រថយន្ត​ពាក់​ស្លាក​លេខ ខ​.​ម នៅតែ​ត្រូវគេ​យកទៅ​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​

​បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​ឆ្លងកាត់​ខេត្តបន្ទាយមានជ័យ នៅតែ​បន្ត​កើតមាន​យ៉ាង​អនាធិបតេយ្យ ហើយ​យូរៗ​ម្ដង​ទើប​សមត្ថកិច្ច​បង្ក្រាប​ដោយសារតែ​ឈ្មួញ​រកស៊ី​ឈើ​មិន​បង់លុយ​តាម​ការកំណត់​។ ជាក់ស្ដែង​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៥ រថយន្ត​២​គ្រឿង​ដឹកជញ្ជូន​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​និង​ឈើ​ត្រាវ ត្រូវបាន​នគរបាល​ប​ង្ក្រា​ប​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥៦​អា ក្នុងភូមិ​សាស្ត្រ ស្រុក​ថ្មពួក និង​ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។ ប្រជាពលរដ្ឋ​បាន​លើកឡើងថា ដោយសារ​ឈ្មួញ​ឈើ​មិន​បង់លុយ​ទើប​សមត្ថកិច្ច​នគរបាល​បង្ក្រាប​ដើម្បី​ជាការ​ព្រមាន ចំណែក​មន្ត្រីរដ្ឋបាល​ព្រៃឈើ​បាន​រក្សា​ភាព​ស្ងៀមស្ងាត់​។

ប្រភពពី​សមត្ថកិច្ច​ដែល​ចូលរួម​ក្នុងការ​បង្ក្រាបបាន​ឲ្យ​ដឹងថា អ្នកបើករថយន្ត​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចំនួន​២​នាក់ ក្នុងនោះ​ម្នាក់​ជា​មន្ត្រី​យោធា​ពាក់​ស័ក្ដិ​២ និង​រថយន្ត​២​គ្រឿង ត្រូវបាន​បង្ក្រាប​កាលពី​យប់​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៥​។ ក្នុងចំណោម​រថយន្ត​ទាំង​២​គ្រឿង​នោះ គឺ​ក្នុង​១​គ្រឿង​ពាក់​ស្លាក​លេខ ខ​.​ម ផ្ទុក​ឈើ​ត្រាវ​៤០​ដុំ​ខុសច្បាប់​បើកបរ​ដោយ​ឈ្មួញ មឿ​ន រ៉ា​ម៉ាន់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​មន្ត្រី​យោធា នៅ​អង្គភាព​នៃ​កងពលតូច​អន្តរាគមន៍​លេខ​៥ ខេត្តសៀមរាប​។ ចំណែក​រថយន្ត​១​គ្រឿង​ទៀត​ម៉ាក​កាមរី​ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​ស៊េរី​ឆ្នាំ​១៩៨៥ ផ្ទុក​ឈើ​ធ្នង់​ចំនួន​៤២​ដុំ បើកបរ​ដោយ​ឈ្មោះ បញ្ញា ម៉ៅ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ថ្មពួក ឃុំ​ថ្មពួក ស្រុក​ថ្មពួក​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការបង្ក្រាប​រថយន្ត​ដឹកឈើ​ខុសច្បាប់​ទាំង​២​គ្រឿង​នោះ ស្ថិតនៅក្រោម​បញ្ជា​របស់លោក ចាប សុ​ផា​រិ​ទ្ធ ស្នងការរង​នគរបាល​ខេត្តបន្ទាយមានជ័យ ទទួល​ផែន​កណ្ដាល​ប្រឆាំង​បទល្មើស​។ សូមបញ្ជាក់ថា​លោក ចាប សុ​ផា​រិ​ទ្ធ គឺជា​អតីត​នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ហើយ​ល្បីល្បាញ​ខាង​ជំរិត​យកលុយ​ពី​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ និង​ក្រុម​ជនល្មើស​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ផងដែរ​។ ដូច្នេះ​ការបង្ក្រាប​រថយន្ត​ដឹកឈើ​ទាំង​២​គ្រឿង កាលពី​យប់​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៥ គ្រាន់តែ​ជា​ល្បិច​របស់លោក ចាប សុ​ផា​រិ​ទ្ធ ក្នុង​ការប្រមូល​ផលប្រយោជន៍​ប៉ុណ្ណោះ​៕

IMG_6725 IMG_6729IMG_6734