរ​ឯង​រហូត​ដឹងថាជនសង្ស័យ​កំពុង​លេង​ហ្គេម​បាញ់​ត្រី នៅ​ម្តុំ​បឹងត្របែក ផ្លា​ហ្សា ក៏​នាំគ្នា​ទៅ​ឃើញ ហើយ​ដេញចាប់បាន​ភ្លាមៗ ហើយ ដោយ​សារ​ខឹង​ខ្លាំងពេក ក៏​នាំគ្នា​វាយ​ទាត់​ធាក់​ជនសង្ស័យ​រហូត​បែកក្បាល រួច​ក៏​ចាប់បញ្ជូនមកកាន់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ទួល​ទំពូង​ទី​១ ដើម្បី​ប្រគល់ជូន សមត្ថកិច្ច​កាត់ទោស​តាមច្បាប់ ៕V​/S