យន្តហោះ​ចម្បាំង​អាមេរិក៤គ្រឿង​ដេញ​ស្ទាក់​ចាប់​យន្តហោះ​រុស្ស៊ី​លើ​សមុទ្រ​ប៉ាស៊ីហ្វិក

យន្តហោះ​ចម្បាំង​អាមេរិក៤គ្រឿង​ដេញ​ស្ទាក់​ចាប់​យន្តហោះ​រុស្ស៊ី​លើ​សមុទ្រ​ប៉ាស៊ីហ្វិក

​​កងទ័ព​ជើង​ទឹក​អាមេរិក បាន​បញ្ចេញ​យន្តហោះ​ចម្បាំង​ ៤គ្រឿង ទៅ​​ស្ទាក់​ចាប់​យន្តហោះ​រុស្ស៊ី​ឈ្លប​ការណ៍​ប្រភេទ​ Tupolev  Tu-142 Bear ២គ្រឿង ដែល​បាន​​ហោះ​មក​​ជិត​នាវាចម្បាំង​អាមេរិក​ USS Ronald Reagan  ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​នៃ​ដែន​ទឹក​អន្តរជាតិ​​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​កងទ័ព​ជើង​ទឹក​អាមេរិក​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។

 

យន្តហោះ​ចម្បាំង​អាមេរិក៤គ្រឿង​ដេញ​ស្ទាក់​ចាប់​យន្តហោះ​រុស្ស៊ី​លើ​សមុទ្រ​ប៉ាស៊ីហ្វិក

 

យន្តហោះ​ចម្បាំង​អាមេរិក​ទាំង​ ៤គ្រឿង ​ប្រភេទ F/A-18 Super Hornets ត្រូវ​បាន​គេ​បញ្ជូន​ពី​ចេញ​​នាវាចម្បាំង​ ​ជា​យុទ្ធសាស្ត្រ​ប្រតិបត្តិការ​​តាម​ស្តង់ដារ ដើម្បី​គៀង​​​យន្តហោះ​រុស្ស៊ី​កំពុង​ហោះ​មក​​ក្បែរ​នាវា​​។

 

យន្តហោះ​រុស្ស៊ី​ បាន​ហោះ​មក​ជិត​ចម្ងាយ​តែ ១,៦គីឡូម៉ែត្រ នៅ​រយៈ​កម្ពស់ ១៥០ម៉ែត្រ ​ពី​នាវា​ចម្បាំង​អាមេរិក​ទម្ងន់ ១០ម៉ឺន​តោន ដែល​បាន​ទៅ​ចូលរួម​ហ្វឹកហាត់​សម​យុទ្ធ​ទ្វេភាគី ជា​មួយ​កូរ៉េ​ខាង​ត្បូង នៅ​ភាគ​ខាង​កើត​ឧបទ្វីប​កូរ៉េ កាលពី​​ថ្ងៃអង្គារ។

 

មន្ត្រី​កងទ័ព​ជើង​ទឹក​អាមេរិក​និយាយ​ថា​ខ្លួន​បាន​ព្យាយាម​ទាក់ទង​ជា​យន្តហោះ​រុស្ស៊ី​ដែរ ប៉ុន្តែ​​រលក​វិទ្យុ​មិន​អាច​ទាក់ទង​គ្នា​បាន។ ចំណែក​មន្ត្រី​​សារព័ត៌មាន​របស់​​ស្ថាន​ទូត​រុស្ស៊ី​នៅ​ទីក្រុង​សេអ៊ូល មិន​អាច​សុំ​ការ​អធិប្បាយ​ចំពោះ​បញ្ហា​នេះ​បានទេ​កាល​ពី​ថ្ងៃ​ម្សិលមិញ។​​

 

យន្តហោះ​ចម្បាំង​អាមេរិក៤គ្រឿង​ដេញ​ស្ទាក់​ចាប់​យន្តហោះ​រុស្ស៊ី​លើ​សមុទ្រ​ប៉ាស៊ីហ្វិក

 

ការ​ប្រឈម​មុខ​ដាក់​គ្នា​តាម​ផ្លូវ​អាកាស​​​រវាង​អាមេរិក និង​រុស្ស៊ី​មិន​មែន​ជា​រឿង​ថ្មី​ឡើយ តួយ៉ាង​កាល​ពី​ថ្ងៃ​ទី ៤កក្កដា​កន្លង​ទៅ យន្តហោះ​ចម្បាំង​អាមេរិក​ជាច្រើន​គ្រឿង​ ក៏​បាន​ស្ទាក់​ចាប់​យន្តហោះ​ចម្បាំង​រុស្ស៊ី​នៅ​ឆ្នេរ​សមុទ្រ​រដ្ឋ​កាលីហ្វញ៉ា និង​រដ្ឋ​អាឡាស្កា​ផង​ដែរ៕

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ CNN