ជុំវិញ​ការ​ប្រណាំង Motor Grand Prix 2015 លើក​ទី​16​នៅ​ម៉ា​ឡេ​ស៊ី

ម៉ា​ឡេ​ស៊ី ៖ ការ​ប្រណាំង​ម៉ូតូ​អន្តរជាតិ​លើក​ទី​១៦​នៅ​ម៉ា​ឡេ​ស៊ី បាន​ចាប់ផ្ដើម​កាលពី​ថ្ងៃ​ទី​២៥ តុលា កន្លង​មក នៅ​ឯ​ពហុ​កីឡដ្ឋាន​អន្តរជាតិ SEPANG ដោយ​មានការ​ប្រកួត​ម៉ូតូ​ចំនួន​៣​ប្រភេទ ក្នុង​នោះ​មាន​ក្រុម Motor3 ជា​ប្រភេទ​ម៉ូតូ​កម្លាំង​ម៉ាស៊ីន 123CC, ក្រុម Motor2 កម្លាំង​ម៉ាស៊ីន 250CC និង​ក្រុម Motor GP កម្លាំង​ម៉ាស៊ីន 1000CC ដែល​មាន​ក្រុម​កីឡាករ​មក​ពី​ជុំវិញ​ពិភពលោក​ចូលរួម​។

កីឡាករ Valentino Rossi ជនជាតិ​អុ​ី​តា​លី អាយុ​៣៦​ឆ្នាំ មក​ពី​ក្រុម Movistar Yamaha GP ជិះ​ម៉ូតូ​ម៉ាក YAMAHA ពាក់​ស្លាក​លេខ​៤៦ បាន​យកឈ្នះ​និង​ទទួល​បាន​ជ័យ​លា​ភី​លេខ​១​ក្នុង​ការ​ប្រកួត​នេះ ដោយ​ធ្វើ​បាន​៣១២​ពិន្ទុ តាម​ពីក្រោយ​ប្រកៀក​ប្រកិត​ដោយ​កីឡាករ Jorge Lorenzo មក​ពី​ក្រុម​Movistar Yamaha GP ជិះ​ម៉ូតូ​ម៉ាក YAMAHA ដូច​គ្នា ពាក់​ស្លាក​លេខ​៩៩ ជា​ជនជាតិ​អេ​ស្ប៉ា​ញ ទទួល​បាន​ជ័យ​លា​ភី​លេខ​២ ធ្វើ​បាន​៣០៥​ពិន្ទុ ។ រីឯ​លេខ​៣ បាន​ទៅ​លើ​កីឡាករ Marc Marquez ជនជាតិ​អេ​ស្ប៉ា​ញ​ដូច​គ្នា មក​ពី​ក្រុម Repsol Honda ជិះ​ម៉ូតូ​ម៉ាក Honda ធ្វើ​បាន​២២២​ពិន្ទុ ។

ដោយឡែក ក្រុម Motor2 លេខ​១​បាន​ទៅ​លើ​កីឡាករ​ជនជាតិ​បារាំង​លោក Johann Zarco ជិះ​ម៉ូតូ​ម៉ាក Kalex ពាក់​ស្លាក​លេខ​៥ ធ្វើ​បាន​៣៤៣​ពិន្ទុ មក​ពី​ក្រុម Ajo Motorsport តាម​ពីក្រោយ​ដោយ​កីឡាករ Alex Rins ជនជាតិ​អេ​ស្ប៉ា​ញ ជិះ​ម៉ូតូ​ម៉ាក Kalex ដូច​គ្នា ពាក់​ស្លាក​លេខ​៤០ ទទួល​បាន​លេខ​២ ដោយ​ធ្វើ​បាន​២១៤​ពិន្ទុ និង​លេខ​៣​បាន​ទៅ​លោក Tito Rabat មិត្ត​រួម​សញ្ជាតិ​របស់​លោក Alex Rins ជិះ​ម៉ូតូ​ម៉ាក Kalex ដូច​គ្នា ធ្វើ​បាន​ចំនួន​២០៦​ពិន្ទុ ។

ចំណែក​ក្រុម Motor3 វិញ លេខ​១​បាន​ទៅ​កីឡាករ Danny Kent ជនជាតិ​អង់គ្លេស ជិះ​ម៉ូតូ​ម៉ាក Honda ពាក់​ស្លាក​លេខ​៥៣ ធ្វើ​បាន​២៥៣​ពិន្ទុ តាម​ពីក្រោយ​ដោយ​កីឡាករ Miguel Oliveria មក​ពី​ប្រទេស​ព័រ​ទុ​យ​ហ្គា​ល ជិះ​ម៉ូតូ​ម៉ាក KTM ពាក់​ស្លាក​លេខ​៤៤ ធ្វើ​បាន​២២៩​ពិន្ទុ ។ រីឯ​លេខ​៣ បាន​ទៅ​កីឡាករ Enea Bastianini មក​ពី​ប្រទេស​អីុតា​លី ជិះ​ម៉ូតូ​ម៉ាក Honda ពាក់​ស្លាក​លេខ​៣៣ ធ្វើ​បាន​១៩៦​ពិន្ទុ ។

ចំពោះ​ក្រុម MotorGP មាន​កីឡាករ​ចូលរួម​ប្រណាំង​ចំនួន​២៨​រូប និង​ក្រុម Motor2​មាន​ចំនួន​២៨​រូប​ដូច​គ្នា ។ រីឯ​ក្រុម Motor3 មាន​ចំនួន​៣២​រូប ដោយ​ពួក​គេ​មាន​អាយុ​ចាប់ពី​១៦​ឆ្នាំ​ឡើង​ទៅ​សម្រាប់​ក្រុម Motor2 និង​ក្រុម Motor3 ខុស​ពី​ក្រុម MotorGP ត្រូវ​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​ទៅ ។

ពហុ​កីឡដ្ឋាន Sepang International  Circuit នេះ​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​នៅ​ថ្ងៃ​ទី​៩ មីនា ឆ្នាំ​១៩៩៩ មាន​ចម្ងាយ​៨៥​គីឡូម៉ែត្រ​ពី​ទីក្រុង​គូ​ឡា​ឡាំ​ពួ ។ ដោយសារ​ពហុ​កីឡដ្ឋាន​នេះ​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​អាកាសយានដ្ឋាន​អន្ដរជាតិ វា​បាន​ក្លាយជា​ទីលាន​មួយ​សម្រាប់​រៀបចំ​ព្រឹត្តិការណ៍​ជា​លក្ខណៈ​អន្តរជាតិ ។ ដោយឡែក​ទីលានប្រណាំង​ម៉ូតូ​វិញ មាន​ប្រវែង​៥,៥​គីឡូម៉ែត្រ និង​មាន​១៥​កាច់ជ្រុង ។ ចាប់ពី​ម៉ោង​៨​និង​៤០​នាទី ដល់​ម៉ោង​១០​ព្រឹក កីឡាករ​ប្រណាំង​ម៉ូតូ​ទាំង​៣​ក្រុម​បាន​ចាប់ផ្ដើម​កម្ដៅ​សាច់ដុំ និង​បើក​ការ​ប្រណាំង​ជា​ផ្លូវការ​នៅ​ម៉ោង​១១​ថ្ងៃត្រង់​រហូត​ដល់​ម៉ោងជាង​៣​រសៀល​ទើប​ចប់​ការ​ប្រកួត ។ ក្នុង​ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ​អន្តរជាតិ​នេះ​ដែរ សំបុត្រ​ចូល​ទស្សនា​មាន​តម្លៃ​ចាប់ពី​២០០​ទៅ​១.០០០​រីង​ហ្គី​ត​ស្មើនឹង​ប្រមាណ​៤៧,២៥ ទៅ​២៣៦​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​កៅអីអង្គុយ​ធម្មតា ។ សំបុត្រ VIP មាន​តម្លៃ​៣.១៩០​រីង​ហ្គី​ត​ស្មើនឹង​៧៥៤​ដុល្លារ​ក្នុង​រយៈពេល​១​ថ្ងៃ និង​តម្លៃ​៣.៩០២​រីង​ហ្គី​ត​ស្មើនឹង​៩២២​ដុល្លារ​សម្រាប់​រយៈពេល​២​ថ្ងៃ ។ រីឯ​អ្នកចូលរួម​ទស្សនា​ក្នុង​ព្រឹត្តិការណ៍​នេះ មាន​ប្រមាណ​ជាង​២​ម៉ឺន​នាក់​ក្នុង​១​ថ្ងៃ ៕