លោក សម រង្ស៊ី បញ្ជាក់ថា​វប្បធម៌​សន្ទនា​មិនត្រូវ​រំលាយ​ទេ​ព្រោះ​វា​នាំ​ឲ្យ​កម្ពុ​ជាមាន​សន្តិភាព​

មុនពេល​មកដល់​ប្រទេស​កម្ពុជា​នៅ​សប្តាហ៍​ក្រោយនេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ក្រុម​សំឡេង​ភាគតិច​នៅក្នុង​រដ្ឋសភា បាន​ថ្លែងប្រាប់​វិទ្យុ​បរទេស​ផ្សាយ​ជា​ខេមរភាសា​នៅថ្ងៃនេះ ថា​វប្បធម៌​សន្ទនា​មិនត្រូវ​រំលាយចោល​នោះទេ ហើយ​ថា មានតែ​វប្បធម៌​នេះ​ទេ​ដែល​នាំ​ឲ្យ​ប្រទេស​មាន​សន្តិភាព និង​លទ្ធិប្រជាធិបតេយ្យ​។​

​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានបង្ហាញ​ជំនឿ​ចិត្ត​ថា វប្បធម៌​សន្ទនា​ត្រូវតែ​បន្ត​មិនមែន​សម្រាប់​ផលប្រយោជន៍​គណបក្ស​ប្រជាជន ឬ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ តែ​វា​ជា​ផលប្រយោជន៍​សម្រាប់​ប្រទេសជាតិ ពីព្រោះ​យើង​ត្រូវ​លុបបំបាត់​វប្បធម៌​ហិង្សា ហើយ​យើង​ត្រូវយក​វប្បធម៌​សន្ទនា​មក​ជំនួស​វប្បធម៌​ហិង្សា​។ នេះ​ជា​ផលប្រយោជន៍​សម្រាប់​ប្រទេសជាតិ​ដើម្បី​សន្តិភាព និង​លទ្ធិប្រជាធិបតេយ្យ​។ អត់​ត្រូវ​រំលាយ​វប្បធម៌​សន្ទនា​នេះ​ជាដាច់ខាត ពីព្រោះ​គ្មាន​ជម្រើស​ណា​ក្រៅពី​វប្បធម៌​សន្ទនា​ដើម្បី​ធានា​ឲ្យ​ខ្មែរ​បាន​សុខ​ទាំងអស់គ្នា​ជា​រៀងរហូត​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ លោក សម រង្ស៊ី បាន​ពន្យល់​ទៀតថា លោក​មិន​ចង់​ឆ្លើយតប​តាម​សារព័ត៌​មានអី​ទេ ពីព្រោះ​បំណង​លោក គឺជា​បំណងល្អ ហើយ​យើង​មិនត្រូវ​ធ្វើ​អ្វីដែល​ស្រដៀង របៀប​ដែល​ពួក​ផ្ដាច់ការ​នៅ​ប្រទេស​អ៊ីតាលី​កាលពី​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩២០ /១៩៣០ ដែល​គេ​ប្រើ​អំពើហិង្សា​មកលើ​អ្នកតំណាងរាស្ត្រ មកលើ​សហជីព មកលើ​កម្មករ​។ នេះ​ជា​ទង្វើ​ដែល​ពួក​ហ្វា​ស៊ី​ស បាន​ទុក​អនុស្សាវរីយ៍​ដ៏​អាក្រក់​។ ដូច្នេះ​យើង​ស្រឡាញ់​ជាតិ​ទាំងអស់គ្នា យើង​មិនត្រូវ​ទុក​កេរ្តិ៍ឈ្មោះ​អាក្រក់​។ ដូច្នេះ​យើង​ត្រូវ​ចៀសវាង​ទង្វើ​ណា​ដែល​គេ​អាច​យកទៅ​ប្រៀបធៀប​អំពើអាក្រក់​របស់​ពួក​ហ្វា​ស៊ី​ស​តែ​ប៉ុណ្ណឹង​ទេ​។ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា លោក​អត់​មាន​ថា​អ្នកណា​ជា​ហ្វា​ស៊ី​ស នោះទេ​។​

​គួរ​បញ្ជាក់ថា បើទោះជា​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​មានការ​ប្រែប្រួល​ជា​បន្តបន្ទាប់​ក៏ដោយ ក៏​សហគមន៍ជាតិ និង​អន្តរជាតិ បាន​បន្ត​ជំរុញ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា​គប្បី​ពង្រឹង​វប្បធម៌​សន្ទនា​ឲ្យ​រឹងមាំ​បន្ថែមទៀត​ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រទេស​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ​។ ជាក់ស្តែង​ក្នុង​សប្តាហ៍​នេះ ប្រធានាធិបតី​បារាំង​លោក ហ្វ្រ​ង់​ស័​រ ហូ​ឡង់ បាន​លើកទឹកចិត្ត​ដល់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ពង្រឹង​វប្បធម៌​សន្ទនា​ឲ្យ​ប្រសើរឡើង ហើយ​ថា​ប្រទេស​បារាំង​នឹង​បន្ត​គាំទ្រ​ប្រទេស​កម្ពុជា​បន្តទៀត​៕

11698398_934399136616820_1246472316284367543_n