ម្ចាស់​ខ្សែក្រវាត់ ម៉​ន សា​ម៉េ​ត ប៉ះ​ជើង​ខ្លាំង​ឡាវ​នៅ​ក្នុង​ព្រឹ​តិ្ត​ការណ៍​ប្លេ​ក​ខេត

រាជធានី​ភ្នំពេញ ៖ នៅ​យប់​ថ្ងៃអាទិត្យ​នេះ កីឡាករ​ជើង​ខ្លាំង​ដែល​ជា​ម្ចាស់​ខ្សែក្រវាត់​ម៉​ន សា​ម៉េ​ត នឹង​ឡើង​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ជើង​ខ្លាំង​មក​ពី​ប្រទេស​ឡាវ ដើម្បី​ការពារ​មុខមាត់​ក្នុង​នាម​ជា​កីឡាករ​ល្អ​ម្នាក់ ។ រីឯ​ជើង​ខ្លាំង​ព្រំ សំណាង ក៏​ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ផង​ដែរ​នៅ​ក្នុង​ព្រឹត្តិការណ៍​កំពូល​អ្នក​ប្រដាល់​របស់​ស្រា​បៀរ​ប្លេ​ក​ខេត ចាប់ពី​ម៉ោង​៨​យប់​តទៅ នៅ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ។

គូប្រកួត​របស់​ម៉​ន សា​ម៉េ​ត គឺ​កីឡាករ​ឡាវ​ឈ្មោះ Soper Sam ដែល​ត្រូវ​គេ​ស្គាល់​រួច​មក​ហើយ​ថា​ជា​ជើង​ខ្លាំង និង​មាន​សមត្ថ​ភាពល្អ​ម្នាក់ ។ ផ្អែក​តាម​ប្រវត្តិ​កីឡាករ​ឡាវ​រូប​នេះ គឺ​គេ​ធ្លាប់​ប្រកួត​១០៤​លើក ឈ្នះ​៩២​លើក ចាញ់​១០​លើក និង​ស្មើ​២​លើក ក្នុង​ពេល​ដែល​ភាព​រស់​រវើក​ក្នុង​ការ​វាយ​ប្រកួត​របស់​គេ​ក៏​មាន​កម្រិត​ល្អ​ទាំង​បច្ចេកទេស និង​កម្លាំង​ស៊ុ​ហ្វ ។ មន្ត្រី​អ្នក​រៀបចំ​ការ​ប្រដាល់​បាន​អះអាង​ថា Soper Sam គឺជា​កីឡាករ​វ័យក្មេង​ល្អ​ម្នាក់​នៅ​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។ យ៉ាងណា​ក៏​ដោយ ទាំង​លោក​ថៃ អ៊ូ ដែល​ជា​អ្នកដឹកនាំ​កីឡាករ​បរទេស​ឲ្យ​មក​ប្រកួត និង​លោក​ញាណ សុធី អ្នកគ្រប់គ្រង​កម្មវិធី​ប្រដាល់​នៅ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ សុទ្ធតែ​មិន​ហ៊ាន​ប្រាកដ​ចិត្ត​ថា​គេ​ឈ្នះ ម៉​ន សា​ម៉េ​ត នោះ​ទេ ដោយសារ​តែ​កីឡាករ​កម្ពុជា​រូប​នេះ ក្រៅពី​ជា​ជើង​ខ្លាំង​ប្រចាំ​នៅ​ក្នុង​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក ក៏​ជា​ម្ចាស់​ខ្សែក្រវាត់​មួយ​រូប​ផង​ដែរ​នៅ​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​ដូច​គ្នា ។ នេះ​ជា​ការ​ប៉ះ​គ្នា​លើក​ដំបូង​រវាង​កីឡាករ​ជើង​ខ្លាំង​ទាំង​ពីរ​ដែល​នឹង​បង្ហាញខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​របស់​ស្រា​បៀរ Black Cat  នៅ​រៀង​រាល់​២​ស​ប្ដា​ហ៍​ម្ដង ដែល​មាន​អ្នក​ទស្សនា​ទន្ទឹងរង់ចាំ​មើល​បើ​ធៀប​នឹង​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​ផ្សេង​ទៀត ។ មន្ត្រី​ទទួល​បន្ទុក​នៅ​ក្នុង​ការ​ប្រកួត​បាន​ត្រឹមតែ​អះអាង​ថា អ្នក​ទាំង​ពីរ​នឹង​បើក​ឆាកប្រយុទ្ធ​ឱ្យ​អស់ពី​សមត្ថភាព​នៅ​យប់​ថ្ងៃអាទិត្យ​ប៉ុណ្ណោះ ដោយសារ​តែ​ភាគី​កម្ពុជា មិន​ចង់​បាក់មុខ​ក្នុង​នាម​ជា​ម្ចាស់​ខ្សែក្រវាត់ ហើយ​ភាគី​ខាង​ឡាវ មិន​ចង់​រង​ភាព​អាម៉ាស់​ដូច​គ្នា​ក្នុង​នាម​ជា​ជើង​ខ្លាំង​វ័យក្មេង​។

កីឡាករ​ម៉​ន សា​ម៉េ​ត ធ្លាប់​ប្រកួត​បាន​១២៩​លើក ឈ្នះ​៩៩​លើក ចាញ់​២៧​លើក និង​ស្មើ​៣​លើក ។ គេ​ក៏​ធ្លាប់​វាយ​ឈ្នះ​កីឡាករ​ថៃ​រាប់​មិន​អស់​ផង​ដែរ​ចាប់តាំងពី​បាន​គ្រង​តំណែង​ជា​ម្ចាស់​ខ្សែក្រវាត់​ក្នុង​នាម​ជា​កីឡាករ​ប្រដាល់​ម្នាក់​។ លោក​ម៉ាង ម៉​ន ជា​ឪពុក និង​គ្រូបង្វឹក ហាក់​មាន​ទំនុកចិត្ត​ខ្ពស់​សម្រាប់​ការ​ប្រកួត​យប់​ថ្ងៃអាទិត្យ ដោយសារ​តែ​កូនប្រុស​របស់​លោក​បាន​ហ្វឹកហាត់​ត្រៀមខ្លួន​ដិត​ដល់​មុន​ថ្ងៃ​ឡើង​ប្រកួត​។ មិន​ខុស​គ្នា​ដែរ  កីឡាករ​Soper Sam ត្រូវ​អ្នក​តាមដាន​ការ​ប្រដាល់​ភាគច្រើន​សម្លឹង​ឃើញ​ថា​មិនមែន​ជា​កីឡាករ​ដែល​មាន​សមត្ថភាព​គួរ​ឱ្យ​ខ្លាច​រហូត​ដល់​ថ្នាក់​ជើង​ខ្លាំង​ម៉​ន សា​ម៉េ​ត យកឈ្នះ​មិន​បាន​នោះ​ទេ ។ លោក​ញាណ សុធី ហាក់​មាន​ទំនុកចិត្ត​ចំពោះ​កីឡាករ​កម្ពុជា​រូប​នេះ​ច្រើន​ជាង​កីឡាករ​ឡាវ​ដូច​គ្នា ប៉ុន្តែ​លោក​ថៃ អ៊ូ បាន​អះអាង​ថា ឱ្យ​រង់ចាំ​មើល​សមត្ថភាព​ពិត​របស់​កីឡាករ​ទាំង​ពីរ​ច្រើន​ជាង ដោយសារ​តែ​លោក​ជឿ​ថា​កីឡាករ​Soper Sam ក៏​មាន​ថ្វីដៃ​មិន​ពិបាក​ឈ្នះ​ម៉​ន សា​ម៉េ​ត ដូច​គ្នា​។

នៅ​ក្នុង​ព្រឹត្តិការណ៍ «​កំពូល​អ្នក​ប្រដាល់​របស់​ស្រា​បៀរ​ប្លេ​ក​ខេត​» នៅ​យប់​នោះ​ដែរ ក៏​មានការ​ប្រកួត​រវាង​កីឡាករ​ព្រំ សំណាង មក​ពី​ក្លិប​កងទ័ព​ឆត្រយោង​៩១១ និង​កីឡាករ​ថៃ​ឈ្មោះ Phach Bopha ក្នុង​ប្រភេទ​ទម្ងន់​៧៥​គីឡូក្រាម​ផង​ដែរ ។ ការ​ប្រកួត​គូ​នេះ ដ្បិតថា​មិន​មាន​ភាគី​ណាមួយ​មាន​តំណែង​ជា​ម្ចាស់​ខ្សែក្រវាត់​ដូច​ម៉​ន សា​ម៉េ​ត  ប៉ុន្តែ​បើ​សំដៅ​ដល់​ការ​ចាប់អារម្មណ៍​គឺ​ខ្លាំង​ជាង​គូ​ខាងលើ​ទៅ​ទៀត​។ កីឡាករ​ព្រំ សំណាង ពិតជា​ខ្លាំង​ធ្លាប់​ឈ្នះ កែវ រំ​ចង់ ហើយ​ការ​ប្រកួត​កន្លង​មក​របស់​គេ ក៏​កម្រ​នឹង​ធ្វើ​ឱ្យ​មហាជន​ខកចិត្ត​ដែរ ។ ប៉ុន្តែ​ការ​ប៉ះ​ជាមួយ​កីឡាករ Phach Bopha គឺ​មិនមែន​ងាយស្រួល​នោះ​ទេ ដោយសារ​កីឡាករ​ថៃ​រូប​នេះ​ធ្លាប់​ប្រកួត​១១៩​លើក ឈ្នះ​៨៩​លើក ចាញ់​១៨​លើក និង​ស្មើ​២​លើក ក្នុង​ពេល​ដែល​គេ​ទើបតែ​ឡើង​ប្រកួត​បាន​៧០​លើក ឈ្នះ​៦០​លើក ចាញ់​៨​លើក និង​ស្មើ​២​លើក គឺ​ចាញ់​ប្រៀប​កីឡាករ​ថៃ​២​ដង ។

មិន​ខុស​ពី​ការ​ចាប់អារម្មណ៍​ចំពោះ​ការ​ប្រដាល់​នៅ​ក្នុង​ព្រឹត្តិការណ៍​របស់​ស្រា​បៀរ​ប្លេ​ក​ខេត​ខាងលើ នៅ​ថ្ងៃអាទិត្យ​ស្អែក​ប៉ុន្តែ​នៅ​ពេល​ព្រឹក​វិញ ក៏​មានការ​ប្រកួត​អន្តរជាតិ​រវាង​កីឡាករ​កម្ពុជា និង​ថៃ​ចំនួន​៣​គូ​ផង​ដែរ ។ កីឡាករ​ជើង​ខ្លាំង ឡុ​ង សុ​ភី មក​ពី​ក្លិប​សាល​វ័​ន្ដ​កីឡា ត្រូវ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Tom Tam  ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម ។ កីឡាករ ពេជ្រ ម្ទេសខ្មាំង មក​ពី​ក្លិប​អា​រុណ​រះ​កីឡា ត្រូវ​គេ​ផ្គូផ្គង​ឲ្យ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Deth Div ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម និង​កីឡាក​រហ៊ឹម សារី មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Phuo Loung ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម ។ ជំនួប​របស់​កីឡាករ​ទាំង​៦​ត្រូវ​គេ​ប៉ាន់​ស្មានថា នឹង​មាន​កម្រិត​ទាក់ទាញ​ក្នុង​ចំណោម​អ្នក​ទស្សនាការ​ប្រដាល់​មិន​អន់​ដូច​គ្នា ជា​ពិសេស​វត្តមាន​របស់​កីឡាករ​ជើង​ខ្លាំង​ឡុ​ង សុ​ភី នោះ​តែ​ម្ដង ។ កីឡាករ Tom Tam  ធ្លាប់​ប្រកួត​បាន​៨៨​លើក ឈ្នះ​៧៣​លើក ចាញ់​១៥​លើក មិន​ដែល​ស្មើ និង​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់​បាន​ចំនួន​២៣​លើក ។ កីឡាករ Deth Div ធ្លាប់​ប្រកួត​បាន​៥៨​លើក ឈ្នះ​៥៤​លើក ចាញ់​៤​លើក មិន​ដែល​ស្មើ និង​កីឡាករ​ថៃ PhuoLoung ធ្លាប់​ប្រកួត​បាន​៧៩​លើក ឈ្នះ​៥៩​លើក ចាញ់​១៦​លើក និង​ស្មើ​២​លើក ។ នេះ​ជា​តួលេខ​ដែល​បង្ហាញ​ច្បាស់​ថា កីឡាករ​ថៃ​គឺជា​ជើង​ចាស់ ហើយ​មានបទពិសោធន៍​ខ្ពស់​នៅ​លើ​សង្វៀន ៕