ប្រជាពលរដ្ឋ​ខេត្តកណ្ដាល ព្រួយបារម្ភ​ពី​សុវត្ថិភាព​និង​អសន្តិសុខ​សង្គម

​នៅក្នុង​ខេត្តកណ្ដាល ដែលមាន​លោក ម៉ៅ ភិ​រុណ ជា​អភិបាលខេត្ត និង​លោក អ៊ា​វ ចំរើន ជា​ស្នងការ​នគរបាល​ខេត្ត កំពុង​កើតមាន​បទល្មើស​ផ្សេងៗ​ដូចជា អំពើ​ប្លន់​ប្រដាប់អាវុធ បទល្មើស​គ្រឿងញៀន និង​ល្បែងស៊ីសង​ផងដែរ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​សុវត្ថិភាព​និង​អសន្តិសុខ​សង្គម​។ ជាក់ស្ដែង​ការ​ពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៥ មាន​ចោរប្លន់​ប្រដាប់អាវុធ​២​នាក់​ចូលធ្វើ​សកម្មភាព​ប្លន់​យក​ទ្រព្យសម្បត្តិ​នៅផ្ទះ​ប្រជាពលរដ្ឋ​ដែលជា​អ្នកលក់​ចាប់ហួយ ហើយ​យក​មាស​និង​លុយ​ជាច្រើន​ព្រមទាំង​ទូរស័ព្ទដៃ​៣​គ្រឿង​រួច​គេចខ្លួន​ដោយ​សុវត្ថិភាព​។

ហេតុការណ៍​ប្លន់​ប្រដាប់អាវុធ​នោះ​កើតឡើង​នៅ​ភូមិ​ជ្រែ​មួយរយ ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្តកណ្ដាល ជនរងគ្រោះ​ជា​ម្ចាស់ផ្ទះ​ត្រូវ​ចោរប្លន់​មានឈ្មោះ ឈន ចលនា អាយុ​៤៩​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ សារ៉េត អាយុ​៣៥​ឆ្នាំ​។ ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា ជនសង្ស័យ​មាន​គ្នា​២​នាក់​ស្លៀកពាក់​ស៊ីវិល មាន​អាវុធ​អាកា​៤៧​មួយ​ដើម និង​កាំបិត​ចុង​ស្រួច​១ បានធ្វើ​សកម្មភាព​ប្លន់​យកលុយ​ពី​ជនរងគ្រោះ​អស់​២,៥​លាន​រៀល ខ្សែ​កមាស​៥​ជី​១​ខ្សែ ចិញ្ចៀន​១​វង់ និង​ទូរស័ព្ទដៃ​៣​គ្រឿង​។ ក្រោយពេល​ប្លន់​រួច​ជនសង្ស័យ​ទាំង​២​នាក់​បានគេច​ខ្លួន​ដោយ​សុវត្ថិភាព ហើយ​រហូតដល់​ព្រឹក​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៥ ទើប​សមត្ថកិច្ច​ចម្រុះ​ចុះ​ធ្វើ​កំណត់ហេតុ​នៅផ្ទះ​ជនរងគ្រោះ ដោយ​រកឃើញ​វត្ថុតាង​កាំបិត​ចុង​ស្រួច​១ និង​កាបូប​របស់​ជនរងគ្រោះ​១​ផងដែរ​។

​អំពើ​ប្លន់​ប្រដាប់អាវុធ​នៅ​ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្តកណ្ដាល កំពុងតែ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុងស្រុក​នោះ មានការ​ភ័យខ្លាច​យ៉ាងខ្លាំង​ហើយ​អំពាវនាវ​ឲ្យ​លោក អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្ដាល យកចិត្តទុកដាក់​ថែមទៀត​ក្នង​ការពង្រឹង​សន្តិសុខ​សង្គម​។ ដោយឡែក​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​តាខ្មៅ ស្រុក​ស្អាង ស្រុក​កៀនស្វាយ និង​ស្រុក​កោះធំ ក៏មាន​សេចក្ដី​ព្រួយបារម្ភ​ពី​បញ្ហា​សុវត្ថិភាព​និង​សន្តិសុខ​ផ្ទាល់ខ្លួន​ផងដែរ ព្រោះ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​បទល្មើស​ផ្សេងៗ​ដូចជា អំពើចោរកម្ម ល្បែងស៊ីសង និង​គ្រឿងញៀន​ជាដើម កំពុង​រាលដាល​យ៉ាង​ពេញបន្ទុក​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ជំរុញ​ឲ្យ​អាជ្ញាធរ​និង​សមត្ថកិច្ច​យកចិត្តទុកដាក់​ពង្រឹង​ថែមទៀត​នៅ​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម និង​បង្ក្រាប​បទល្មើស​ប្រកបដោយ​ប្រសិទ្ធភាព​៕

12096487_133462307008755_7219552148307735209_nលោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាលphoto-212ជនរងគ្រោះដោយសារចោរប្លន់នៅស្រុកមុខកំពូល ខេត្តកណ្ដាល photo-39photo-112