ស្ត្រី​ពិការ​ភ្នែក​ទាំង​សងខាង​និង​ដៃ​ម្ខាង​ តស៊ូ​ចិញ្ចឹម​ចៅ​៣​នាក់​រស់នៅ​យ៉ាង​វេទនា

ខេត្តពោធិ៍សាត់ ៖ ស្ត្រី​ពិការ​ភ្នែក​ទាំង​សងខាង​ និង​ដៃ​ម្ខាង ហើយ​កំពុង​ចិញ្ចឹម​ចៅ​៣​នាក់ បាន​អំពាវនាវ​រក​សប្បុរសជន​ ដើម្បី​ជួយ​ដល់​ការ​លំបាក​របស់​គាត់ ពិសេស​គឺ​ជោគវាសនា​របស់​ចៅ​ទាំង​៣​នាក់ ។ ស្ត្រី​ចំណាស់​ពិការ​រូប​នេះ​ឈ្មោះ ខេន ល័ក្ខណ៍ អាយុ​៦៥​ឆ្នាំ រស់នៅ​ភូមិ​ចំការ​ចេក​ខាងជើង សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ បាន​ដង្ហោយ​រក​សប្បុរសជន​តាម​រយៈ​សារព័ត៌មាន​«កោះសន្តិភាព» ឲ្យ​ជួយ​ផ្សព្វផ្សាយ​ពី​ទុក្ខ​លំបាក​របស់​គាត់ ។

នៅ​លើ​គ្រែ​តូច​មួយ​ក្រោម​ម្លប់​ត្នោត​មុខ​ខ្ទម ស្ត្រី​ចំណាស់​ពិការ​ភ្នែក​ និង​ដៃ​ម្ខាង​រូប​នេះ រៀបរាប់​ថា សព្វថ្ងៃ​គាត់​រស់នៅ​ជាមួយ​ចៅ​ៗ​ចំនួន​៣​នាក់ ដែល​ចៅស្រី​ច្បង​ឈ្មោះ សុខ រក្សា អាយុ​១២​ឆ្នាំ ចៅប្រុស​បន្ទាប់​ឈ្មោះ សុខ រតនៈ អាយុ​៩​ឆ្នាំ និង​ចៅស្រី​ពៅ​ឈ្មោះ សុខ ស្រី​ណុ​ច អាយុ​៣​ឆ្នាំ ។ ចៅស្រី​ទាំង​៣​នាក់ ជា​កូន​របស់​កូនស្រី​គាត់​ឈ្មោះ ខេន ចិន្តា អាយុ​៣០​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ ប្តី​ឈ្មោះ ពូក កុសល ហៅ​សុខ បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ជាង​៤​ឆ្នាំ​មុន ។

ស្ត្រី​ចំណាស់​ជា​ជីដូន​បន្ត​ថា សព្វថ្ងៃ​កូនស្រី​គាត់​ដែល​ត្រូវជា​ម្តាយ​ចៅ​ទាំង​៣​នាក់ បាន​ទៅ​ធ្វើការ​នៅ​ភ្នំពេញ ហើយ​ទុក​កូន​នៅ​លើ​គាត់​ជា​ជន​ពិការ​ភ្នែក​ និង​ដៃ​ម្ខាង ដោយ​ផ្ញើ​ប្រាក់​មក​ឱ្យ​គាត់​សម្រាប់​ចិញ្ចឹម​ចៅ និង​រូប​គាត់​ក្នុង​១​ស​ប្តា​ហ៍​៥​ម៉ឺន​រៀល សម្រាប់​ទិញ​ម្ហូប និង​អង្ករ ។ ដោយសារ​តែ​គាត់​ជា​ជន​ពិការ គ្រប់​ការងារ​ទាំងអស់ ដាំបាយ ទិញ​ម្ហូប បោក​ខោអាវ មើលថែ​ប្អូន​ៗ​គឺជា​បន្ទុក​របស់​ចៅស្រី​ច្បង អាយុ​១២​ឆ្នាំ ។

ក្នុង​គ្រួសារ​ទាំងមូល​បាន​ធ្លាក់​ទៅ​លើ​ចៅស្រី​ច្បង​ម្នាក់​គត់ ដូច​មេ​គ្រួសារ ពេល​នាង​ទៅ​រៀន នាង​យក​ប្អូន​ពៅ​ទៅ​រៀន​ជាមួយ ។ ពេល​នាង​មក​វិញ ទិញ​ម្ហូប​ឆ្អិន​ស្រាប់ លុះ​មក​ដល់​ផ្ទះ​ពុះអុស ដាំបាយ និង​រៀប​បាយ​ទឹក​ឱ្យ​គាត់​ជា​ជីដូន និង​ប្អូន​ៗ​ហូប​បាយ​ជុំ​គ្នា ។ ក្រោយ​ពី​ហូប​បាយ​ហើយ នាង​លាងចាន​ទុកដាក់ និង​ឆ្លៀតពេល​បោក​ខោអាវ និង​រក​អុស​មក​ទុកជា​ដើម​ ។ សព្វ​ថ្ងៃនេះ នាង​រៀន​ថ្នាក់​ទី​៤ នៅ​សាលា​បឋម​សិក្សា​ក្រុង​ពោធិ៍សាត់ តែ​រៀន​មិនសូវ​ពូកែ​ទេ ដោយសារ​តែ​នាង​រវល់​ការងារ​ផ្ទះ​ខ្លាំង​ពេក និង​អាហារូបត្ថម្ភ​មិន​គ្រប់គ្រាន់ ។

ដោយសារ​តែ​លំបាក​ខ្លាំង​ពេក និង​រស់​ក្នុង​ស្ថានភាព​បែប​នេះ ស្ត្រី​ពិការ​ភ្នែក​ចិញ្ចឹម​ចៅ​ទាំង​៣​នាក់ សូម​អំពាវនាវ​ដល់​សប្បុរសជន​ជិត​ឆ្ងាយ សូម​មេត្តា​ជួយ​ដល់​រូប​គាត់​ដែល​កំពុង​ជួប​ការ​លំបាក​នេះ​ផង ។

នៅ​រសៀល​ថ្ងៃ​ទី​២៨ តុលា លោក​ព្រិ​ន្ទ​បាល​ឯក ញ៉េ​ប ពៅ​ភិ​រម្យ បម្រើ​ការងារ​នៅ​កងពលតូច​ថ្មើរជើង​លេខ​៤១ យោធភូមិ​ភាគ​ទី​៤ ឈរជើង​នៅ​តំបន់​ប្រាសាទព្រះវិហារ បាន​ជួយ​ឧបត្ថម្ភ​អង្ករ​៥០​គី​ទ្បូ​ក្រាម មី​១​កេស និង​ប្រាក់​៤​ម៉ឺន​រៀល ដល់​ស្ត្រី​ពិការ​រូប​នេះ​ផង​ដែរ ខណៈ​លោក​ត្រ​ទ្ប​ប់​ពី​សមរភូមិ​មក​ផ្ទះ​មើល​ជីដូន​មាន​ជំងឺ ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្ទះ​ស្ត្រី​ខាងលើ​នេះ​។

«កោះសន្តិភាព»​សង្ឃឹមថា សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ក៏​នឹង​មិន​មើល​រំលង​ជីវិត​តោកយ៉ាក​នេះ​ឡើយ ហើយ​សប្បុរសជន​ដែល​មានចិត្ត​បុណ្យ​ទាំង​ទ្បា​យ នឹង​ជួយ​ឧបត្ថម្ភ​ដល់​ស្ត្រី​ពិការ​ភ្នែក និង​ចៅ​ទាំង​៣​នាក់​នេះ​ជា​មិន​ខាន​៕