ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​វៀតណាម​កើន​40% ក្នុង​ទឹកប្រាក់​19,2​ពាន់​លាន​ដុល្លារ

ប្រទេស​វៀតណាម ៖ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​របស់ (FDI) ដែល​មាន​តម្លៃ​១៩,២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក បាន​ហូរ​ចូល​ទៅ​ក្នុង​ប្រទេស​វៀតណាម តាំងពី​ថ្ងៃ​ទី​២០ តុលា ដែល​កើនឡើង​ជាង​៤០% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។

យោង​តាម​ការិយាល័យ​ស្ថិតិ​ទូទៅ (GSO) ឱ្យ​ដឹង​ថា ប្រទេស​វៀតណាម​មាន​គម្រោង​វិនិយោគ​ផ្ទាល់​ពី​បរទេស​ថ្មី​ៗ​ចំនួន​១.៦៥៧ គម្រោង ខណៈ​ដើមទុន​បាន​ចុះបញ្ជី​សរុប​មាន​ជាង​១២,៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​២៧% និង​២៥% ។ ជាមួយ​គ្នា​នេះ ទឹកប្រាក់​ចំនួន​១១,៨​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ត្រូវ​បាន​ចំណាយ និង​កើនឡើង​ដល់​១៦,៣% បើ​ធៀប​នឹង​ឆ្នាំ​មុន ។

វិស័យ​ឧស្សាហកម្ម​កែ​ច្នៃ និង​ផលិតកម្ម​នៅ​តែ​ជា​គោលដៅ​ចម្បង​សម្រាប់​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស ដែល​មាន​ទឹកប្រាក់​១២,២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ឬ​ជាង​៦៤% នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស ដែល​បាន​ចុះបញ្ជី​ក្នុង​ចំណោម​ប្រទេស​កំពុង​វិនិយោគ​នៅ​វៀតណាម ។ ចំណែក​វិស័យ​អចលនទ្រព្យ​បាន​ក្លាយជា​គោលដៅ​ទី​៣ ដែល​មាន​តម្លៃ​ដើមទុន​ចុះបញ្ជី​សរុប​២,១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។

យោង​តាម GSO ដដែល​ឱ្យ​ដឹង​ថា ការ​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​មាន​ទំហំ​ទឹកប្រាក់​ជាង​២,៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ត្រូវ​បាន​ចុះបញ្ជី ចំណែក​ខេត្ត​ត្រា​វិញ (Tra Vinh) ជា​ខេត្ត​ដែល​មាន​សក្ដានុពល​មួយ​ក្នុង​ការ​រក​ចំណូល​ពី​ការ​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ក្នុង​ចំណោម​ខេត្ត​-​ក្រុង​ចំនួន​៤៧ ផ្សេង​ទៀត ។

មិនតែប៉ុណ្ណោះ ក៏​មាន​ខេត្ត និង​ទីក្រុង​ជា​ច្រើន​ទៀត​ដែល​មិន​ទាន់​មានការ​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ក្នុង​រយៈពេល​១០​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៥ ។ បញ្ហា​នេះ​ត្រូវ​បាន​ដោះស្រាយ​ដោយ​ទីភ្នាក់ងារ​វិនិយោគ​បរទេស​ស្ថិត​ក្រោម​ចំណុះ​ក្រសួងផែនការ និង​វិនិយោគ​កាលពី​ខែ​មុន ។

ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​ជាប់​ចំណាត់ថ្នាក់​កំពូល​ក្នុង​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​វៀតណាម​ក្នុង​ចំណោម​ប្រទេស​៥៩ ផ្សេង​ទៀត ដែល​មានការ​វិនិយោគ​ទឹកប្រាក់​២,៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក បន្ទាប់​មក​ប្រទេស​កូរ៉េ​មាន​ទឹកប្រាក់​វិនិយោគ​ជាង​២.០០០​លាន​ដុល្លារ​អា​មេ​រិ​ក ចក្រភព​អង់គ្លេស​១,២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក និង​ជប៉ុន​១,១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។

វៀតណាម​រំពឹង​ថា នឹង​អាច​ទាក់ទាញ​ការ​វិនិយោគ​ចុះបញ្ជី​នៅ​ឆ្នាំ​នេះ​ឱ្យ​បាន​២៣​ពាន់​លាន​ដុល្លារ និង​ដើមទុន​ចំណាយ​១២,៥​ពាន់​លាន​ដុល្លារ ។

កាលពី​ឆ្នាំ​មុន ប្រទេស​នេះ​បាន​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​មាន​ទឹកប្រាក់​ប្រមាណ​ជា​២០​លាន​ដុល្លារ​អា​មេ​រិ​ក ៕