Ramires បន្ត​កុងត្រា​ថ្មី​ជាមួយ Chelsea ៤​ឆ្នាំ​ទៀត

Ramires បន្ត​កុងត្រា​ថ្មី​ជាមួយ Chelsea ៤​ឆ្នាំ​ទៀត

ខ្សែបម្រើ Ramires បាន​យល់​ព្រម​បន្ត​កុង​ត្រា​ថ្មី​ជាមួយ Chelsea ចំនួន​៤​ឆ្នាំ​ទៀត ដែល​ធ្វើ​ឲ្យ​កីឡាករ​វ័យ​២៨ឆ្នាំ​រូប​នេះ នឹងបន្ត​​នៅ​ក្លិប​ដែល​មាន​មូលដ្ឋាន​នៅ​ភាគ​ខាង​លិច​ទីក្រុង​ឡុងដុង​នេះ​ រហូត​ដល់​ឆ្នាំ ២០១៩។

 

Ramires បន្ត​កុងត្រា​ថ្មី​ជាមួយ Chelsea ៤​ឆ្នាំ​ទៀត

 

Ramires បាន​ឲ្យ​ដឹង​តាម​រយៈ​គេហទំព័រ​ក្លិបលើ​ការ​បន្ត​កុងត្រា​ថ្មី​របស់​ខ្លួន​ថា៖ “ខ្ញុំ​ និង​គ្រួសារ​ពិតជា​រីករាយនឹង​ជីវិត​ក្នុង​ទីក្រុង​ឡុងដុង ៥​ឆ្នាំ​កន្លងមក ហើយ​ការ​លេង​ឲ្យ Chelsea ខ្ញុំ​ក៏​បាន​ឈ្នះ​ពាន​សំខាន់ៗ​ជា​ច្រើន។ ខ្ញុំ​សង្ឃឹម​ថា​នឹង​អាច​រួម​ចំណែក ​នាំ​ភាព​ជោគជ័យ​ដល់​ក្លិប​នៅ៤ ឆ្នាំ​ខាង​មុខ​ទៀត”។

 

កីឡាករ​សញ្ជាតិ​ប្រេស៊ីល ត្រូវ​បាន​ប្រើ​ឲ្យ​លេង​ភាគច្រើន​ជា​កីឡាករ​បម្រុង​នៅ​រដូវ​កាល​នេះ តែ​យ៉ាង​ណា​ក៏​ដោយ Ramires គឺ​ជា​កីឡាករ​សំណព្វ​ម្នាក់​របស់​លោក Mourinho ដោយ​សារ​តែ​ការ​មាន​អត្តចរិត​ល្អ និង​ការ​ខិត​ខំ​លេង​របស់​គេ។

 

Ramires បន្ត​កុងត្រា​ថ្មី​ជាមួយ Chelsea ៤​ឆ្នាំ​ទៀត
 

ជា​ទូទៅកីឡាករ Ramires មិន​មែន​ជា​តួអង្គ​រក​គ្រាប់​បាល់​ឬ​ក៏​ជា​អ្នក​នាំ​លេង​នៅ Chelsea នោះ​ទេ តែ​គេ​គឺ​ជា​អ្នក​ជំនាញឈូស​យក​បាល់ ( tackler) និង​ពូកែ​ដណ្ដើម​បាល់ ដែល​វាបាន​កាត់​បន្ថយ​សម្ពាធមក​លើ​មិត្ត​រួម​ក្រុម។ ការ​ផ្ដោត​​លើ​ការ​ការពារ​ភាគ​ច្រើន របស់ Ramires ធ្វើ​ឲ្យ​ខ្សែ​បម្រើ​ផ្សេង​ទៀត​ដូចជា Oscar និងEden Hazard អាច​មាន​ឱកាសគាំទ្រ​តំបន់​ប្រយុទ្ធ។

 

Ramires បាន​ចូល​មក​លេង​ឲ្យ​តោ​ខៀវ​កាល​ពី​ឆ្នាំ​២០១០ ក្រោយ​ផ្លាស់​ចេញ​ពី​ក្លិប​ព័រទុយហ្គាល់ Benfica ក្នុង​តម្លៃ​ខ្លួន​២២លាន​អឺរ៉ូ (ជាង​២៤លាន​ដុល្លារ)។ រយៈ​ពេល​៥ឆ្នាំនៅ Stamford Bridge កីឡាករ​កម្ពស់​១,៨០ម៉ែត្រ​រូប​នេះ ចូល​លេង​បាន​១៥៤ប្រកួត និង​ស៊ុត​បញ្ចូល​ទី​បាន​១៨គ្រាប់៕

 

ចុចអាន៖ Mourinho ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ បើ Chelsea ចាញ់ Liverpool សប្ដាហ៍​នេះ

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ bleacherreport