គយ​ចល័ត​ចាប់​រថយន្ត​កុងតឺន័រ​ដឹក​ទូរស័ព្ទ​គេចពន្ធ​ជាង​4000​គ្រឿង

គយ​ចល័ត​ចាប់​រថយន្ត​កុងតឺន័រ​ដឹក​ទូរស័ព្ទ​គេចពន្ធ​ជាង​4000​គ្រឿង

រាជធានី​ភ្នំពេញ ៖ គយ​ចល័ត​នៃ​នាយកដ្ឋាន​បង្ការ និង​បង្ក្រាប​បទល្មើស​នៃ​អំពើ​គេចពន្ធ សហការ​ជាមួយ​កងរាជ អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចុះ​បង្ក្រាប​ទូរស័ព្ទ​ស៊េរី​ទំនើប​គេចពន្ធ​១​កុងតឺន័រ នៅ​ហាង​លក់​ទូរស័ព្ទ​ដៃ នី​កា មាន​អាសយដ្ឋាន​ផ្ទះ​លេខ៤៥០CEo និង​ហាង​ឈ្មោះ New Phone ស្ថិត​នៅ​តាម​ផ្លូវ​លេខ​៣១០ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​២៨ តុលា ។

ប្រភព​ពី​មន្ត្រី​គយ​ចល័ត​បានឱ្យ​ដឹង​ថា ដោយមានការ​ស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់ ទើប​នៅ​ល្ងាច​ថ្ងៃនេះ​ក្រុម​មន្ត្រី​គយ​ចល័ត បាន​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង និង​មានការ​សម្រប សម្រួល​ពី​សំណាក់​ព្រះរាជអាជ្ញា​រង​រាជធានី​ភ្នំពេញ មាស ច័ន្ទ​ពិសិដ្ឋ បាន​ចុះ​មក​បង្ក្រាប​ករណី​ទូរស័ព្ទ​ស៊េរី​ទំនើប​គេចពន្ធ​នៅ​ហាង​លក់​ទូរស័ព្ទ​ដៃ​ធំ​បំផុត​មួយ ។

មន្ត្រី​គយ​និយាយ​ថា ការ​ត្រួតពិនិត្យ​នៅ​ហាង​ទាំង​២​រក​ឃើញ​ទូរស័ព្ទ​ដៃ​ជាង​៤០០០​គ្រឿង​អត់​បង់ពន្ធ​ជូន​រដ្ឋ ត្រូវ​បាន​ចាប់​ឃាត់​ទុក​ដើម្បី​ធ្វើការ​ពិន័យ​ទៅ​តាម​ផ្លូវច្បាប់ ។ ទំនិញ​ទូរស័ព្ទ​ដែល​មិន​បាន​បង់ពន្ធ​ជាង​៤០០០​គ្រឿង​នេះ មាន​ប្រភេទ​របស់​ចិន​ស៊េរី​ទំនើប ចំនួន​ជាង​២០០០​គ្រឿង និង​ជាង​២០០០​គ្រឿង​ទៀត​ជា​ប្រភេទ iPhone, Samsung, iPad... សុទ្ធតែ​ស៊េរី​ថ្មី​ទាំងអស់ ។

មន្ត្រី​គយ​ចល័ត​បាន​បន្ត​ទៀត​ថា ទូរស័ព្ទ​ជាង​៤០០០​គ្រឿង​ដែល​បង្ក្រាប​បាន​នេះ គឺ​មាន​តម្លៃ​ត្រូវ​បង់ពន្ធ​រហូត​ដល់​៥០​ម៉ឺន​ដុល្លារ​។ លោក​បាន​បញ្ជាក់​គួរ​ឱ្យ​ជឿ​ទុកចិត្ត​ទៀត​ថា កម្លាំង​គយ​ចល័ត​នៃ​នាយកដ្ឋាន​បង្ការ និង​បង្ក្រាប​បទល្មើស​នៃ​អំពើ​គេចពន្ធ នឹង​បន្ត​ចុះ​បើក​ប្រតិបត្តិការ​ត្រួតពិនិត្យ​រាល់​ទំនិញ​ទាំង​ទ្បា​យ​ណា​ដែល​គេចពន្ធ ឱ្យ​ដូច​ភ្លៀងរលឹម និង​ជា​ប្រចាំ​តែ​ម្តង ។

ក្នុង​ឱកាស​ចុះ​បង្ក្រាប​នេះ មាន​មជ្ឈដ្ឋាន​ខ្លះ​បាន​បញ្ចេញមតិ​ថា ហេតុ​អ្វី​បានជា​ទូរស័ព្ទ​ជាង​៤០០០​គ្រឿង នាំ​ចូល​មក​ដោយ​មិន​បង់ពន្ធ ? ហេតុ​អ្វី​បានជា​គេ​អាច​យក​ចូល​មក​ដល់​រាជធានី​ភ្នំពេញ​មួយ​រថយន្ត​កុងតឺន័រ​បាន ដោយ​ស្រួល​បែប​នេះ ? ឬ​ក៏​ការ​នាំ​ចូល​នេះ​មាន​អ្វី​នៅ​ពីក្រោយ​ខ្នង ? គួរ​ឱ្យ​ឆ្ងល់​ទៀត ដែល​នាំ​ចូល​មក​ដល់​កំពង់​ផែ ម៉េច​ក៏​គយ​កំពង់​ផែ​មើល​អត់​ឃើញ ហើយ​បែរជា​មក​ឃើញ​នៅ​ភ្នំពេញ​ដល់​គោលដៅ​ទៅ​វិញ ?

សង្ស័យ​គេ​ស៊ី​មួយ​តង់​នៅ​ក្បាល​ទី ហើយ​លួច​រាយការណ៍​មក​ចុង​ទី​ឱ្យ​ក្របួច​ក៏​មិន​ច្បាស់​ដែរ ព្រោះ​ជា​រឿង​រសើប​ណាស់ ៕