​​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​អាក្រក់​​បុកបន្ត​គ្នា​​កន្លែង​តែ​មួយ​ស្លាប់​២​នាក់​​នៅ​ក្រុង​បាវិត

ខេត្តស្វាយរៀង​ ៖​ មាន​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​អាក្រក់​មួយ​​រវាង​រថយន្ត​​​បាឡែន និង​ម៉ូតូ​​​​បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​រង​របួស​ដាច់​ដៃ​ត្រឹម​ក្លៀកសន្លប់​ស្តូកស្តឹង​គួរ​ឲ្យ​ញាក់សាច់​ សមត្ថកិច្ច​មិន​ទាន់​​យក​ជន​រង​គ្រោះ​ចេញ​ពី​កន្លែង​កើតហេតុ​​ផង ​ស្រាប់តែ​មាន​យុវជន​ម្នាក់​ទៀត​ជិះ​ម៉ូតូ​​យ៉ាង​លឿន​ពី​កើត​ទៅ​​លិច​គេច​ជន​រង​គ្រោះ​ដែល​ដេក​សន្លប់​លើ​ថ្នល់​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​គូ​ទ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់​ដាយ​ពីក្រោយ​ពេញ​ទំ​ហឹងបណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​​នឹង​​កន្លែង ។ ​រីឯ​ជន​រង​គ្រោះ​ទី​១​បាន​ស្លាប់​​នៅ​ពាក់​កណ្តាលផ្លូវ ​ខណៈ​សមត្ថកិច្ច​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​យប់​ថ្ងៃ​ទី​២៩ ​តុលា​ ២០១៥ ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ​ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​​លេខ​១៥៦_​១៥៧ ​ស្ថិត​នៅ​ភូមិ​ព្រៃ​ផ្តៅ​ សង្កាត់​ច្រក​ម្ទេស ​ក្រុង​បា​វិត ​។

​​មន្ត្រី​នគ​របាល​ក្រុង​បា​វិត ​បាន​ឲ្យ​ដឹង​ថា ​​​​អ្នក​ដែល​ស្លាប់​​ទាំង​២នាក់​​​ខាង​លើ​នេះ ម្នាក់​ ឈ្មោះ​ ឈុ​ន ​ខ្លឹម ​ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​បា​វិត​លើ​ សង្កាត់​បា​វិត​ក្រុង​បា​វិត ​ជិះ​ម៉ូតូ​ម៉ាក​យ៉ាន់​ម៉ា​ហា​ស៊ី​រូ​ស ព​ណ៌​ខ្មៅ ​គ្មាន​ស្លា​លេខ​​ ​ពី​​លិច​ទៅ​​កើត ​យ៉ាង​លឿន​ លុះ​មកដល់​​កន្លែង​កើ​ហេតុ​​ក៏​បុក​ជាមួយ​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ ​២X-៧០៧៤ ​​​បញ្ច្រាសទិស​​ពី​កើតទៅ​​លិច​ពេញ​ទំ​ហឹង​បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​​គាប​ដាច់​ដៃ​ឆ្វេង​ត្រឹម​ក្លៀក​និង​បោក​ក្បាល​ទៅ​លើ​ថ្នល់ជាតិ​របួស​ធ្ងន់​​សន្លប់​ស្តូកស្តឹង​​ ​រីឯ​អ្នកបើកបរ​រថយន្ត​បាន​បើកទ្វា​ររថយន្ត​រត់គេច​ខ្លួន​បាត់​ភ្លាម​ៗ​​ ។​

​ចំណែក​​ម៉ូតូ​​​ជន​រង​គ្រោះ​នៅ​កណ្តាល​ថ្នល់ ​បន្ទាប់​មក​ក៏​មាន​យុវជន​ម្នាក់​ទៀត ​ឈ្មោះ​ អ៊ឹម​ សា​ផា​ន់ ​ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ក្បាលថ្នល់​ ឃុំ​កណ្តៀង​រាយ​ស្រុក​ស្វាយ​ទាប ​ជិះ​ម៉ូតូ​ម៉ា​កវី​ស្តុ​ន​គ្មាន​ស្លាក​លេខ បើកបរ​ពី​កើត​ទៅ​លិច​យ៉ាង​លឿន​ក៏​វ៉ា​ក់​នឹង​​​ជន​រង​គ្រោះ​ទី​១​ដែល​​សន្លប់​នៅ​កណ្តាល​ថ្នល់​ ក៏​បើក​ម៉ូតូ​គេច​​ជ្រុល​ចង្កូត​ទៅ​បុក​គូ​ទ​រថយន្ត​ហ៊ី​យ៉ាន់​ដាយ​ពី​ក្រោយ​ពេញ​ទំ​ហឹងបណ្តាល​ឲ្យ​បោក​ក្បាល​ទៅ​នឹង​រថយន្ត​​​ផុង​លលា​ដ៍​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​គួរ​ឲ្យ​ញាក់សាច់ ។ ​រីឯ​អ្នកបើកបរ​រថយន្ត​ហ៊ី​យ៉ាន់​ដាយ ​ក៏​​​រត់គេច​ខ្លួន​ភ្លាម​ៗ​បន្សល់​ទុក​រថយន្ត​នៅ​​កន្លែង​​ដែរ ។ សមត្ថកិច្ច​មក​ដល់​ហៅ​រថយន្ត​សា​មុ​យ​ដឹក​ជន​រង​គ្រោះ​ទី​១​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ ​​ប៉ុន្តែ​​​ស្លាប់​​នៅ​​ពាក់​កណ្តាលផ្លូវ​​ ​​​។

​សព​ជន​រង​គ្រោះ​ទាំង​២​​នាក់​ ​ត្រូវ​បាន​សមត្ថកិច្ច​​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ​ចំណែក​ម៉ូតូ​និង​រថយន្ត​​សមត្ថកិច្ច​នាំ​​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគ​បាល​ក្រុង​បា​វិត ​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​​ ​​និង​​បន្ត​ស្រាវជ្រាវ​រក​អ្នកបើកបរ​រថយន្ត​​ទាំង​២គ្រឿង​ឲ្យ​មក​ទទួលខុសត្រូវ​ និង​ដោះស្រាយ​តាម​ច្បាប់​​ ៕