ជាងឈើ និង​ជាងដែក ជិះ​ម៉ូតូ​រ៉ឺ​ម៉ក​ឌឺ​ដាក់​គ្នា ផ្ទុះ​ហិង្សា​របួស​ម្នាក់

រាជធានីភ្នំពេញ ៖ មនុស្ស២ក្រុមដែលគេដឹងថា មួយក្រុម​ជាជាងឈើ និង​​ក្រុមទៀតជា​ជាង​ដែក​ បាន​ជិះរ៉ឺម៉ក​ម៉ូតូប្រដេញគ្នា​ និង​ឌឺ​ដង​សម្តី​​រហូតឈានដល់​ការប្រើ​អំពើហិង្សា​ បណ្តាល​ឱ្យ​រងរបួសម្នាក់​ ដែលហេតុការណ៍នេះកើតឡើង​កាលពីវេលាម៉ោង​០៩ព្រឹក​ថ្ងៃទី​៣០ តុលា ២០១៥ ស្ថិត​នៅ​ការដ្ឋាន​​ក្នុងភូមិបាយ៉ាប សង្កាត់​ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ប្រភពបាន​ឱ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ​គុណ ថេត ភេទប្រុស អាយុ​២៥​ឆ្នាំ ជា​ជាងឈើ មានទីលំនៅ​ផ្ទះជួល​ក្នុងភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌពោធិ៍​សែនជ័យ មានស្រុកកំណើតនៅខេត្តកំពង់ចាម ។

ប្រភពបន្តថា មុនពេលកើតហេតុ ខាងភាគីជនរងគ្រោះ​​ជិះ​រ៉ឺម៉ក​ម៉ូតូ​១គ្រឿង​មានគ្នា​​៤នាក់ តាមបណ្តោយ​ផ្លូវម៉ុង​ប្ញទ្ធី​ក្នុងទិសដៅ​ពី​លិច​ទៅ​កើត លុះ​មកដល់​ផ្លូវ​ចូលបុ​រី ​​ស្រាប់តែមានរ៉ឺម៉ក​ម៉ូតូ​​១គ្រឿងទៀត​ មានគ្នា​៧នាក់បើកមកឆាប ហើយឌឺដងសម្តី​ដាក់គ្នា ។ ក្រោយមក​រ៉ឺម៉កជនរងគ្រោះ​​​បានបើកទៅមុន ហើយបានឈប់​នៅ​មុខ​កន្លែង​ធ្វើការ ស្រាប់តែ​ក្រុម​ជន​បង្ក​បើកមកឈប់​តាម​ក្រោយ​​ស្ទុះ​ទៅ​វាយជ​នរងគ្រោះ ​បណ្តាលឱ្យ​រងរបួស​ធ្ងន់ ។ ចំណែក​អ្នកផ្សេង​បានរត់គេចខ្លយន​ចូល​ក្នុងផ្ទះ​អស់ សល់តែជនរងគ្រោះ​ម្នាក់ឯង​ ហើយ​ក្រុម​ជនបង្ក​បានរត់គេចខ្លួនបាត់អស់ ។