បទល្មើស​គ្រឿងញៀន​ក្នុងភូមិ​ត្រពាំង​ឈូក នៅតែ​បង្ក​ការភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​

រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​សែន​សុខ និង​សមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ បាន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​គ្រឿងញៀន​នៅ​ប្លុក​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ជាច្រើនលើក​មកហើយ​។ នៅក្នុង​ប្រតិបត្តិ​ការបង្ក្រាប​នាពេល​កន្លងមក​សមត្ថ​កិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​រាប់រយ​នាក់ រឹបអូស​គ្រឿងញៀន​ជាច្រើន​គីឡូក្រាម និង​វត្ថុតាង​ផ្សេងៗ​ទៀត​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ ក៏ប៉ុន្តែ​តាម​ពិនិត្យ​ជាក់ស្ដែង​បទល្មើស​ជួញដូរ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន ក្នុងភូមិ​ត្រពាំង​ឈូក ទល់មុខ​មន្ទីរពេទ្យ​ព្រះកុសុមៈ​(​ពេទ្យ​លោកសង្ឃ​) នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​ដដែល ពុំមាន​ការថយចុះ​នោះទេ​។

​កាលពី​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៥ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ក្រុម​អ្នកជួញដូរ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​៣២​នាក់ ព្រមទាំង​វត្ថុតាង​គ្រឿងញៀន​និង​សម្ភារៈ​ជាច្រើន​ទៀត​។ ទោះជា​យ៉ាងណា​ប្រជាពលរដ្ឋ​គ្មាន​ការជឿជាក់​ចំពោះ​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​នោះទេ ព្រោះ​ប៉ុន្មាន​ថ្ងៃ​ក្រោយមក​បទល្មើស​នឹង​កើតឡើង​យ៉ាង​ពេញបន្ទុក​ដូច​មុន​ជាមិនខាន​។ ជាក់ស្ដែង​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ក្នុងភូមិ​ត្រពាំង​ឈូក​នាពេល​កន្លងមក គ្រាន់តែ​ជា​រឿង​លេងសើច​សុទ្ធសាធ ព្រោះ​សមត្ថកិច្ច​បង្ក្រាប​បានតែ​ជនល្មើស​ជួញដូរ​ចែកចាយ​គ្រឿងញៀន​តូចតាច​ប៉ុណ្ណោះ ចំណែក​មេឃ្លោង​ធំៗ​សមត្ថកិច្ច​មិន​ហ៊ាន​ប៉ះពាល់​ឡើយ​។

ប្រជាពលរដ្ឋ​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​រិះគន់ថា​នគរបាល​ប៉ុស្តិ៍​សង្កាត់​ទឹកថ្លា និង​លោក ម៉ក់ ហុង អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ មិន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅ​ប្លុង​ភូមិ​ត្រពាំង​ឈូក​នោះទេ​។ ដូច្នេះ​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ត្រូវ​ចាត់វិធានការ​ជាបន្ទាន់ ដើម្បី​លុបបំបាត់​បទល្មើស​គ្រឿងញៀន​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ប្រកបដោយ​ប្រសិទ្ធភាព​។ ដោយហេតុថា​តំបន់​ភូមិ​ត្រពាំង​ឈូក គឺជា​ទីផ្សារ​ចែកចាយ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ធំ​បំផុត​នៅក្នុង​រាជធានី​ភ្នំពេញ ហើយ​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​នាពេល​កន្លងមក​ពុំមាន​ប្រសិទ្ធភាព​នោះទេ​៕

chhounsovann_305លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ
IMG-20151029-WA0042 IMG-20151029-WA0046