បេ ប៊ី ប្រឈម​ជាមួយនិង​ការរិះគន់​ពី​អ្នកគាំទ្រ​ ​

Sanofi

​មិន​ដូច​កាលពីមុន​ឡើយ​ពេលនេះ​អ្នកចម្រៀង​និង​សម្ដែង​ស្រី​វ័យក្មេង​កញ្ញា បេ ប៊ី កំពុងមាន ឈ្មោះ​បោះ​សម្លេង​ក្នុង​អាជីព​សិល្បៈ​របស់​នាង​តែ​បែរជា​ត្រូវ គ្របដណ្ដប់​នូវ​ការ រិះគន់​ជាច្រើន​ពី​សំណាក់​ទស្សនិកជន​ខណៈ​ដែល​នាង​ចូលចិត្ត​លេង​ចរិត​បែប​ស្រី​ស្អាត​និង​បន្ត​ប្រកាន់​ចរិត​ឆ្មើងឆ្មៃ​ដាក់​អ្នកសិល្បៈ ធ្លាប់​ស្គាល់គ្នា​ជាពិសេស​មហាជន ដែល​ធ្លាប់​គាំទ្រ​តាំងពី​ដើមដំបូង​មក​។​​គេ​រិះគន់ថា​ចាប់តាំងពី​នាង មានឈ្មោះ​ល្បី​បន្តិច​មក​សង្កេតឃើញថា នាង​ហាក់​ផ្លាស់ប្ដូរ​ចរិត​លឿន​ណាស់ ពោល​តាមរយៈ​ការសម្ដែង​ឲ្យ​ឃើញ​ពី​កាយវិការ​ធ្វើ ឫកពារ​មិន​សម ដាក់​អ្នកគាំទ្រ​។

​ទន្ទឹមគ្នានេះ​មាន​អ្នកសិល្បៈ រួម​អាជីព​ខ្លះ​លើកឡើង​ដែរ​ថា បេ​ប៊ី​ហាក់​មាន​ភាពខុសប្លែក​ពីមុន​ទាំង​អត្តចរិត​អាកប្បកិរិយា​ពាក្យសម្ដី និង​ឫកពា ពោល គឺ​ចាប់​តាំងតែ​ពី​នាង​ឡើង​កូដ​ជាមួយ​នឹងមាន​ភាព​ហ៊ឺហា​ខ្ពស់​កាលី​ប​បន្តិច​មក​នោះ​គឺ​បានប្រែក្លាយ​ឥរិយាបថ​ខុស​មុន​។ ក្នុងនោះ​ពេលខ្លះ នាង​ក៏បាន​ប្រើពាក្យ​សម្តី​មិនសូវ​សមរម្យ វាយប្រហារ​មើលងាយ​មកលើ​អ្នកសិល្បៈ​ដូចគ្នា​ដែលជា​ការផ្ទុយ​ស្រឡះ ជាមួយ និង កាលពី​ចូល ប្រឡូក​សិល្បៈ​ដំបូង គឺ​នាង​មាន​ចរិត​ឫកពារ​ទន់ភ្លន់​គួរ​ឲ្យ​ចង់​រាប់អាន​ខ្លាំងណាស់ ហើយ​រាល់​ការនិយាយស្តី គឺ​នាង​ចេះ​គោរព​ចាស់ទុំ​រៀមច្បង​សិល្បៈ​ថែមទាំង​បង្ហាញ​ពី​ភាព​ញញឹម​ជានិច្ច ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​ជាច្រើន​ស្រឡាញ់ និង​គាំទ្រ​។​ប៉ុន្តែ​ឥឡូវនេះ​នាង​បែរជា​ធ្វើ​ឲ្យ​អ្នក​ទាំងនោះ មានការ​ខកបំណង​ទៅវិញ​។​

រយៈពេល​ជិត​១​ឆ្នាំ​ចុង​ក្រោយនេះ​កញ្ញា បេ​ប៊ី ស្ទើរ​គ្មាន​ពេល​សម្រាក​ដោយ នាង​ទទួលបាន​ការងារ​គ្រប់​ច្រក ទាំង​សម្តែង​ភាពយន្ត ថត​ខារ៉ាអូខេ ថត​ស្ប៉ត បង្ហាញ​ម៉ូដ ច្រៀង​តាម​ស្ថានីយទូរទស្សន៍ កម្មវិធី​ជប់លៀង កម្មវិធី​ប្រគំ​តន្ត្រី តាម​បណ្តា​ខេត្ត ធ្វើជា​ពិធី​ការិនី​ជាដើម គឺ​ទទួលបាន​តម្លៃ​ខ្លួន​២​ត្រួត បើ​ចុះ​តាម​ខេត្ត​វិញ បានទទួល​ខ្ទង់​១​ពាន់​ដុល្លារ​ឯណោះ​។​

បេ​ប៊ី​បាន​ឲ្យ​ដឹងថា​៖​នាង​មាន​បទ​ចម្រៀង​ផ្ទាល់ខ្លួន​ដែល​នាង​បាន​ជួល​ក្រុម​អ្នកនិពន្ធ​ធ្វើ​បទ​ឲ្យ​នាង ដោយ​ពុំបាន​ចូល​ជ្រក​នៅ​ផលិតកម្ម​ណាមួយ​ទេ ថែមទាំង​មាន​ក្រុម​រាំ និង​ក្បាច់​រាំ​ទៀតផង​។​នាង​បញ្ជាក់ ថា​៖ “​ខ្ញុំ​អាច​ច្រៀង​បាន តែ​មិនអាច​ចូល​ផលិតកម្ម​ណាមួយ​ទេ ព្រោះ​ខ្ញុំ​ខ្លាច​បាត់​ឱកាស​ការងារ​ច្រើន​ទៀត​។ ព្រោះ​មាន​ហេតុថា បើ​ខ្ញុំ​ជា​តារាចម្រៀង​ក្នុង​ផលិតកម្ម ខ្ញុំ​មិនអាច​ទៅធ្វើជា​ពិធី​ការិនី ឬ​ដើរទៅ​បង្ហាញ​ម៉ូដ​ឡើយ​ហើយ​ករណី​មិន​ទទួលបាន​កេរ្តិ៍ឈ្មោះ​ក្នុង​អាជីព​ចម្រៀង​ការងារ​សិល្បៈ​ច្បាស់ ជា​បរាជ័យ​វិញ​ហើយ​” ។​

​បេ​ប៊ី ក៏បាន​អះអាងថា អ្វីដែល​នាង​បានទទួល គឺ​ពឹង​ផ្អែកលើ​សមត្ថភាព និង​ទេពកោសល្យ​សិល្បៈ​ទាំងស្រុង​។ នាង​នឹង​ខំប្រឹង​ពង្រឹងសមត្ថភាព​បន្ថែម​ដោយ មិន​យក​សិល្បៈ​ធ្វើជា​ឈ្នាន់​ដើម្បី​ទាញយក​លាភសក្ការៈ​ពី​បុរស​សំបូរ​ទ្រព្យ​ជា​ថ្នូរ​នឹង​ស្នេហា​នោះទេ​។​ ​បេ​ប៊ី បាន​បដិសេធ​ចំពោះ​ព័ត៌មាន​ដែល​លេច​ឮថា នាង​មាន​ស្នេហា​ជាមួយ​ឧកញ៉ា និង​ពោះម៉ាយ​មានទ្រព្យ​នោះ ថា​គឺ គ្រាន់តែ​ជា​ពាក្យ​ចចាមអារ៉ាម​ប៉ុណ្ណោះ​ការពិត នាង​ពុំទាន់​មាន​គូស្នេហ៍​ទេ​ពេលនេះ​ហើយក៏​ពុំទាន់​គិតគូរ​ដែរ​ព្រោះ​ចង់​នៅ​កើប​លុយ​ពី​សិល្បៈ​សិន​។

​បេ​ប៊ី​មានឈ្មោះ​ពិត​គឺ ជុំ រចនា​ពេជ្រ អាយុ​១៩​ឆ្នាំ​បាន​ចូលប្រឡូក​សិល្បៈ​ដំបូង​នៅ​ឆ្នាំ​២០១២ ជា​អ្នកចម្រៀង​,​ថត​សម្តែង​រឿង​,​ថត​ស្ប៉ត​,​ដើរ​ម៉ូត Top Model ។​នាង​ធ្លាប់​ច្រៀង​តាម​បណ្តា ស្ថានីយ ទូរទស្សន៍​,​ធ្លាប់​ថត​ស្ប៉​តខេ​ស៊ី​ម៉េ​ន​និង​ស្រា​ស៊ុប​ពើរ​វី​ស្គី​។ ក្នុងការ​សម្តែង​រឿង​ដំបូង​នាង​ជា តួរង​ក្នុង​រឿង​«​ព្រហ្ម​លិខិត​»​រឿង​«​ម៉ឺ​នុយ​ធ្នាក់​អន្ទាក់ស្នេហ៍​»​និង​រឿង​«​ពូជ​ខ្ញុំ​អញ្ចឹង​»​ជា​តួឯក​…​។​​កាលពី​ឆ្នាំ​២០១៤​នាង​បាន​ប្តូរ​ពី​ការ​ជិះ​រថយន្ត​កូរ៉ូឡា​ថ្លៃ​ជាង​៣​ពាន់​ដុល្លារ​មក​ជិះ​រថយន្ត​ថ្មី​ទំនើប​ព្រោះ​ម្តាយ​នាង​បាន​កាដូ​រថយន្ត​ហាយ​ឡេ​ន​ដឺ​ថ្មី​តម្លៃ​ជិត​២​ម៉ឺន​ដុល្លារ​ឲ្យ​ទៅ​នាង ៕ ដេវីត​

​ 

Related