តំណែង​ អនុប្រធានទី១ ទំនងជា ទំនេរ មួយរយៈ ?

ដោយ ៖ សយ សុភាព

ភ្នំពេញ ៖ ប៉ុន្មាននាទីមុននេះ លោក កឹម សុខា ត្រូវបានសមាជិករដ្ឋសភា មកពីគណបក្សប្រជាជនកម្ពុជា ទាំង ៦៨ បានបោះឆ្នោតបណ្តេញចេញពីអនុប្រធានទី១ នៃរដ្ឋសភា បន្ទាប់ពីគណៈអចិន្រ្តៃយ៍នៃរដ្ឋសភា បានបើកកិច្ចប្រជុំបន្ទាន់ ដាក់របៀបវារៈចូលទៅក្នុងសម័យប្រជុំពេញអង្គនៃរដ្ឋសភា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០១៥ នេះតែម្តង ។

ការបោះឆ្នោតបណ្តេញលោក កឹម សុខា ចេញពីអនុប្រធានទី១នៃរដ្ឋសភា បានធ្វើឡើងខណៈដែលលោក កឹម សុខា កំពុងតែនៅប្រទេសថៃ តាមមើលថែរក្សាអ្នកតំណាងរាស្រ្តពីររូបដែលរងរបួស ដោយក្រុមជនមួយក្តាប់តូចដែល អាជ្ញាធរមានសមត្ថកិច្ចអះអាងថា មិនស្គាល់អត្តសញ្ញាណវាយឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង ១២ និង១៥នាទី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ នៅខាងក្រៅរដ្ឋសភាបន្ទាប់ពីបញ្ចប់កិច្ចប្រជុំពេញអង្គរបស់រដ្ឋសភា ។

អ្នកវិភាគធ្លាប់បានអះអាងថា ប្រសិនបើមានការដកតំណែងលោក កឹម សុខា ពិតប្រាកដមែន នោះ តំណែងអនុ ប្រធានទី១ ដែលនឹងត្រូវជំនួសមកពីកូតារបស់លោក សម រង្ស៊ី ដែលតាមទំនងអាចលោកស្រី ជូឡុង សូមួរ៉ា និង លោកស្រី កែ សុវណ្ណរ័ត្ន ។ ឥឡូវនេះដំណាក់កាលទី១ បានឆ្លងផុតហើយ គឺការបោះឆ្នោតទម្លាក់លោក កឹម សុខា ចេញពីតំណែងអនុប្រធានទី១នៃរដ្ឋសភា ។ ដូច្នេះដំណាក់កាលទី២ តើបេក្ខភាពទាំងពីរខាងលើ អាចនឹងចេញរូប រាងការពិតដែលឬទេ ? ដោយសារតែសភាពការណ៍នយោបាយវិវត្តន៍លឿនពេក ការបោះឆ្នោតជ្រើសរើស តំណែងអនុប្រធានទី១ ដើម្បីជំនួសលោក កឹម សុខា ទំនងជាមិនទាន់ធ្វើឡើងភ្លាមៗទេ ដោយត្រូវពន្យារពេលមួយ រយៈដើម្បីកុំឲ្យគេមើល មកឃើញថា លោក សម រង្ស៊ី ហាក់មានបំណងខ្លាំងពេក ក្នុងការលេងល្បែងប៉ែងអនុ ប្រធានរបស់ខ្លួនចេញពីអំណាច ហើយយកក្រុមរបស់ខ្លួន មកដាក់ជំនួស ។

គោលការណ៍ផ្ទៃក្នុងគណបក្សសង្រ្គោះជាតិ បាននិយាយគ្នាច្បាស់ណាស់ថា ប្រសិនបើជាឈ្នះឆ្នោត តំណែងជា នាយករដ្ឋមន្រ្តីគឺលោក សម រង្ស៊ី រីឯតំណែងប្រធានរដ្ឋសភា គឺលោក កឹម សុខា តែដល់លទ្ធផលឆ្នោតកាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៣ មិនទទួលបានជោគជ័យ នោះតំណែងនៅក្នុងរដ្ឋសភាគឺត្រូវតែប្រគល់ទៅឲ្យកូតាលោក កឹម សុខា ។ ឥឡូវនេះលោក កឹម សុខា ត្រូវបានបញ្ចប់ហើយ ហើយតាមទំនងប្រសិនបើគណបក្សសង្រ្គោះជាតិ បន្តបញ្ជូនបេក្ខជនមកពីកូតា លោក កឹម សុខា ទៀតនោះ គណបក្សប្រជាជនកម្ពុជាច្បាស់ណាស់មិនបោះឆ្នោត គាំទ្រទេ ។ ដូច្នេះមានតែបញ្ជូនបេក្ខភាពមកពីកូតាលោក សម រង្ស៊ី ទើបគណបក្សប្រជាជនបោះឆ្នោតគាំទ្រ ។

ប្រសិនបើវាដូច្នេះមែន ច្បាស់ណាស់ធ្វើឲ្យអ្នកគាំទ្រគណបក្សសង្រ្គោះជាតិមើលមកឃើញថា លោក សម រង្ស៊ី មានផែនការកំចាត់លោក កឹម សុខា តាមរយៈនៃការខ្ចីដៃ សមាជិកសភាគណបក្សប្រជាជនរបស់សម្តេច ហ៊ុន សែន ព្រោះលោក សម រង្ស៊ី ហាក់បីដូចជាចាញ់ប្រៀបលោក កឹម សុខា នៅត្រង់ថា លោក កឹម សុខា មានត្រឹមតែ ៣កៅអី មកបូករួមជាមួយលោក សម រង្ស៊ី ២៦កៅអី បានទទួលលទ្ធផល ២២កៅអី ក្រោយបង្រួបបង្រួមទៅជា គណបក្សសង្រ្គោះជាតិ ។

អ្នកវិភាគបានវាយតម្លៃថា តំណែងអនុប្រធានរដ្ឋសភាទី១ អាចនឹងនៅទំនេរមួយរយៈ ដោយលោក សម រង្ស៊ី ត្រូវ ការស្ទាបស្ទង់មតិជាតិ អន្តរជាតិ ជាពិសេសផ្ទៃក្នុងគណបក្សសង្រ្គោះជាតិជាមុនសិន ។ ដោយឡែកគណបក្ស ប្រជាជនកម្ពុជានឹងគ្មានផែនការបញ្ជូនបេក្ខជនរបស់ខ្លួន ដើម្បីឲ្យសភាបោះឆ្នោតយកតំណែងអនុប្រធានទី១នៃ រដ្ឋសភានេះទេ ព្រោះដើម្បីកុំឲ្យខុសទៅនឹងខ្លឹមសារនៃកិច្ចព្រមព្រៀងបិទបញ្ចប់វិបត្តិនយោបាយថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ។

អ្នកវិភាគបន្តថា ប្រសិនបើ សម រង្ស៊ី មិនបញ្ជូនបេក្ខជនសម្រាប់ឈរឈ្មោះឲ្យសមាជិកសភា បោះឆ្នោតយក តំណែងអនុប្រធានទី១ នៃរដ្ឋសភានេះទេ កៅអីនេះអាចនឹងត្រូវទំនេររហូតដល់ចប់អាណត្តិ នេះបើលោក សម រង្ស៊ី គិតថា បើយកតំណែងនេះទៅ វាអាក្រក់មើលពេក ។

តំណែង​ អនុប្រធានទី១ ទំនងជា ទំនេរ មួយរយៈ ?