សមត្ថកិច្ច ឃាត់ខ្លួនបុរសម្នាក់ ញៀនថ្នាំ គាស់កុដិលោកសង្ឃ លួចយកទូរស័ព្ទ បាន២គ្រឿង

បន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ញៀនថ្នាំ គាស់កុដិលោកសង្ឃ ក្នុងវត្តតាហី លួចបានទូរស័ព្ទ លោកសង្ឃ បាន២គ្រឿង នៅវេលាម៉ោង២រសៀល កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ នៅចំណុចផ្ទះជនសង្ស័យ ក្បែរវត្តតាហី ក្នុងភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបាននគរបាលក្រុង សិរីសោភ័ណ ចុះបង្ក្រាបចាប់ឃាត់ខ្លួនបានម្នាក់ បញ្ជូនមកកាន់ស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ ដើម្បីយកទៅចាត់ការ តាមផ្លូវច្បាប់។

ក្រោយពីជននោះ និងបក្ខពួកម្នាក់ទៀត បានធ្វើសកម្មភាពគាស់ កុដិលោកសង្ឃនៅវត្តតាហី លួចយកទូរស័ព្ទដៃ២គ្រឿង និងប្រាក់ចំនួន៣០០.០០០រៀល យកទៅលក់ទិញថ្នាំញៀនជក់ ខណៈព្រះសង្ឃជាប់ រវល់ទៅរៀបចំធ្វើបុណ្យក្នុងវត្ត។

លោក ស៊ីវ សុជាតិ អធិការនគបាលក្រុងសិរីសោភ័ណ បានឲ្យដឹងនៅថ្ងៃទី៣០ ខែតុលា នេះថា ជនសង្ស័យនោះមានឈ្មោះ ម៉ែត្រ ភិរុណ អាយុ២៣ឆ្នាំ គ្មានមុខរបរពិតប្រាកដ រស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកស៊ីវ សុជាតិ បាននិយាយបន្តទៀតថា ជនសង្ស័យនិង បក្ខពួកម្នាក់ទៀតនោះ ជាមនុស្សដើរត្រាច់ចរ គ្មានគោលដៅ គ្មានទីពឹង ដើរលួចតាមផ្ទះអ្នកស្រុក ដើម្បីយកទៅទិញថ្នាំជក់ រយៈពេលកន្លងមក។

ជនសង្ស័យត្រូវបាននគបាល កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

សមត្ថកិច្ច ឃាត់ខ្លួនបុរសម្នាក់ ញៀនថ្នាំ គាស់កុដិលោកសង្ឃ លួចយកទូរស័ព្ទ បាន២គ្រឿង

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត