រដ្ឋសភា​ទម្លាក់ កឹម សុខា ពី​តំណែង តាម​«ញត្តិ»​ពលរដ្ឋ​យ៉ាង​មាន​ប្រសិទ្ធិភាព

នេះជាលើកទីមួយហើយ ដែលគេមើលឃើញថា រដ្ឋសភាជាតិ បានទទួលយក«ញត្តិ»ពលរដ្ឋ មកធ្វើការសម្រេច “ភ្លាមៗ”។ ជាលទ្ធផល លោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ ត្រូវបានទម្លាក់ជាស្ថាពរ ពីតំណែង ជាអនុប្រធានទីមួយនៃរដ្ឋសភា ហើយ នៅព្រឹកថ្ងៃទី៣០ ខែតុលានេះ។
រដ្ឋសភា​ទម្លាក់ កឹម សុខា ពី​តំណែង តាម​«ញត្តិ»​ពលរដ្ឋ​យ៉ាង​មាន​ប្រសិទ្ធិភាព
លោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ នៅក្នុងសាលាដំបូងរាជធានី កាលពីខែមេសា ឆ្នាំ២០១៥។ (រូបថត monoROOM.info/ S. Tith)

តាមច្បាប់រដ្ឋធម្មនុញ្ញ សំឡេង៥០% បូក ១ នៃសមាជិករដ្ឋសភាសរុប អាចសម្រេចទម្លាក់តំណែងលោក កឹម សុខា ចេញពីអនុប្រធានទីមួយ នៃរដ្ឋសភាបាន។ សម្លេង ៥០% បូក ១ ស្មើនឹង៦៣ សម្លេងនៃ​តំណាង​រាស្រ្ត​វត្តមានគាំទ្រ នឹងអាចធ្វើការសម្រេច យកជាផ្លូវការ។ លោក កឹម សុខា ត្រូវទទួលបាន៦៨ សម្លេងគាំទ្រ ទម្លាក់​ចេញពីអនុប្រធានទីមួយនៃរដ្ឋសភា ដោយតំណាងរាស្រ្តមកពីគណបក្សប្រជាជនកម្ពុជា រួមទាំងលោក ហេង សំរិន ប្រធានរដ្ឋសភាផង។

«រវៀបវារៈថ្មីមួយ»នេះ ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ទើបតែប្រជុំសម្រេចដាក់បញ្ចូល ក្នុងព្រឹក​ថ្ងៃទី៣០ ខែតុលានេះ មុនកិច្ចប្រជុំពេញអង្គ។ ក្រោមសម្លេង៦៨ រូប នៃតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ក្នុងនោះក៏មានវត្តមាន របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែរ។ ឯតំណាងរាស្ត្រ៥៥រូប រួមទាំងលោក កឹម សុខា និងលោក សម រង្ស៊ី មកពីគណបក្សសង្គ្រោះជាតិ មិនមានវត្តមាន និងធ្វើពហិការ មិនចូលប្រជុំ​រដ្ឋសភា​ព្រឹកនេះទេ។ របៀបវារៈទីមួយថ្មីនេះ បានសម្រេចបោះទម្លាក់លោក កឹម សុខា ចេញពីតំណែងអនុប្រធាន​ទី​មួយ នៃរដ្ឋសភាជាផ្លូវការ ក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។

ការសម្រេចបន្ថែមរបៀបវារៈថ្មីនេះ ត្រូវបានរដ្ឋសភា ធ្វើឡើងទៅតាម«ញត្តិ» របស់តំណាងរាស្រ្ត៦៣រូប ក្នុង​បញ្ជីគាំទ្រ។ ហើយតំណាងរាស្រ្តទាំងនោះ មកពីគណបក្សប្រជាជនកម្ពុជា ដោយមានលោកប៉ែនបញ្ញា និង​លោកជាម យៀបជាតំណាង។ «ញត្តិ»តំណាងរាស្រ្តនេះ ត្រូវបានធ្វើឡើង ដោយយោងតាម«ញត្តិ» របស់​ប្រជាពលរដ្ឋ មកពីប្រាំខេត្ត-ក្រុង ក្នុងចំណោម២៥ខេត្ត-ក្រុង ទូទាំងប្រទេសកម្ពុជា។ ក្នុងនោះ រួមមានញត្តិ​ពលរដ្ឋ មកពីរាជធានីភ្នំពេញ៥០០០នាក់, មកពីខេត្តកំពង់ចាម ជិត២ម៉ឺននាក់, មកពីខេត្តត្បូងឃ្មុំ ជាង​១ម៉ឺន​នាក់, មកពីខេត្តបន្ទាយមានជ័យ ១៥០០០នាក់, និងមកពីស្វាយរៀង ជាង១៨០០០០នាក់។

ញត្តិរបស់ពលរដ្ឋខាងលើនេះ ត្រូវបានប្រមូល ដោយតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា ប្រចាំខេត្តទាំង​នោះ ក្នុងថ្ងៃតំណាលគ្នា ថ្ងៃបាតុកម្មប្រឆាំងលោក កឹម សុខា នៅរាជធានីភ្នំពេញ មុខវិមានរដ្ឋសភា និងថ្ងៃបន្ត​បន្ទាប់។

តាម«ញត្តិ និងការអះអាងរបស់បាតុករ ដែលទាមទារដកលោក កឹម សុខា ចេញណីតំណែង ជាអនុប្រធាន​ទី​មួយនៃរដ្ឋសភានេះ ក្រោមហេតុផលថា លោក កឹម សុខា បានធ្វើការផ្សព្វផ្សាយ ជាសារនយោបាយ រើសអើង​ពូជសាសន៍ បំផុសបំផុលនានា ដែលអាចនាំឲ្យផ្ទុះជាសង្រ្គាម នាពេលអនាគត។

សូមបញ្ជាក់ថា ក្នុងតំណែងជាអនុប្រធានទីមួយ នៃរដ្ឋសភារបស់លោក កឹម សុខា នេះ ត្រូវបានធ្វើឡើង តាម​កិច្ចព្រមព្រៀងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ដើម្បីបញ្ចប់ជម្លោះនយោបាយ។ ហើយលោក កឹម សុខា ក៏បាន​ឡើងកាន់តំណែងនេះ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤។

ក្រោយពីដកតំណែងលោក កឹម សុខា ចេញពីអនុប្រធានទី១នៃរដ្ឋសភារួចហើយ រដ្ឋសភាបានសម្រេចបន្ត​ពិភាក្សា និងអនុម័តលើសេចក្តីស្នើច្បាប់បោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងសេចក្តីស្នើ​វិសោធន​កម្ម ប្រការមួយចំនួននៃបទបញ្ជាផ្ទៃក្នុង រដ្ឋសភាជាធម្មតា។

ជាការកត់សម្ភាល់ អំឡុងពេលរដ្ឋសភាសម្រេច«ដកតំណែង» លោក កឹម សុខា ពីអនុប្រធានទីមួយនៃ​រដ្ឋសភានោះ នៅខាងមុខវិមានរដ្ឋសភាឯណោះវិញ គេបានបានឃើញមានកម្លាំងសមត្ថកិច្ចជាច្រើន បាន​ដាក់ពង្រាយ ជាមយយនិងរនាំដែកជាច្រើនជាន់ សូម្បីតេអ្នកសារព័ត៌មានចូល ក៏សឹងតែពិបាកដែរ។ ហេតុអ្វី​បានជារដ្ឋសភាព្រឹកនេះ មានកម្លាំងសមត្ថកិច្ចច្រើនម្លេះ បើបាតុករម្នាក់ ក៏គ្មានដែរនោះ?