អតីត​ប្រធាន​ក្រុម​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ គាំងបេះដូង ស្លាប់​

បន្ទាយមានជ័យ: អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត  និង​ជា​អតីត​ប្រធាន​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ គឺ​លោក ប៉ុក សា​លុយ បាន​ស្លាប់ ដោយ​គាំងបេះដូង កាលពី​ម៉ោង ៥ និង ៤០ នាទី ល្ងាច​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៥ នៅ​មន្ទីរពេទ្យ​ស្រុក កាប់​ឈើ​ង ខេត្ត​សុរិន្ទ ប្រទេស​ថៃ​។​
 
​សព​ត្រូវ​ក្រុមគ្រួសារ​ដឹក​ពី​ច្រកព្រំដែន​អន្តរជាតិ ឆ​ង​ចម​-​អូរ​ស្មាច់ ខេត្ត​ឧ​ត្ត​រ​មានជ័យ មកដល់​គេហដ្ឋាន​លោកស្រី ឡុង សុ​ផា ជា​ភរិយា នៅ​ភូមិ​គោក​ស្វាយ ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី កាលពី​ម៉ោង ១០ និង ៣០ នាទី យប់​ថ្ងៃ​ដដែល​។​
    
​លោក​មាន​ស្រុកកំណើត នៅ​ស្រុកស្រែ​វាល​ក្រោម ភូមិ​បឹង​ឃ្លាំង ឃុំ​តា​ឡំ ស្រុក​មង្គល​បូរី មាន​បងប្អូន ៦​នាក់​។ លោក​មាន​ប្រពន្ធ​ឈ្មោះ ឡុង សុ​ផា និង​មានកូន ៦​នាក់ ស្រី ៥​នាក់​។​
    
​លោក​រៀន​នៅ​ស្រុកកំណើត រួច​បន្ត​នៅ​វិទ្យាល័យ​មង្គល​បូរី ក្នុង​ជំនាន់​ក្រោយពី​លោក​ឧបនាយករដ្ឋមន្ត្រី កែ​គឹមយ៉ាន​។ លោក​បាន​ចូលធ្វើការ​ដំបូង នៅ​ខែមីនា ឆ្នាំ​១៩៧៤ ក្នុង​របប​សាធារណរដ្ឋ​ខ្មែរ​។ ក្រោយ​ឆ្នាំ​១៩៧៩​មក ក្នុង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា លោក​ធ្លាប់​ធ្វើជា​ប្រធាន​យុវជន​ឃុំ ស្រុក អនុប្រធាន ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​ប្រជាជន​ស្រុក ប្រធាន​មន្ទីរ​គណៈកម្មាធិការ​ប្រជាជន​ខេត្ត  ជា​អភិបាលស្រុក ជា​អភិបាលរង​ខេត្ត ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​១ និង​ប​ច្ចប្ប​ន្ន មុន​ស្លា​ប់លោក​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ​។​
    
​ឯ​តំណែង​ក្នុង​បក្ស លោក​ជា​សមាជិក​គណ​:​ក​ម្មា​ធិ​ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​។​
    
​លោក​មាន​ជំងឺ​ប្រចាំកាយ​មួយចំនួន​ដែរ​។ នៅមុន​ស្លាប់ ជំងឺ​ធ្វើទុក្ខ​ខ្លាំង ហើយ​ក្រុមគ្រួសារ​ដឹក​ទៅពិនិត្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​សុរិន្ទ ប្រទេស​ថៃ​។ តែ​ទៅដល់​ត្រឹម​មន្ទីរពេទ្យ​ស្រុក​កាប់​ឈើ​ង ជាប់​នឹង​ព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ លោក​បាន​គាំងបេះដូង​ស្លាប់ នៅ​ម៉ោង ៥ និង ៤០ នាទី ល្ងាច​ថ្ងៃទី​២៩ តុលា ឆ្នាំ​២០១៥​។​
 
​សព​ត្រូវបាន​ដឹក​មក​តម្កល់ទុក​ធ្វើបុណ្យ​ឈាបនកិច្ច​នៅផ្ទះ​ភរិយា​លោកស្រី ឡុង សុ​ផា នៅ​ភូមិ​គោក​ស្វាយ ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី​។​
    
​ជា​លក្ខណ​:​សម្បត្តិ លោក​ជាម​ន្ត្រី​ដឹកនាំ​ម្នាក់ ដែល​ស្មោះត្រង់​ឥត​ងាករេ ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​មិន​ទទួលយក​យោបល់​ណា​ពី​ក្រៅ​ទេ ហើយក៏​មិន​និយម​សម្រេចចិត្ត​ដោយ​ខ្លួនឯង​ដែរ​។​
 
​មរណភាព​របស់លោក ប៉ុក សា​លុយ បង្កើត​ការសោកស្តាយ​មួយ​។ ជា​បាត់បង់​ប្តី ជា​ជីតា ឪពុក ជា​មន្ត្រី​ដ៏​ល្អ​ម្នាក់​ក្នុង​ខេត្ត​៕  

អតីត​ប្រធាន​ក្រុម​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ គាំងបេះដូង ស្លាប់​

អតីត​ប្រធាន​ក្រុម​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ គាំងបេះដូង ស្លាប់​

អតីត​ប្រធាន​ក្រុម​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ គាំងបេះដូង ស្លាប់​
លោក​ប៉ុក សា​លុយ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ​ស្លាប់​ដោយ​គាំងបេះដូង​(​រូប​:​សូ​ផុន​)​