គណបក្ស​សង្គ្រោះ​ជាតិ ថ្លែងការណ៍ ចាត់ទុក​ការដកតំណែង​លោក​កឹម​សុខា ថា រំលោភ​រដ្ឋធម្មនុញ្ញ​

ភ្នំពេញ: ​គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្តីថ្លែងការណ៍ ចាត់ទុក​ការដកតំណែង​លោក​កឹម​សុខា ចេញពី​អនុប្រធាន​ទី​១ រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​៣០​តុលា​នេះ ថា​ជាការ​រំលោភ​រដ្ឋធម្មនុញ្ញ​។ ក៏ប៉ុន្តែ​អ្នកនាំពាក្យ​រដ្ឋសភា លោក ឈាង វុន បាន​លើកឡើងថា សេចក្តី​សម្រេចចិត្ត​រប​ស់​រដ្ឋសភា ក្នុងការ​បោះឆ្នោត​ទម្លាក់​លោក​កឹម​សុខា ពី​អនុប្រធាន​ទី​១​រដ្ឋសភា គឺ​ស្របតាម​នីតិវិធី​ច្បាប់ ពោលគឺ​ធ្វើឡើង តាម​ញត្តិ​មហាជន និង​តំណាង​រាស្ត្រ​​ហត្ថលេខី ៦៣ រូប​។​

​ក្នុង​សេចក្តីថ្លែងការណ៍​ចុះ​ថ្ងៃទី​៣០​តុលា​នេះ គណបក្ស​សង្គ្រោះ​ជាតិ បានលើកឡើង​ពីរ​ចំណុច ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ដក​លោក​កឹម​សុខា ពី​អនុប្រធាន​ទី​១ រដ្ឋសភា​។ នោះ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ ចាត់ទុក​ការបោះឆ្នោត​នោះ ជាការ​រំលោភ​លើ​រដ្ឋធម្មនុញ្ញ មាត្រា ៨៧ និង​រំលោភ​លើ​កិច្ចព្រមព្រៀង​នយោបាយ ថ្ងៃ​២២ ខែកក្កដា ឆ្នាំ​២០១៤​។​

​ក៏ប៉ុន្តែ​លោក ឈាង វុន អ្នកនាំពាក្យ​រដ្ឋសភា និង​ជា​អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​​កម្ពុជា បាន​ថ្លែង​ការពារ​សេចក្តីសម្រេចរ​បស់​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​​កម្ពុជា ដែល​បាន​បោះឆ្នោត ទម្លាក់​លោក​កឹម​សុខា នៅ​ព្រឹក​ថ្ងៃទី​៣០​តុលា​ថា ការបោះឆ្នោត​ដកតំណែង​លោក​កឹម​សុខា ដោយសារតែ​លោក​កឹម​សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិច្ចព្រមព្រៀង​ថ្ងៃ​២២​កក្កដា និង​មាន​ញត្តិ​ពី​មហាជន ស្នើសុំ​ឲ្យ​រដ្ឋសភា បោះឆ្នោត​ទម្លាក់​លោក​កឹម​សុខា​។​

​លោក ឈាង វុន បាន​លើកឡើងថា ការដកតំណែង​លោក​កឹម​សុខា នៅថ្ងៃនេះ គឺ​មិន​ប៉ះពាល់​ដល់​តំណែង​ជា​តំណាងរាស្ត្រ​របស់លោក​កឹម​សុខា នោះទេ​។ ចំណែក​តំណែង​​អនុប្រធាន​ទី​១ រដ្ឋសភា នឹង​នៅ​ទំនេរ ដោយសារតែ​តំណែង​នេះ ជា​កូ​ត្តា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។ មកដល់ពេលនេះ មិនទាន់មាន​បេក្ខភាព​ថ្មី ជំនួស​លោក​កឹម​សុខា នៅឡើយ​ទេ​។​

​លោក​ឈាង វុន បន្តថា ការសម្រេច​របស់​រដ្ឋ​សភា ឲ្យ​មានការ​បោះឆ្នោត នា​ព្រឹក​ថ្ងៃទី​៣០​តុលា​នេះ ដោយសារតែ​លោក​កឹម​សុខា បានធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ដល់​កិច្ចព្រម​ព្រៀង​​នយោបាយ ថ្ងៃ​២២​កក្កដា ឆ្នាំ​២០១៤ នោះ​គឺ​លោក​កឹម​សុខា បាន​ថ្លែង​រិះគន់​ខ្លាំងៗ​លើ​គណបក្ស​ប្រជាជន​កម្ពុជា ជាដើម​។ ក្រៅពីនោះ ក៏មាន​ញត្តិ​របស់​មហាជន មកពី​គ្រប់ទិសទី ស្នើសុំ​ឲ្យ​រដ្ឋសភា ដកតំណែង​លោក​កឹម​សុខា​។ ហេតុនេះ​ហើយ បាន​​ជាមាន​តំណាងរាស្ត្រ​ហត្ថលេខី ៦៣ រូប មកពី​គណបក្ស​ប្រជាជន​កម្ពុជា បានធ្វើ​ញត្តិ​ស្នើសុំ​ដក​ឲ្យ​សម្តេច​ប្រធានរដ្ឋសភា បើក​កិច្ចប្រជុំ ដកតំណែង​លោក​កឹម​សុខា នា​ថ្ងៃទី​៣០​តុលា​នេះ​។​

​លោក​កឹម​សុខា បាន​ក្លាយជា​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា តាមរយៈ​ការបោះឆ្នោត នៅ​រដ្ឋសភា កាលពី​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៤ ក្រោយពី​មាន​កិច្ចព្រមព្រៀង​នយោបាយ រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៤​។ នោះ​គឺ​អ្នកតំណាងរាស្ត្រ ១១៦ រូប បាន​បោះឆ្នោត​ជាសម្ងាត់ គូស​លើ​សន្លឹកឆ្នោត ជ្រើសតាំង​លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ធ្វើជា​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា​៕​

គណបក្ស​សង្គ្រោះ​ជាតិ ថ្លែងការណ៍ ចាត់ទុក​ការដកតំណែង​លោក​កឹម​សុខា ថា រំលោភ​រដ្ឋធម្មនុញ្ញ​