ប៉ូលិស​ក្រុងព្រះសីហនុ ឃាត់ខ្លួន​យុវជន​ម្នាក់ ដោយសារ​លួច​ម៉ូតូ​មិត្ត​ភ័ក្ត្រ​

ព្រះសីហនុ: យុវជន​ម្នាក់ ដែល​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​មិត្ត​ភ័ក្តិ ត្រូវ​ប៉ូលិស​ឃាត់ខ្លួន នៅ​ព្រឹក​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៥ នៅ​ចំណុច​រំដួល​ជើងភ្នំ ស្ថិត​ក្នុងភូមិ​៣​ទំនប់រលក សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​។  

​លោក​វរសេនីយ៍ ត្រី ភុល ភស្តា អធិការ​ក្រុងព្រះសីហនុ បានឱ្យដឹងថា ជនសង្ស័យ ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ ឆាយ សម្បត្តិ ហៅ រ៉ា ភេទ​ប្រុស អាយុ ២២​ឆ្នាំ ជា​អ្នកនេសាទ មាន​ទីលំនៅ​មិន​ពិតប្រាកដ​ក​។ ដោយ​សង្ស័យ​ម្នាក់នេះ បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​មិត្ត​ភ័ក្តិ កាលពី​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៥ ហើយ​រត់គេចខ្លួន​រហូត លុះ​ព្រឹក​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៥ ទើប​កម្លាំង​ប៉ូលិស​នៃ​អធិកា​រដ្ឋា​នគរបាល​ក្រុងព្រះសីហនុ បានធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​តែម្តង​។

​ចំពោះ​ម៉ូតូ​បាត់​នោះ ម៉ាក់​ហុងដា​ឌ្រី​ម​សង សេ​១២៥ ផលិត​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លា​លេខ ភ្នំពេញ 1EF 1124​។

​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​លួច​ម៉ូតូ​នោះ ពិតប្រាកដ​មែន ហើយ​ខ្លួន​បាន​ជិះ​ម៉ូតូ​នេះ យកទៅ​ជួប​មិត្ត​ភ័ក្តិ​ម្នាក់ទៀត នៅ​ខេត្តកំពង់ស្ពឺ និង​ដាក់បញ្ចាំ​អោយគេ​បាន​ប្រាក់​ចំនួន ៣០០ ដុល្លារ​អាមេរិក បន្ទាប់មក ក៏​ចាយ​អស់ ទៅ​ពេល​ត្រឡប់មក ក្រុងព្រះសីហនុ​វិញ ក៏ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​បានតែ​ម្តង​។​

​ក្រោយពី​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ ប៉ូលិស​ក៏​បញ្ជូន​ជនសង្ស័យ មក​ស្នងការដ្ឋាន​នគ​របាល ខេត្ត​ព្រះសីហនុ ដើម្បី​កសាង​សំណុំរឿង បន្ត និង​បញ្ជូន​ជនសង្ស័យ ទៅ​សាលាដំបូង ខេត្ត​ព្រះសីហនុ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​៕​

ប៉ូលិស​ក្រុងព្រះសីហនុ ឃាត់ខ្លួន​យុវជន​ម្នាក់ ដោយសារ​លួច​ម៉ូតូ​មិត្ត​ភ័ក្ត្រ​