ករណី​អាជ្ញាធរ​មូលដ្ឋាន​ខេត្តស្វាយរៀង រារាំង​មិន​ឲ្យ​ប្រជាពលរដ្ឋ​សង់ផ្ទះ​នៅជាប់​ព្រំដែន​កំពុង​ប្រឈម​នឹង​ការរិះគន់

ក្រុមមន្ត្រី​សង្គម​ស៊ីវិល​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តស្វាយរៀង បានធ្វើ​ការរិះគន់​យ៉ាងខ្លាំង​ទៅលើ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​ត្នោត​និង​សមត្ថកិច្ច​ក្នុង​ឃុំ​នេះ ដែល​រារាំង​មិន​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​២​គ្រួសារ​សាងសង់​ផ្ទះ​លើដី​កេរ​ដូនតា​នៅតាម​បន្ទាត់​ព្រំដែន​។ មជ្ឈដ្ឋាន​ខ្លះ​បាន​រិះគន់ថា អាជ្ញាធរ​ឃុំ​ត្នោត ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង ហាក់ដូច​ជាមាន​ចេតនា​ការពារ​អំពើ​ឈ្លានពាន​របស់​យួន ទើប​រារាំង​មិន​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​សង់ផ្ទះ​លើដី​ខ្មែរ​តាម​ព្រំដែន​។ ដូច្នេះ​លោក ជៀង អំ អភិបាលខេត្ត​ស្វាយរៀង ត្រូវ​ពិនិត្យមើល​បញ្ហា​នេះ​ជាបន្ទាន់​បំផុត​ព្រោះ​ការរារាំង​ប្រជាពលរដ្ឋ​មិន​ឲ្យ​សង់ផ្ទះ​លើដី​កេរ​ដូនតា គឺជា​ការបំពាន​លើ​សិទ្ធិ​រស់នៅ​របស់​ប្រជាពលរដ្ឋ​យ៉ាង​គឃ្លើន​។

កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ ប្រជាពលរដ្ឋ​២​គ្រួ​សារបាន​សាងសង់​ផ្ទះ​នៅ​ជិត​បន្ទាន់​ព្រំដែន ដែលមាន​ជម្លោះ​ជាមួយ​យួន​នៅ​ភូមិ​ធ្លក ឃុំ​ត្នោត ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង ហើយ​ត្រូវ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ធ្វើការ​រារាំង​យ៉ាង​ទទឹងទិស​។ ប្រជាពលរដ្ឋ​ក្រីក្រ​២​គ្រួសារ​នៅតែ​ជំនះ​សាងសង់​ផ្ទះ​នៅជាប់​បន្ទាន់​ព្រំដែន​ដដែល បើទោះបី​មានការ​រារាំង​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​យ៉ាងណាក៏ដោយ​។ ប្រជាពលរដ្ឋ​ទាំង​២​គ្រួសារ​បាន​ឲ្យ​ដឹងថា ពួកគាត់​រស់នៅ​លើដី​ទីទួល​នោះ​តាំងពី​ឆ្នាំ​១៩៨០​មកម្ល៉េះ ដូច្នេះ​អាជ្ញាធរ​មិនគួរ​មករា​រាំង​ពួកគាត់​មិន​ឲ្យ​សាងសង់​លំនៅដ្ឋាន​សមរម្យ​ក្រោម​ការជួយឧបត្ថម្ភ​រប​ស់​អង្គការ​ខ្ញុំ​ខ្មែរ​នោះទេ​។

​អ្នកតាមដាន​បញ្ហា​ព្រំដែន​ខ្មែរ​-​យួន​នៅ​តំបន់​ភូមិ​ធ្លក ឃុំ​ត្នោត ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង បាន​រិះគន់ថា​អាជ្ញាធរខេត្ត​ស្វាយរៀង មិនដែល​យកចិត្តទុកដាក់​ទប់ស្កាត់​អំពើ​ឈ្លានពាន​របស់​យួន​ទាល់តែសោះ​។ ជាក់ស្ដែង​គ្រាន់តែ​ប្រជាពលរដ្ឋ​ខ្មែរ​២​គ្រួសារ​រស់នៅ​លើ​ទួល​ជាប់​ព្រំដែន​ខ្មែរ​-​យួន សាងសង់​ផ្ទះ​ដើម្បី​ស្នាក់​នៅបាន​សមរម្យ​កាលពី​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៥ ក៏ត្រូវ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ធ្វើការ​រារាំង​យ៉ាង​ទទឹងទិស​ទៅវិញ​។ បញ្ហា​នេះ​ក្រសួងមហាផ្ទៃ​និង​ស្ថាប័ន​ពាក់ព័ន្ធ គួរ​ចាត់វិធានការ​ត្រួតពិនិត្យ​ផងដែរ ព្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​លើដី​នោះ​តាំងពី​ឆ្នាំ​១៩៨០ ដូច្នេះ​មិនគួរ​អាជ្ញាធរ​មូលដ្ឋាន​ទៅ​រារាំង​ពួកគាត់​មិន​ឲ្យ​សង់ផ្ទះ​បែបនេះ​ឡើយ​៕

11200811_1661104964122176_8835873200171145530_nលោក ជៀង អំ អភិបាលខេត្តស្វាយរៀង 57