ប្រមុខ​ការទូត​កម្ពុជា លោក ហោ​ណាំហុង ជួប​ទូត​ទាំងអស់​ប្រចាំ​កម្ពុជា បន្ទាប់ពី​ស្ថានការណ៍​នយោបាយ​ឡើង​កំដៅ

ភ្នំពេញ: ​បើ​គ្មានអ្វី​ប្រែប្រួល​ទេ លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស នឹង​ជួបប្រជុំ​ជាមួយ​ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត​ទាំងអស់ ប្រចាំ​កម្ពុជា នៅ​ម៉ោង ៣ រសៀល ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៥ នៅ​ទីស្តីការ​ក្រសួងការបរទេស ក្នុង​រាជធានី​ភ្នំពេញ​។ កិច្ចប្រជុំ​នោះ នឹង​ផ្តោត​សំខាន់​លើ​នយោបាយ​នៅ​កម្ពុជា ហាក់ដូចជា​ឡើង​កំដៅ នាពេលនេះ​។​

​សេចក្តីប្រកាស​អញ្ជើញ​អ្នកកាសែត​ទៅយក​ព័ត៌មាន​ក្នុង​កិច្ចប្រជុំ​នោះ ត្រូវបាន​មន្ត្រី​ក្រសួង​ព័ត៌មាន ប្រកាសឡើង នា​ព្រឹក​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៥​។​

​កិច្ចប្រជុំ​រវាង​ប្រមុខ​ការទូត​កម្ពុជា និង​តំណាង​ប្រទេស​ជា​មិត្ត​របស់​កម្ពុជា នៅ​រសៀល​ថ្ងៃទី​៣០ ខែតុលា​នេះ នឹងធ្វើ​ឡើង បន្ទាប់ពី​ព្រឹត្តិការណ៍​បង្ក​ហិង្សា​លើ​តំណាងរាស្ត្រ​ពីររូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ព្រឹក​ថ្ងៃទី​២៦​តុលា ហើយ​នៅ​ព្រឹក​ថ្ងៃទី​៣០​តុលា​នេះ​ទៀត រដ្ឋសភា បានសម្រេច​បោះឆ្នោត​ជា​ឯកច្ឆ័ន្ទ ដោយ​សំឡេង ៦៨ លើ ៦៨ សំឡេង ដក​លោក​កឹម​សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ចេញពី​តំណែង​អនុប្រធាន​ទី​១​រដ្ឋសភា​៕​