បទល្មើស​នេសាទ​ក្នុង​បឹង​ទន្លេសាប​នៃ​ស្រុក​មោង​ប្ញ​ស្សី សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ចាត់វិធានការ​បង្ក្រាប

អាជ្ញាធរខេត្ត​បាត់ដំបង និង​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តបាត់ដំបង មិន​យកចិត្តទុកដាក់​ទប់ស្កាត់​បទល្មើស​នេសាទ​ក្នុង​បឹង​ទន្លេសាប​ដែល​កំពុង​រាលដាល​នោះទេ ហើយ​ទុក​ឲ្យ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​កើតឡើង​កាន់តែច្រើន​ថែមទៀត​។ ជាក់ស្ដែង​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹង​ទន្លេសាប​នៃ​ស្រុក​មោង​ប្ញ​ស្សី បាន​ចោទប្រកាន់​មន្ត្រីរដ្ឋបាល​ជលផល​និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ថា ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ក្រុម​ជនល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​។ ប្រសិនបើ​មន្ត្រីរដ្ឋបាល​ជលផល​និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​មិន​ជាប់​ពាក់ព័ន្ធ​បញ្ហា​ផលប្រយោជន៍​ទេនោះ គឺ​ពួកគេ​ប្រាកដជា​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​នេសាទ​មិន​ឲ្យ​កើតឡើង​បានឡើយ​។

​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​ជ្រៃ ស្រុក​មោង​ប្ញ​ស្សី ជាប់​បឹង​ទន្លេសាប បាន​អំពាវនាវ​ឲ្យ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​នេសាទ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ជាបន្ទាន់​។ ប្រជាពលរដ្ឋ​បាន​អះអាងថា ទាំង​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តបាត់ដំបង និង​នាយ​សង្កាត់រដ្ឋបាល​ជល​ផល​ប្រចាំ​នៅ​ចំណុច​ពាម​ព្នង ស្រុក​មោង​ប្ញ​ស្សី មិន​យកចិត្តទុកដាក់​ទប់ស្កាត់​បទល្មើស​នេសាទ​ដែល​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​នោះទេ​។ ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ជនល្មើស​កំពុង​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​ដូចជា មោង​ក្រឡា​ញឹក​ដែលមាន​ប្រវែង​បណ្ដោយ​ពី​១៥០០​ម៉ែត្រ​ទៅ​៣០០០​ម៉ែត្រ នៅ​ចំណុច​ភូមិ​ដូន​ទ្រី បាក់​ស្ន និង​ភូមិ​ពាម​ព្នង ឃុំ​ជ្រៃ រយៈពេល​៣​ខែ​មកហើយ ពុំមាន​សមត្ថកិច្ច​ណា​ទប់ស្កាត់​ឡើយ​។

​ជុំវិញ​បញ្ហា​នេះ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ជ្រៃ ស្រុក​មោង​ប្ញ​ស្សី ខេត្តបាត់ដំបង បាន​រិះគន់​ចំៗ​ថា​លោក នឹម សោម នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​ប្រចាំ​ចំ​ណុង​ពាម​ព្នង គឺជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ក្រុម​ជនល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់ ដោយ​មិន​បង្ក្រាប​ឡើយ​។ ទន្ទឹមនឹង​នេះដែរ​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​នៅក្នុង​ខេត្តបាត់ដំបង បាន​លើកឡើងថា​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​ក្នុង​តំបន់​បឹង​ទន្លេសាប​នៃ​ខេត្តបាត់ដំបង កើតឡើង​ឥតឈប់ឈរ​ហើយ​សមត្ថ​កិច្ច​មិន​បង្ក្រាប​ប្រកបដោយ​ប្រសិទ្ធភាព​នោះទេ​។ ដូច្នេះ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​និង​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ត្រូវ​ពិនិត្យឡើងវិញ​ជាបន្ទាន់ ព្រោះ​បច្ចុប្បន្ន​បទល្មើស​នេសាទ​ក្នុង​តំបន់​បឹង​ទន្លេសាប​នៃ​ខេត្តបាត់ដំបង រាលដាល​កាន់តែខ្លាំង​ឡើងៗ​៕

ST-0331លោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល58