​គន្លឹះ​សម្រាប់​មាតាបិតា ៖ វិធី​ត្រឹមត្រូវ ក្នុងការ​ងូតទឹក​ឲ្យ​ទារក​

​គន្លឹះ​សម្រាប់​មាតាបិតា ៖ វិធី​ត្រឹមត្រូវ ក្នុងការ​ងូតទឹក​ឲ្យ​ទារក​

​តើ​អ្នក​ទើប​ក្លាយជា ឪពុក​ម្តាយ​ថ្មីថ្មោង​មែន​ទេ​? ពិតណាស់ អ្នក​មិន​បានដឹង​ច្រើន អំពី​ការថែទាំ​ទារក​ឡើយ ប៉ុន្តែ អ្នក​សំណាង​ហើយ ដែល​មាន​ជួប​អត្ថបទ​នេះ ព្រោះ​យើង​នឹង​ណែនាំ​អ្នក នូវ​វិធី​ងាយៗ ដើម្បី​ងូតទឹក​ឲ្យ​ទារក ដោយ​សុវត្ថិភាព​។​

​តើ​ខ្ញុំ​គួរ​ងូតទឹក​ឲ្យ​កូន​ប៉ុន្មាន​ដង ក្នុង​មួយ​ថ្ងៃ​?
​និយាយ​ទៅ អ្នក​មិន​ចាំបាច់ ងូតទឹក​ឲ្យ​ទារក​ទើបនឹង​កើត រាល់​ថ្ងៃ​នោះ​ទេ ប៉ុន្តែ វា​អាស្រ័យ​ទៅលើ​អាកាសធាតុ បរិយាកាស និង​របៀប​រស់នៅ​ផង​ដែរ​។ បើ​អ្នក​សង្កេតឃើញថា ទារក​បែកញើស ឬ​នៅ​មិន​សុខ នោះ​អ្នក​អាច​ងូតទឹក​ឲ្យគេបាន​។ ប៉ុន្តែ ការ​ងូតទឹក​ញឹក​ពេក នឹង​ធ្វើឲ្យ​ស្បែក​ទារ​ករបក ឬ​ស្ងួត​បាន​។ យ៉ាងណាមិញ អ្នក​អាច​គ្រាន់តែ​ឧស្សាហ៍ និង​ឆាប់​ផ្លាស់ប្តូរ​ខោ​ទឹកនោម ក្រោយ​ពេល​គេ​ជុះ​រួច និង​ជូត​សម្អាត​មុខ ក និង​កន្លែង​ខោ​ទឹកនោម ជា​ការ​ស្រេច​។​

​ងូតទឹក ពេលយប់​ព្រឹក ឬ​ពេល​យប់​ល្អ​?
​វា​អាស្រ័យ​ទៅលើ​អ្នក​ទេ ថា​តើ​ពេល​អ្នក​ទំនេរ ឬ​មិន​ប្រញាប់​នោះ​។ ឪពុក​ម្តាយ​ជា​ច្រើន ចូលចិត្ត​ងូតទឹក​ឲ្យ​ទារក នៅ​ពេល​ព្រឹក ព្រោះ​ពួកគេ​យល់ថា វា​ជួយ​ដាស់​ទារក និង​ធ្វើឲ្យ​ទារក​ស្រស់ថ្លា រហ័សរ​ហួន និង​រីករាយ​ជា​មួយ​ថ្ងៃ​ថ្មី​។ ប៉ុន្តែ ចូរ​កុំ​ងូតទឹក​ភ្លាម ក្រោយ​ពេល​គេ​បៅ​រួច​ឲ្យសោះ​។​

​តើ​ការ​ជូត​ខ្លួន វា​គ្រប់គ្រាន់​ឬទេ​?
​ការ​ងូតទឹក មិនមែន​បានន័យថា ត្រូវ​ជ្រមុច​ទារក ក្នុង​ទឹក​ជោគ​នោះទេ​។ ក្រុម​គ្រូពេទ្យ​ជំនាញ បាន​ណែនាំ​ថា ត្រឹមតែ​ការ​ជូត​សម្អាតខ្លួន គែ​វា​គ្រប់គ្រាន់​ហើយ រហូតដល់​ពេល​ទារក​ជ្រុះ​ផ្ចិត​។

​តើ​ធុង​ទឹក ឬ​កន្លែង​ងូតទឹក​បែបណា ដែល​ល្អ​សម្រាប់​ទារក​?
​វា​មិន​សំខាន់​នោះ​ទេ ថា​របស់​នោះ​ថ្លៃ ឬ​ថោក មាន​ម៉ាក ឬ​គ្មាន ... ចំណុច​សំខាន់ គឺ​សុវត្ថិភាព​។ ឪពុក​ម្តាយ​ជា​ច្រើន ជ្រើសរើស​ធុង​ងូតទឹក ដែល​គេ​ប្រើ​សម្រាប់​ទារក​ទើប​នឹង​កើត ដែល​ម​វា​មាន​សុវត្ថិភាព នៅ​ពេល​ងូតទឹក​។​

​ក្នុង​ធុង​ទឹក គួរ​ដាក់​ទឹក​ប៉ុន្មាន​ទើប​ល្អ​?
​ចំណុះ​ទឹក គួរតែ​ពី ៥ ទៅ ៩ សង់ទីម៉ែត្រ គឺ​វា​គ្រប់គ្រាន់​ហើយ​។ ទឹក ត្រូវ​តែ​ក្តៅ​ឧ​ណ្ឌ ដែល​សាក​សម​នឹង​ស្បែក​ទារក​។​

​គួរ​ដុស​សម្អាត​អ្វី មុនគេ​?
​ឪពុក​ម្តាយ​ភាគច្រើន ដុស​សម្អាត​មុខ និង​កន្លែង​កខ្វក់​មុន​។ បន្ទាប់មក គឺ​ដៃ ជើង ខ្លួន ហើយ​និង​ប្រដាប់បន្តពូជ​ថ្ម​មៗ និង​ប្រុងប្រយ័ត្ន​បំផុត​។​

​គួរ​លាបឡេ​ទេ ក្រោយពេល​ងូតទឹក​រួច​?
​ភាគច្រើន ទារក​ទើបនឹង​កើត មិន​ត្រូវ​ការឡេ​ថែរក្សា​ស្បែក​នោះទេ ប៉ុន្តែ ពេលខ្លះ គេ​នឹង​ត្រូវការ ដើម្បី​ការពារ​បញ្ហា​របកស្បែក ឬ​កន្ទួល​រមាស់ (​សួរ​យោបល់​គ្រូពេទ្យ​សិន​)៕
​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។