តើ​រដ្ឋសភា​ដក​តំណែង កឹម សុខា តាម​ពលរដ្ឋ ឬ​តាម​ ហ៊ុន សែន?

មែន! មិនខុសពីការអះអាង របស់លោកនាយករដ្ឋមន្រ្តី ពីប្រទេសបារាំងថា នឹងបានបាតុកម្មទម្លាក់ លោក កឹម សុខា។ លោក ហ៊ុន សែន បានអះអាងថា បាតុកម្មនេះ នឹងអាចធ្វើឲ្យលោក កឹម សុខា ធ្លាក់ពីតំណែង ពីអនុប្រធានទីមួយ នៃរដ្ឋសភា។
តើ​រដ្ឋសភា​ដក​តំណែង កឹម សុខា តាម​ពលរដ្ឋ ឬ​តាម​ ហ៊ុន សែន?
លោក កឹម សុខា (ខាងឆ្វេង) ចាប់ដៃលោក ហ៊ុន សែន នៅពេលចេញពីជំនួបនយោបាយ ខែកក្កដា ឆ្នាំ២០១៤។ (រូបថត monoROOM.info/ U. Bory)

កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ នៅរដ្ឋធានីប៉ារីស ប្រទេសបារាំង ក្នុងជំនួបជាមួយពលរដ្ឋខ្មែរ-បារាំង នៅ​ទីនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងដោយការជឿជាក់ថា បើមានបាតុកម្មប្រឆាំងលោក នៅក្នុង​ប្រទេសបារាំងនេះ នោះក៏នឹងមានបាតុកម្មទម្កាក់ លោក កឹម សុខា នៅឯភ្នំពេញដែរ។ នៅពេលនោះ លោក​បាន​និយាយ ទទួលស្គាល់ថា បាតុកម្មប្រឆាំងលោក នៅបារាំង ជាសិទ្ធិរបស់ប្រជាពលរដ្ឋ។ ឯបាតុកម្មប្រឆាំង​លោក កឹម សុខា នៅភ្នំពេញក៏ជាសិទ្ធិ របស់ប្រជាពលរដ្ឋដូចគ្នាដែរ។

លោកនាយករដ្ឋមន្រ្តី បានបញ្ជាក់យ៉ាងច្បាស់ ដូចបានដឹងមុនយ៉ាងដូច្នេះថា៖ «បើលេងកុំខឹង បើខឹងកុំលេង។ បើស្អែកគេលេងនៅភ្នំពេញវិញ កុំខឹងនឹងគេ ហើយលេងហ្នឹង ប្រហែលជាអស់តំណែង អនុប្រធានសភា​ទៀត។»

» ខាងក្រោមនេះ ជាការថ្លែងរបស់លោក ហ៊ុន សែន នៅ​រដ្ឋធានី​ប៉ារីស ប្រទេស​បារាំង៖

» សូមអានអត្ថបទទាក់ទងឡើងវិញ ដោយចុចនៅលើទីនេះ

បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី លើកឡើងតែមួយថ្ងៃ បាតុកម្មប្រឆាំងលោក កឹម សុខា នៅភ្នំពេញ បានកើត​មាន​ឡើងមែន ដែលសមាសភាពត្រូវបានគេស្គាល់ថា មកពីអាជ្ញាធរមូលដ្ឋានភាគច្រើន។ រយៈពេលមិនដល់មួយ​សប្តាហ៍ផង តាមសម្តីលោកនាយករដ្ឋមន្រ្តី ដែលបានលើក​ឡើង​ថា «លេងហ្នឹង ប្រហែលជាអស់តំណែង អនុប្រធាន​សភាទៀត» មែន! រដ្ឋសភា បានកំណត់យកថ្ងៃទី៣០ ខែតុលា បញ្ចូល​នូវរបៀបវារៈថ្មី ភ្លាមៗ ដោយ​មិនប្រាប់មុន សម្រេច​ដក​តំណែង លោក កឹម សុខា ក្រោមសម្លេងគាំទ្រ៦៨ ជាសម្លេងតំណាងរាស្រ្ត មកពី​គណបក្ស​ប្រជាជន​កម្ពុជា​តែ​មួយ។

» សូមអានអត្ថបទទាក់ទងឡើងវិញ ដោយចុចនៅលើទីនេះ និងទីនេះ

លោក ព្រាប កុល នាយកអង្គការតម្លាភាពកម្ពុជា បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ពាក់ព័ន្ធនឹងការ​ដកតំណែង លោក កឹម សុខា ចេញពីអនុប្រធានរដ្ឋសភានេះ ថាវាអាស្រ័យលើបរិបទ និងស្ថានការណ៍​នយោបាយ ហើយការទម្លាក់ ឬគាំទ្រ គឺអាស្រ័យលើគណបក្សប្រជាជនកម្ពុជា ព្រោះលោក កឹម សុខា មិន​មែន​ឡើងធ្វើ អនុប្រធានទីមួយ នៃរដ្ឋសភា ដោយសារតែសម្លេង របស់គណបក្សសង្គ្រោះជាតិនោះទេ។

ប្រធានអង្គការតម្លាភាពកម្ពុជា បានពន្យល់ថា៖ «ការទម្កាក់ឯកឧត្តម កឹម សុខា ឬអត់ ជាការសម្រេចរបស់​គណបក្សប្រជាជន ព្រោះគណបក្សប្រជាជន ជាអ្នកបោះឆ្នោតគាំទ្រ ឯកឧត្ត កឹម សុខា ជាអនុប្រធានទីមួយ​រដ្ឋសភា។ ហើយសម្លេង នៃការបោះឆ្នោតគាំទ្រហ្នឹង ទាល់តែគណបក្សប្រជាជន បានអាចធ្វើបាន (ហើយ) ដកវិញ (ក៏) ទាល់តែគណបក្សប្រជាជនដែរ ទើបអាចធ្វើបាន។»

» សូមអានអត្ថបទទាក់ទងឡើងវិញ ដោយចុចនៅលើទីនេះ