យក​ឡាន​ដឹក​ដី​បិទផ្លូវ​មុខ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​៤​ទាមទារ​ឲ្យ​ដោះលែង​រថយន្ត​៣​គ្រឿង

ខេត្ត​ព្រះសីហនុ​៖​ក្រុម​តៃកុង​រថយន្ត​ដឹក​ដី​ប្រមាណ​៣០​នាក់​បាននាំគ្នា​យក​រថ​យន្ត​ដឹក​ដី​ជាច្រើន​គ្រឿង​បិទផ្លូវ សាធារណៈ​ខាងមុខ​ប៉ុស្ដិ៍​រដ្ឋបាល​ប៉ូលិស​សង្កាត់​លេខ​៤ ដើម្បី​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​រថយន្ត​ដឹក​ដី​៣​គ្រឿង​ដែល​មន្ត្រី​បរិស្ថាន និង​ប៉ូលិស​ប៉ុស្ដិ៍​រដ្ឋបាល​សង្កា​ត់​លេខ​៤​ចាប់​ឃាត់ទុក​ផាកពិន័យ​ក្នុង​រថយន្ត​មួយគ្រឿង​១​លាន​រៀល ក្រោម​បទ​ធ្វើ​អាជីវកម្ម​គ្មាន​ការទទួលខុសត្រូវ​។ ការតវ៉ា​នេះ​ធ្វើឡើង​នៅវេលា​ព្រលប់​ថ្ងៃទី​២៩ ខែតុលា​ឆ្នាំ​២០១៥​។​

​    ​ពាក់ព័ន្ធ​ការតវ៉ា​នេះ​ក្រុម​តៃកុង​រថយន្ត​បាន​និយាយ​ឲ្យ​ដឹងថា រថយន្ត​ដឹក​ដី​ចំនួន​៣​គ្រឿង ដែល​មន្ត្រី​បរិស្ថាន និង​ប៉ូលិស​ចាប់​ឃាត់ទុក តាំងពី​ម៉ោង​១០​ព្រឹក ហើយ​នាំយកមក​ទុក​ក្នុង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​៤​នេះ ដូចជា​សមល្មម​ធ្វើការ​ដោះលែង​វិញ​ហើយ ដើម្បី​ឲ្យ​ពួកគេ​យកទៅ​រកស៊ី​ធម្មតា​វិញ​។ ប៉ុន្តែ​សម្រាប់​ការផាកពិន័យ​ក្នុង​រថយន្ត​មួយគ្រឿង​តម្លៃ​១​លាន​រៀល ដោយសារតែ​រឿង​បន្តិចបន្តួច​(​ដឹក​ដី​មិន​គ្រប​តង់​) ពួកគេ​គ្មាន​លុយ​បង់​នោះទេ ដូចនេះ​ពួកគេ​ត្រូវតែ​នាំគ្នា​ធ្វើការ​តវ៉ា បែបនេះហើយ គឺ​ធ្វើ​ការតវ៉ា​យប់​នេះ​មិនបាន​សម្រេច ពួកគេ​នឹង​បន្តទៅ​ថ្ងៃស្អែក​ទៀត​។ 

​    ​យ៉ាងណាក៏ដោយ លោក​អី សុខ​ឡេង អភិបាល​នៃ​គណៈ​អភិបាលក្រុង​ព្រះសីហនុ បាន​មានប្រសាសន៍ថា​រថយន្ត​ដឹក​ដី​ទាំង​៣​ខាងលើនេះ លោក​ជា​អ្នកបញ្ជា​ឲ្យ​ចាប់ ពីព្រោះ​ដឹក​ដី​ជ្រុះ​លើផ្លូវ និង​ដឹក​ដី​គ្មាន​ច្បាប់​។ បញ្ហា​នេះ​លោក​បាន​ពិភាក្សា ជាមួយ​ប្រធាន​មន្ទីរ​បរិស្ថាន​ដាច់ខាត ត្រូវអនុវត្ត​ច្បាប់បរិស្ថាន ហើយ​ថ្ងៃ ស្អែក លោក​នឹង​ទាក់ទង​ទៅ​មន្ទីរ​សាធារណការ ឲ្យ​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​នៃ​ឡាន នេះ បន្ថែម ទៀត​។ ចំពោះ​ករណី​បិទផ្លូវ​សាធារណៈ ល្ងាច​មិញ លោក​អភិបាល បានធ្វើការ​បញ្ជាក់ថា អាជ្ញាធរ​អាច​បង្ក​សំណុំរឿង​បញ្ជូនទៅ​តុលាការ ចាត់ការ តាមច្បាប់​បាន ព្រមទាំង​បានធ្វើ​ការព្រមាន​ត្រង់ៗ​ថា ចាប់ពី​ថ្ងៃនេះ​តទៅ ត្រូវតែ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ពេញលេញ មិនអាច​ឲ្យ​អ្នក ល្មើសច្បាប់ ធ្វើ​ព្យុះភ្លៀង​តាមចិត្ត​បានទេ​។ 

​    ​លោក មុត សុធា​រិ​ទ្ធ ប្រធាន​មន្ទីរ​បរិស្ថាន​បញ្ជាក់បន្ថែម​ទៀតថា ជុំវិញ​ការផាកពិន័យ​បែបនេះ​មិនមែន​មន្ត្រី​បរិស្ថាន​ចេះតែ​ធ្វើតាម ការនឹកឃើញ​នោះទេ តែ​នេះ​ជាការ​អនុវត្ត​ច្បាប់ ហើយ​ច្បាប់​នេះ​មុន នឹងធ្វើ​ការអនុវត្ត គឺ​បានធ្វើការ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ ផងដែរ​។ ប៉ុន្តែ​សម្រាប់​ក្រុម​រថយន្ត​ដឹក​ដី​ចំនួន​៣​គ្រឿង ខាងលើ​ដឹង​ហើយ​ឮ​ហើយ តែ​ពួកគេ​នៅតែ​ផ្គើន​មិន​ព្រម​អនុវត្តន៍​តាម​ទើបត្រូវ​សមត្ថកិច្ច​ធ្វើការ ចាប់​យកមក​ធ្វើការ​ផាកពិន័យ​ដូចនេះ​។ តែ​គួរ​ឲ្យ​សោកស្ដាយ​ពួកគាត់​ល្មើសច្បាប់​មិន​ព្រមធ្វើ​ការសម្របសម្រួល ផាកពិន័យ​ទេ បែរជា​នាំគ្នា​មក​ធ្វើការ​តវ៉ា​បង្ក​ភាពស្មុគស្មាញ​បែបនេះ ទៅវិញ​៕

យក​ឡាន​ដឹក​ដី​បិទផ្លូវ​មុខ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​៤​ទាមទារ​ឲ្យ​ដោះលែង​រថយន្ត​៣​គ្រឿង
យក​ឡាន​ដឹក​ដី​បិទផ្លូវ​មុខ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​៤​ទាមទារ​ឲ្យ​ដោះលែង​រថយន្ត​៣​គ្រឿង
យក​ឡាន​ដឹក​ដី​បិទផ្លូវ​មុខ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​៤​ទាមទារ​ឲ្យ​ដោះលែង​រថយន្ត​៣​គ្រឿង