មន្ត្រី​យោធា​ម្នាក់​បើករថយន្ត​ត្រឡប់​ពី​ភ្ជាប់ពាក្យ​បងប្អូន​ជ្រុល​បុក​បង្គោល​ខ្សែកាប​ស្លាប់

ខេត្តកំពត ៖ មន្ត្រី​យោធា​ម្នាក់បើករថយន្ត​ម៉ាក​កាម​រី​​មួយគ្រឿង បាន​បុក​ជាមួយ​បង្គោល​ខ្សែ​​ខេ​ម​ហ្វូ​ន​បាក់ បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ ហើយ​​រថយន្ត​រង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង ដែល​ហេតុការណ៍​នេះ​កើតឡើង​​កាលពី​វេលា​ម៉ោង​០២​យប់​ថ្ងៃ​ទី​៣០ តុលា ២០១៥ ស្ថិត​​នៅ​កំណាត់​ផ្លូវជាតិ​លេខ​៣៣ ត្រង់​ចំណុច​ភូមិ​អូរ​ច្រនៀង ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ។

ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ម៉ាច ច​ន្ថា អាយុ​៣៥​ឆ្នាំ ជា​មន្ត្រី​យោធា មានស្រុក​កំណើត​នៅ​ទីរួមស្រុក​កំពង់​ត្រាច ​បើករថយន្ត​ម៉ាក​កាម​រី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ 2-1119 ។

ប្រភព​បន្ត​ថា ជន​រង​គ្រោះ​បាន​បើករថយន្ត​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​តែ​ម្នាក់ឯង ដែល​ត្រូវ​គេ​ដឹង​ថា ទើប​ត្រឡប់​មក​ពី​ពិធី​ភ្ជាប់ពាក្យ​បងប្អូន​នៅ​សេះស​ ក្នុង​សង្កាត់​អូ​រក្រសា ក្រុងកែប ។ បើ​តាម​ការ​អះអាង​របស់​សាច់ញាតិ​ឱ្យ​ដឹង​ទៀត​ថា គឺ​ជន​រង​គ្រោះ​មាន​អាកា​រៈ​ស្រវឹង ហើយ​ត្រូវ​បងប្អូន​ហាម​មិន​ឱ្យ​បើករថយន្ត​ដែរ ប៉ុន្តែ​ជន​រង​គ្រោះ​នៅ​តែ​មានះ​បើក​មក​តាំងពី​ខេត្ត​កែប រហូត​មក​ដល់​ចំណុច​ផ្លូវ​កោង​ក្នុងភូមិ​អូរ​ច្រនៀង ក៏​រេ​ទៅ​បុក​បង្គោល​​ពី​ខាងឆ្វេង​ដៃ បន្ទាប់​មក​រេ​​​ទៅ​ស្តាំ​វិញ​ធ្លាក់​ចូល​ស្រែ​ និង​បុក​ជាមួយ​បង្គោល​ខេ​ម​ហ្វូ​ន​ជា​ពី​កំណាត់ បណ្តាល​ឱ្យ​ស្លាប់​ក្នុង​រថយន្ត​តែ​ម្តង ។