អ្នកនាំពាក្យ​រដ្ឋសភា៖​ ដកតំណែង​លោក កឹមសុខា​មិន​ប៉ះ​ពាល់វប្បធម៌​សន្ទនា

ភ្នំពេញ៖ លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភា បានថ្លែងថា ការដកតំណែងលោក កឹម សុខា ចេញពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥នេះ គឺជាការពារវប្បធម៌សន្ទនា ដែលថ្នាក់ដឹកនាំគណបក្សទាំងពីរបានចុះកិច្ចព្រមព្រៀង ជាមួយគ្នាកាលពីអំឡុងឆ្នាំ២០១៤។
អ្នកនាំពាក្យរូបនេះ បានថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយពីបញ្ចប់ការបោះឆ្នោតទំលាក់លោក កឹម សុខា ចេញពីតំណែងនៅព្រឹកថ្ងៃទី៣០ តុលា ថា “កិច្ចព្រមព្រៀងថ្ងៃទី២២កក្កដា ២០១៤ គឺជាមូលដ្ឋាននៃវប្បធម៌ន្ទនារវាងគណបក្សទាំងពីរដើម្បីធ្វើការជាមួយគ្នា។ យើងមិនដែលគិតថា ត្រូវរំលាយឬត្រូវឲ្យប៉ះពាល់វប្បធម៌សន្ទនាទេ ហើយការដកតំណែងលោក កឹម សុខានៅព្រឹកមិញនេះមូលហេតុធំគឺយើងកំពុងតែការពារវប្បធម៌សន្ទនាទៅតាមរយៈកិច្ចព្រមព្រៀងថ្ងៃទី២២កក្កដា ចឹងវប្បធម៌សន្ទនាមិនប៉ះពាល់ទេ កិច្ចព្រមព្រៀងក៏មិនបានប៉ះពាល់ដែរ”។
អ្នកនាំពាក្យបន្ថែមថា ការដកតំណែងដោយរដ្ឋសភានេះ គ្មានការជាប់ពាក់ព័ន្ធទៅនឹងការធ្វើបាតុកម្មរបស់បាតុករកាលពីថ្ងៃទី២៦ តុលានោះទេ គឺយោងទៅលើកិច្ចព្រមព្រៀង២២កក្កដា និងយោងទៅលើអ្នកតំណាងរាស្រ្ត ហើយមិនយកញត្តិពីប្រជាពលរដ្ឋដែលហែរតាមថ្នល់មកជាអាជ្ញាបញ្ជារបស់រដ្ឋសភាបានទេ។

លោកបានអះអាងថា ការដកតំណែងលោក កឹម សុខា ចេញពីអនុប្រធានទី១រដ្ឋសភា គឺដោយសារតែ លោក កឹម សុខា បានប្រើឈ្មោះជាអនុប្រធានទី១ និយាយវាយប្រហារអ្នកនយោបាយគណបក្សដទៃ និងនិយាយប៉ះពាល់អធិបតេយ្យភាពរបស់ប្រទេសកម្ពុជា នៅសហអាម៉េរិក និងអូស្រ្តាលី ដោយលោកអះអាងថាគណបក្សសង្រ្គោះជាតិមានលទ្ធិប្រជាធិបតេយ្យពេញលេញ។

សូមបញ្ជាក់ថា វប្បធម៌សន្ទនារវាងថ្នាក់ដឹកនាំកំពូលទាំងពីរ គឺសម្តេចតេជោ និងលោក សម រង្ស៊ីបានធ្វើឡើង នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ក្នុងនោះបាន ព្រមព្រៀងគ្នា នូវលក្ខខណ្ឌ៧ចំណុច និងសេចក្តីថ្លែងការណ៍ រវាងបក្សទាំងពីរនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៥ ថាត្រូវគោរពឲ្យបានត្រឹមត្រូវ មិនរំលោភបំពាន និងប្រើសម្តីមិនសមរម្យទៅភាគីណានោះទេ៕

អ្នកនាំពាក្យ​រដ្ឋសភា៖​ ដកតំណែង​លោក កឹមសុខា​មិន​ប៉ះ​ពាល់វប្បធម៌​សន្ទនា