ស្ត្រី​​មាន​ជំងឺ​បេះដូង​ប្រហោង​​ត្រូវ​បាន​សង្គ្រោះ​ជីវិត​ពី​សំណាក់​​​ក្រុម​​គ្រូពេទ្យ​ស្ម័គ្រចិត្ត​​​សម្តេច​តេជោ

រាជធានី​ភ្នំពេញ​ ៖ ​នៅ​ថ្ងៃ​ទី​២៩ ​ខែតុលា ឆ្នាំ​២០១៥ ​អ្នកជំងឺ​ម្នាក់​ទៀត​ហើយ​ដែល​មាន​ជំងឺ​បេះដូង​ប្រហោង​ធ្ងន់ធ្ងររស់នៅ​ស្រុក​ខ្សាច់កណ្តាល ​ខេត្តកណ្តាល ​បាន​ទទួល​ការ​ព្យាបាល​ការ​វះកាត់​ដោយ​ជោគជ័យ​រួច​ផុត​ពី​សេចក្តីស្លាប់​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​ជំនាញ​នៃ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​ នៅ​មន្ទី​រពេទ្យ​កាល់​ម៉ែ​ត​ដែល​សកម្ម​ភាព​​មនុស្សធម៌​នេះ​ ក្រោម​ការ​ឧបត្ថម្ភ​ប្រកបដោយ​ទឹកចិត្ត​សប្បុរសធម៌​របស់​លោក ​ហ៊ុន ម៉ា​ណែ​ត ​ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​​តេ​ជោ​ និង​លោក​ជំទាវ​ និងលោក​បណ្ឌិត គុណ ញឹ​ម ​អនុប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​ខ្សាច់កណ្តាល​ និង​លោក​ជំទាវ ​។

សូម​រំឭក​ថា ​ក្នុង​ឱកាស​ចុះ​ព្យាបាល​ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ​នៅ​ស្រុក​ខ្សាច់កណ្តាល​ពី​សំណាក់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​នៅ​ថ្ងៃ​ទី​៣ ខែតុលា​ ឆ្នាំ​២០១៥ ​កន្លង​ទៅ​នេះ លោក ​ហ៊ុន ម៉ា​ណែ​ត​ និង​លោក​ជំទាវ​ ក៍បាន​ជួប​ជាមួយ​ស្ត្រី​​ដែល​បាន​វះ​កាត់​រួច​ឈ្មោះ គី​ម ហេង អាយុ២៩ឆ្នាំ​ ​​ជាក​ម្មការិ​នី​រោងចក្រ​កាត់ដេរ​ដែល​មាន​ជំងឺ​បេះដូង​ប្រហោង​ធ្ងន់ធ្ង​រ​ ​ត្រូវ​បាន​បញ្ជូន​មក​ទទួល​ការ​វះ​នៅ​មន្ទី​រពេទ្យ​កាល់​ម៉ែ​ត​ ក្រោម​ការ​យកចិត្តទុកដាក់​សម្របសម្រួល​ពី​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​​សម្តេច​តេ​ជោ ​។

ស្រី្ត ​ឈ្មោះ គី​ម​ហេង ​ដែល​បាន​ទទួល​បាន​វះកាត់​ដោយ​ជោគជ័យ​បាន​បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ និង​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក ​ហ៊ុន ​ម៉ាណែ​ត និង​លោក​ជំទាវ ​​និងលោក​បណ្ឌិត គុណ​ ញឹ​ម ​និង​លោក​ជំទាវ​ ព្រមទាំង​ក្រុមការងារ​ទាំងអស់​ដែល​បាន​ជួយ​សង្គ្រោះ​ជីវិត​នាង​ប្រកបដោយ​សន្តាន​ចិត្ត​មនុស្សធម៌​ដ៍​ល្អ​ប្រពៃ​ និង​​មិន​អាច​កាត់ថ្លៃ​បាន ​។

សូម​បញ្ជាក់​ថា​ តាម​របាយ​ការ​ណ៏​ព្យាបាល​របស់​គ្រូពេទ្យ​ជំនាញ​បានឱ្យ​ដឹង​ថា​ បងស្រី​ គី​ម ហេង ​មាន​ជំងឺ​បេះដូង​ប្រហោង​ធ្ងន់ធ្ងរ​បើសិនជា​មានការ​យឺតយ៉ាវ​ក្នុង​ការ​វះ​កាត់​​អ្នកជំងឺ​ប្រឈម​នឹង​សេចក្តីស្លាប់ ​៕