រថយន្ត​ដឹក​ដី​បោះ​ពួយ​​បុក​របង​ផ្ទះ​អ្នក​ភូមិជះ​មនុស្ស​ចេញ​ពី​រថយន្ត​​ស្លាប់​ម្នាក់ របួសធ្ងន់​-ស្រាល​៥​នាក់

ខេត្ដសៀមរាប ៖ រថយន្ដ​បែន​ដឹក​ដី​មួយ​គ្រឿងម៉ាក​TITAN​ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​កំពង់ធំ ៣A .០៤៤៩​ បើក​ក្នុង​ល្បឿន​លឿន​ពេលមក​ដល់​ចំណុច​ផ្លូវ​កោង​មិន​ប្រយ័ត្ន​ជ្រុល​ទៅ​បុក​របង​​​ផ្ទះ​ប្រជាពលរដ្ឋបណ្តាល​ឱ្យ​​ធ្លាក់​អ្នកជិះ​ខាងក្រោយរដូក​រណែល​​ពេញ​ផ្លូវ​ ស្លាប់ម្នាក់ ​របួសធ្ងន់​-ស្រាល​៥​នាក់ត្រូវ​គេ​​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ​។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរនេះបាន​​កើតឡើង​កាល​ពី​វេលា​ម៉ោង​១២​ និង​៣០​នាទី​ថ្ងៃត្រង់​ ថ្ងៃ​ទី​២៩ ​តុលា​ ​២០១៥ ​ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦​ក្នុងភូមិ​សាលា ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង ​ខណៈ​រថយន្ត​ដឹក​ដី​នោះ​​​ដឹក​បងប្អូន​ទៅ​បង់សំណាញ់​។

លោក​វរសេនីយ៍ទោ តូច សាកល អធិការ​នគរបាល​ស្រុក​ជីក្រែង​បាន​ប្រាប់​​ថា ក្រោយ​ពេល​កើតហេតុ​កម្លាំង​ជំនាញ​បាន​ចុះ​ទៅ​ដល់​​ឃើញ​ជន​រង​គ្រោះ​ដេករដូ​ក​រណែល​តាម​ផ្លូវ ហើយ​ក៏​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។

​លោក​បាន​បន្ត​ថា ជន​រង​គ្រោះ​បាន​នាំ​គ្នា​ជិះឡាន​ដើរ​លេង ​និង​មក​បង់សំណាញ់​មាន​គ្នា​ចំនួន​១០​នាក់ ដោយ​សារអ្នកបើកបរ​បើក​លឿនពេក​​ដល់​ផ្លូវ​កោង​មិន​ប្រយ័ត្ន​បណ្តាល​ឱ្យ​ជ្រុល​ចង្កូត​ទៅ​បុក​របង​ផ្ទះ​អ្នក​ភូមិរហូត​ដល់​ស្លាប់​មនុស្ស​ម្នាក់​ និង​របួសធ្ងន់​-ស្រាល​៥​នាក់​៕

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​លើ​ទំព័រ​កាសែត​កោះ​សន្តិភាព​