ថៃ​ជា​ប្រទេស​ងាយស្រួល​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​ចំណោម​50​ប្រទេស​នៅ​លើ​ពិភពលោក

ប្រទេស​ថៃ ៖ ធនាគារពិភពលោក (WB) បាន​រៀបចំ​ចំណាត់ថ្នាក់​អំពី​ភាព​ពិបាក និង​ងាយស្រួល​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​ប្រចាំឆ្នាំ​២០១៦ ។ ក្នុង​នោះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ប្រទេស​ថៃ​បាន​រំកិល​ចុះ​ពី​លេខ​រៀង​ទី​៤៦ មក​នៅ​ទី​៤៩​វិញ ប៉ុ​ន្តែ​ស្ថិត​ក្នុង​លំដាប់​ទី​៣ ក្នុង​សមាគម​អាស៊ាន បន្ទាប់​ពី​សិង្ហ​បុរី និង​ម៉ា​ឡេ​ស៊ី ដោយសារ​តែ​ថៃ​មានការ​ពិបាក​ក្នុង​ការ​សុំ​អនុញ្ញាត និង​ឥណទាន​មាន​ភាព​យឺតយ៉ាវ ។

លោក អូ​រី សា​កៅ នាយក​ធនាគារពិភពលោក​ប្រចាំ​ប្រទេស​ថៃ បាន​បង្ហាញ​របាយការណ៍​ស្តី​ពី​ការ​លំបាក និង​ងាយស្រួល​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ទាំងឡាយ​នៅ​លើ
ពិភព​​លោក​ថា ៖ «​ថៃ​បាន​ទទួល​ចំណាត់ថ្នាក់​ជា​ប្រទេស​ដែល​មាន​លក្ខណៈ​ងាយស្រួល​ធ្វើ​ពាណិជ្ជកម្ម​នៅ​ក្នុង​ឆ្នាំ​២០១៦ និង​ស្ថិត​លំដាប់​ទី​៤៩ ក្នុង​ចំណោម​១៨៩​ប្រទេស​នៅ​ទូ​ទាំង​ពិភពលោក ដោយ​មាន​ពិន្ទុ​៧១.៤២​លើ​គ្រប់​ផ្នែក ដោយ​ទាប​ជាង​ឆ្នាំ​មុន​ស្ថិត​នៅ​លំដាប់​ទី​៤៦ ។ លើស​ពី​នេះ ក៏​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​៥០​ប្រទេស​ដែល​មាន​បម្រែបម្រួល​ការ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​រយៈពេល​១​ឆ្នាំ​កន្លង​មក​ដែរ​» ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ ថៃ​នៅ​តែ​ជាប់​ចំណាត់ថ្នាក់​ទី​៣​ក្នុង​អាស៊ាន ខណៈ​ពេល​សិង្ហ​បុរី​ស្ថិត​នៅ​លំដាប់​ទី​១ ជាប់​ៗ​គ្នា​នៅ​ទូ​ទាំង​ពិភពលោក​ជា​ឆ្នាំ​ទី​១០ ចំណែក​ប្រទេស​ដទៃ​ទៀត ដូច​ជា ម៉ា​ឡេ​ស៊ី​ជាប់​ចំណាត់ថ្នាក់​ទី​១៨, ហ្វ៊ី​លី​ពី​ន​១០៣ និង​ឥណ្ឌូ​ណេ​ស៊ី​ទី​១០៩ ។

លោក អូ​រី សា​កៅ មាន​ប្រសាសន៍​បន្ត​ថា ៖ «​សូចនាករ​របស់​ថៃ​មួយ​ផ្នែក​ធំ​បាន​ធ្លាក់​ចុះ ពី​ភាព​ងាយស្រួល​ក្នុង​ការ​ស្នើ​សុំ និង​ការ​អនុម័ត​សេវា​ឥណទាន​នៅ​មានការ​យឺតយ៉ាវ​» ។

ការ​ស្នើ​សុំ​ឱ្យ​មាន​ដំណើរការ​អាជីវកម្ម​នៅ​ថៃ ត្រូវ​ប្រើ​រយៈពេល​លើស​ពី​២០​ថ្ងៃ ខណៈ​ដែល​ប្រទេស​ដទៃ​ទៀត​បាន​ចំណាយពេល​តិច​ជាង​នេះ​។ ការ​ស្នើ​សុំ​លិខិតអនុញ្ញាត​ឱ្យ​បង្កើត​ក្រុមហ៊ុន​ពី SME នៅ​ពេល​មាន​បញ្ហា​នៅឡើយ គឺ​ប្រើ​រយៈពេល​យូរ ដោយ​មិន​ប្រាកដ​ចិត្ត​ថា នឹង​ទទួល​បាន​ភាព​យុត្តិធម៌​ឬ​អត់ ? គឺ​នៅ​តែ​គ្មាន​ជំនឿ​ពី​វិនិយោគិន ។
នាយក​ធនាគារពិភពលោក​ប្រចាំ​នៅ​ប្រទេស​ថៃ បាន​បញ្ជាក់​ថា ៖ «​ការ​ធ្លាក់​ចំណាត់​ថ្នាក់ទាប​បែប​នេះ ព្រោះ​ធនាគារពិភពលោក​បាន​កែប្រែ​វិធីសាស្ត្រ ស្ទាបស្ទង់ បុ​៉​ន្តែ​គេ​យល់​ថា ថៃ​នៅ​តែ​ជា​ប្រទេស​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយ​លើ​ការ​វិនិយោគទុន​» ។

លោកស្រី វ័ន​ណា​ផ​ន ទេព​ហាស់​ឌី​ន អយុធ្យា ទីប្រឹក្សា​ផ្នែក​អភិវឌ្ឍន៍​បាន​បង្ហាញ​ថា ៖ «​ថៃ​នៅ​តែ​មាន​ពិន្ទុ​ខ្ពស់​ចាត់​ទុក​ថា ល្អ​ជាង​ឆ្នាំ​កន្លង​មក ។ ប៉ុ​ន្តែ​លោកស្រី ក៏​ទទួលស្គាល់​ថា នៅ​មាន​កត្តា​ជា​ច្រើន​ទៀត ដែល​ថៃ​បាន​ផ្លាស់​ប្តូរ​យឺតយ៉ាវ​ជាង​ការ​កំណត់ ប៉ុន្តែ​ថៃ​ត្រូវ​តែ​យក​វិបត្តិ​ទាំងនោះ​ធ្វើ​ជា​ឱកាស​ក្នុង​ការ​កែទម្រង់​ឱ្យ​បាន​ឆាប់​លើ​គុណភាព​នៃ​ការ​ប្រតិបត្តិ​របស់​មន្ត្រី​ដែល​ពាក់ព័ន្ធ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​» ៕