​CNRP មិនទាន់​បញ្ចូល​បេក្ខភាព​អនុប្រធាន​ទី​១​រដ្ឋសភា​ជំនួស​លោក កឹម សុខា

រាជធានី​ភ្នំពេញ​៖​លោក​ឈាង វុន ក្នុងនាម​អ្នកនាំពាក្យ​រដ្ឋសភា​បាន​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​កាលពី​ព្រឹក មិញ​ថា មកដល់ពេលនេះ CNRP មិនទាន់​បញ្ចូល​បេក្ខភាព​ថ្មី​សម្រាប់​ជំនួស​តំណែង​លោក កឹម សុខា នៅឡើយ​ទេ បន្ទាប់ពី​លោក កឹម សុខា ត្រូវ​ដកតំណែង​ពី​អនុប្រធាន​ទី​១​រដ្ឋសភា ។ 

​    ​តាម​លោក ឈាង វុន បាន​បញ្ជាក់ថា ការសម្រេច​ដកតំណែង​អនុប្រធាន​ទី​១​ពី​លោក​កឹម សុខា នេះ គឺ​ផ្អែកទៅលើ​ករណី​ចាំបាច់ និង​យោងទៅលើ​កិច្ចព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​ទាំង​២​កាលពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៤ ព្រោះថា ដោយ​ផ្អែកលើ​តំណែង និង​តួនាទី​ជា​អនុប្រធានរដ្ឋសភា​ទី​១ លោក​កឹម សុខា បាន​ចេញទៅ​ជួប​សំណេះសំណាល​ជាមួយ​សកម្មជន​នៅតាម​បណ្ដា​ខេត្ត​មួយចំនួន​ធ្វើ ឲ្យ​ខុស​លក្ខន្តិកៈ និង​បទបញ្ជាផ្ទៃក្នុង​យ៉ាងខ្លាំង ពីព្រោះ​ពេល​ស្ថិតនៅក្នុង​តំណែង​ជា​អនុប្រធានរដ្ឋសភា​ទី​១ ប៉ុន្តែ​បែរជាយក​តួនាទី​នេះ​ទៅ​និយាយ​អំពី​គណបក្ស​ទៅវិញ​។ 

​    ​យ៉ាងណាក៏ដោយ​លោក​បណ្ឌិត ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ និង​សវនកម្ម​នៃ​រដ្ឋសភា​បាន​មានប្រសាសន៍ថា មូលហេតុ​ដកដំណែង​លោក កឹម សុខា ធ្វើឡើង​តាម​សំណើ​របស់​តំណាងរាស្ត្រ​៣​រូប តំណាង​ឲ្យ​តំណាង​ឲ្យ​តំណាងរាស្ត្រ​៦៣​រូប​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​។ 

​    ​លោក​បណ្ឌិត​រដ្ឋ​បន្តថា ការដក​នេះ​ក៏​យោងតាម​កំហុស​៤​គឺ​ទី​១. មិន​គោរព​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ទី​២. ធ្វើ​ឲ្យ​មាន​អសន្តិសុខ​សង្គម ទី​៣.​មិន​គោរព​កិច្ចព្រមព្រៀង​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៤​រវាង​គណបក្ស​ឈ្នះឆ្នោត​ទាំងពីរ និង​ទី​៤ យោងតាម​សំណើ​របស់​ប្រជាពលរដ្ឋ​ធ្វើបាតុកម្ម​នៅមុខ​រដ្ឋសភា​កាលពី​ថ្ងៃទី​២៦ ខែតុលា និង​យោងទៅតាម​ស្នាម​មេដៃ​របស់​ប្រជាពលរដ្ឋ​ចំនួន​៣​សែន​នាក់​ដាក់​ញត្តិ​មក រដ្ឋសភា​ពិចារណា​សុំ​ដកតំណែង​លោក​កឹម សុខា ចេញពី អនុប្រធាន​ទី​១​រដ្ឋសភា​៕

​CNRP មិនទាន់​បញ្ចូល​បេក្ខភាព​អនុប្រធាន​ទី​១​រដ្ឋសភា​ជំនួស​លោក កឹម សុខា