សមត្ថកិច្ច​ខណ្ឌមានជ័យ ឃាត់ខ្លួន​យុវជន​ម្នាក់

ភ្នំពេញ: អ្នករត់​រ៉ឺម៉ក​ម៉ូតូ​ម្នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ខណ្ឌមានជ័យ ធ្វើការ​ឃាត់ខ្លួន​កាលពីវេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិដំណាក់​ធំ​១ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក្នុងករណី​រក្សាទុក​សារធាតុញៀន​ខុសច្បាប់ ចំនួន ១៨​កញ្ចប់​តូច​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ យ៉ាង វណ្ណា ភេទ​ប្រុស អាយុ ៣១​ឆ្នាំមុខរបរ​រត់​ម៉ូតូ​រ៉ឺម៉ក​ម៉ូតូ ស្នាក់នៅ​ភូមិ​ដំណាក់​ធំ​១ សង្កាត់​ស្ទឹងមានជ័យខណ្ឌមានជ័យ​។​

 ក្នុងនោះ​កម្លាំង​សមត្ថកិច្ច​ដកហូត​វត្ថុតាង​មាន​៖ ម្សៅ​ក្រាម ពណ៌​ស​ថ្លា ចំនួន ១៨​កញ្ចប់តូច ដប់​សម្រាប់​ជក់​ថ្នាំញៀន​មួយ ដែកកេស​៥ ម៉ូតូ ២​គ្រឿង ម៉ាក​ណៃ​ហ​ត ពាក់​ស្លាក​លេខ​ភ្នំពេញ​1B-2878 និង​មួយគ្រឿង​ទៀត ម៉ាក ហុងដា TODAY ពាក់​ស្លាក​លេខកណ្តាល​1P-8788​និង​ថង់​សម្រាប់​ច្រកថ្នាំ​មួយចំនួន​​ធំ​ផងដែរ​។​

​ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង ដើម្បីចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕​