ខឹង​ដើរ​បាត់​មួយ​យប់ ឪពុកមា​ជីដូនមួយ​ដក​ខ្សែក្រវាត់​វាយ​បែកក្បាល​ដេរ​៣​ថ្នេរ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ដើរ​ចេញពីផ្ទះ​ជីដូន ដោយ​ឆ្លងកាត់​វង់​ឪពុកមា​កំពុង​តែ​ផឹកស៊ី​ស្រវឹង​នឹកឃើញ​រឿង​ចាស់ បាន​ចាប់​វាយ​មួយ​ខ្សែក្រវាត់​បែកក្បាល​ដេរ​៣​ថ្នេរ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២៩ តុលា ២០១៥ ស្ថិត​នៅ​ភូមិ​ដូង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ទូច សាលី​ន​ណា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​ជា​ជាងកាត់សក់ ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ មាន​ទីលំនៅ​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ។ ចំណែក​ឪពុកមា​ជីដូនមួយ​មានឈ្មោះ​សុ​គ​ន្ធា រិ​ទ្ធ អាយុ​៣៩​ឆ្នាំ ជា​សន្តិសុខ​នៅ​ក្នុង​ក្រុមហ៊ុន ស្នាក់​នៅ​ក្នុង​កន្លែង​កើតហេតុ​ខាងលើ ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ទើបតែ​ដើរ​ចេញពីផ្ទះ​ជីដូន​ដែល​ត្រូវជា​យាយទួត​របស់​ជន​បង្ក ហើយ​បាន​ដើរ​កាត់​កន្លែង​ជន​បង្ក​កំពុង​អង្គុយ​ផឹកស៊ី​ស្រវឹង​ស្រឿង​ៗ​ផង ស្រាប់តែ​ជន​បង្ក​បាន​ដើរមក​វៃ​រូបគេ​មួយ​ដៃ​រួច​បាន​យក​ខ្សែក្រវាត់​វាយ​បែក​ក្បាល​​ដោយ​ដេរ​អស់​៣​ថ្នេរ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជន​បង្ក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​ទឹកថ្លា​ទើប​ដឹង​ថា ជន​បង្ក​ខឹង​នឹង​ជន​រង​គ្រោះ​កន្លង​មក បាន​ដើរ​លេង​មិន​ចូល​ផ្ទះ​មួយ​យប់ ហើយ​មុន​ពេល​កើត ហេតុ​ពេល​ឃើញ​ជន​រង​គ្រោះ​ដើរ​ចេញពីផ្ទះ​យាយទួត ស្មាន​តែ​មក​ពី​សុំ​លុយ​របស់​​យាយ​ទូត ម្យ៉ាងទៀត​ខ្លួន​ស្រវឹង​ផង ទើប​វាយ​តែ​ម្តង ។ បន្ទាប់​ពី​សួរនាំ​ដឹង​រឿង​ហើយ​ថា ជា​រឿង​គ្រួសារ ជន​រង​គ្រោះ​ក៏​មិន​បាន​​ប្តឹងប្តល់​ទេ ទើប​សមត្ថកិច្ច​ធ្វើការ​អប់រំ​ណែនាំ​ឱ្យ​ឈប់​ប្រើ​អំពើ​ហិង្សា និង​បានឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕