មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​រង់ចាំ​មើល​ការវិវត្តន៍​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា ក្រោយពេល​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​ដកហូត​តំណែង​លោក កឹម សុខា​

នៅ​ព្រឹក​មិញ​នេះ តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​៦៨​នាក់ បាន​បោះឆ្នោត​ទម្លាក់​លោក កឹម សុខា ចេញពី​តំណែង​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា ដែល​បញ្ហា​នេះ​កំពុង​ត្រូវបាន​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​តាមដាន​ដោយ​យកចិត្តទុកដាក់​។ តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បោះឆ្នោត​ដោយ​សំឡេង​៦៨​លើ​៦៨ ក្នុង​កិច្ចប្រជុំ​កាលពី​ព្រឹក​មិញ​ដោយ​ពុំមាន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះឡើយ​។ ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​ព្រមទាំង​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​កំពុង​តាមដាន​បន្តទៀត ដើម្បី​ចង់ដឹង​ពី​ការវិវត្តន៍​នយោបាយ​ក្រោយពេល​មានការ​បោះឆ្នោត​ទម្លាក់​លោក កឹម សុខា ចេញពី​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​។

​ក្រុមអ្នកវិភាគ​នយោបាយ​មួយចំនួន​បានលើកឡើង​ថា រឿងរ៉ាវ​ដែល​កើតឡើង​កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត ជាពិសេស​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ តាមដាន​ហេតុការណ៍​នោះ​ដោយ​យកចិត្តទុកដាក់​។ ដោយហេតុថា​អ្នក​ដែល​បោះឆ្នោត​ទម្លាក់​លោក កឹម សុខា ចេញពី​តំណែង​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា គឺ​សុទ្ធតែជា​តំណាងរាស្ត្រ​គណបក្សកាន់អំណាច​ទាំង​៦៨​នាក់​តែម្ដង​។ ហេតុនេះហើយ​ទើប​ពលរដ្ឋ​ម្ចាស់ឆ្នោត ក៏ដូចជា​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​រង់ចាំ​មើល​ប្រតិកម្ម​ពី​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​ចង់ដឹង​ពី​ការវិវត្តន៍​នៃ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​នាពេល​ឆាប់ៗ​ខាងមុខ​៕

kemsokha-450 ST-123Hong-0852