បង្ក្រាប​មុខសញ្ញា​គ្រឿងញៀន​ម្នាក់ ដកហូត​ថ្នាំ​ញៀន​១៨​កញ្ចប់​តូចនៅ​សង្កាត់​ស្ទឹង​មាន​ជ័យ

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង១២ និង១៥​នាទី​​​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ ​តុលា ​​២០១៥ កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ បាន​ធ្វើការ​បង្ក្រាប​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ម្នាក់ នៅ​ចំណុច​ផ្លូវលំ ក្នុង​ក្រុម​២ ភូមិ​ដំណាក់​ធំ​១ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ខ​ណៈជនសង្ស័យ​កំពុង​ត្រៀម​ធ្វើ​សកម្មភាព​ចែកចាយ ។

ជនសង្ស័យ​មាន​ឈ្មោះ យ៉ាង វ​ណ្ណា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ រត់​រ៉ឺម៉ក​កង់​បី បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុងភូមិ​សង្កាត់​ឃាត់ខ្លួន ។

សមត្ថកិច្ច​អាវុធហត្ថឱ្យដឹង​ថា មុន​ឈាន​ដល់​ការ​បង្ក្រាប​មុខសញ្ញា​គ្រឿងញៀន​ខាងលើ​នេះ គឺ​កម្លាំង​កងរាជអាវុធហត្ថ​បាន​ជិះ​ម៉ូតូ​ល្បាត​ពួនស្ទាក់ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ធម្មតាដើម្បី​ទប់ស្កាត់ និង​បង្ការ​បទល្មើស​កុំឱ្យ​កើត​មាននៅ​ក្នុង​មូលដ្ឋាន ។

រហូត​ល្បាត​មក​ដល់​ចំណុច​កើតហេតុ សមត្ថកិច្ច​ក៏​បាន​ប្រទះ​ឃើញ​មុខសញ្ញា​ខាងលើឈរ​ក្បែរ​ម៉ូតូ​២​គ្រឿងអើត​លើ​ម​ៗតែ​ម្នាក់ឯងមើលទៅ​គួរ​ឱ្យ​សង្ស័យទើប​សមត្ថកិច្ច​ហៅ​ឱ្យ​ឈប់​រួច​ធ្វើការ​កែបម៉ូតូក៏​ប្រទះ​ឃើញ​ថ្នាំ​ញៀន​មួយចំនួន និង​សម្ភា​រ​ប្រើប្រាស់ទើប​សម្រេច​​ឃាត់ខ្លួន​យក​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​ភ្លាមដើម្បី​សាកសួរ​នាំ ។

ក្នុង​ចាប់ខ្លួន​មុខសញ្ញា​ខាងលើ សមត្ថកិច្ច​អាវុធហត្ថ​រក​ឃើញ​មាន​ថ្នាំ​ញៀន​ក្រាម​ស​ថ្លា​១៨​កញ្ចប់​តូច , ម៉ូតូ​ចំនួន​២​គ្រឿង ​១គ្រឿង​ម៉ាក today ពណ៌​ស ពាក់​ស្លាក​លេខ​កណ្តាល 1P-8788 និង​មួយ​គ្រឿង​ទៀត​ម៉ាក ណៃ​ហត ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1B-2878 , ឧបករណ៍​ប្រើប្រាស់​មួយ​ឈុត , ដែកកេះ​៥​ដើម , ថង់​សម្រាប់​ច្រកថ្នាំ​ញៀន​មួយ​ចំនួន និង​សម្ភា​រ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​ផង​ដែរ ។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​ប​ញ្ចូ​ន​ទៅ​កាន់ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀននៃទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញដើម្បី​ធ្វើការ​សាកសួរ​នាំ​បន្ថែម និង​ត្រៀម​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​តុលាការចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ៕ ​