អាជ្ញាធរ​ខេត្តកោះកុង បើកដៃ​ឲ្យ​ទូក​ភ្លើង​សៀម​ចូល​ដែនសមុទ្រ​ខ្មែរ​តាម​អំពើ​ចិត្ត

តាម​ប្រភពពី​ប្រជា​នេសាទ​ក្នុង​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា​ទូក​នេសាទ​ខុសច្បាប់​ពី​ប្រទេស​សៀម ជាពិសេស​ទូក​ភ្លើង​បាន​ចូលមកក្នុង​ដែនសមុទ្រ​ខ្មែរ ហើយ​ធ្វើ​សកម្មភាព​នេសាទ​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ គ្មាន​មន្ត្រី​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក ប៊ុន លើ​ត អភិបាលខេត្ត​កោះកុង បានដឹង​យ៉ាងច្បាស់​រឿង​ទូក​ភ្លើង​របស់​អ្នកនេសាទ​សៀម​ចូលមកក្នុង​ដែនសមុទ្រ​ខ្មែរ ប៉ុន្តែ​អាជ្ញាធរ​ខេត្តកោះកុង មិន​ចាត់វិធានការ​បង្ក្រាប​ទេ​។ ចំណែក​មន្ត្រីនគរបាល​ជើង​ទឹក​និង​មន្ត្រីរដ្ឋបាល​ជលផល​ខេត្តកោះកុង ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ករណី​ទូក​ភ្លើង​របស់​អ្នកនេសាទ​សៀម​ចូលមក​ធ្វើ​សកម្មភាព​ខុសច្បាប់ ក្នុង​ដែនសមុទ្រ​នៃ​ប្រទេស​កម្ពុជា​។

ចំណែក​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​ព្រះសីហនុ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​នៅក្នុង​ដែនសមុទ្រ​នៃ​ខេត្ត​នេះ មាន​ទូក​នេសាទ​របស់​ជនជាតិ​យួន​និង​ទូក​នេសាទ​របស់​ជនជាតិ​សៀម ចូលមក​ធ្វើ​សកម្មភាព​ខុសច្បាប់​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រការនេះ​បានធ្វើ​ឲ្យ​ធនធាន​មច្ឆជាតិ​ក្នុង​ដែនសមុទ្រ​ខ្មែរ​នៃ​ខេត្ត​ព្រះសីហនុ មានការ​ថយចុះ​យ៉ាងគំហុក​ហើយ​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ ស្ទើរ​មិនអាច​រកប្រាក់​ចំណូល​ស​ម្រា​ប់​ដោះស្រាយ​ជីវភាព​បាន​ដូច​កាលពីមុន​ទៀតឡើយ​។ អ្នកប្រមូល​ទិញ​ផល​នេសាទ​ក្នុង​ខេត្ត​ព្រះសីហនុ​មួយរូប បាន​បង្ហើប​ឲ្យ​ដឹងថា​កាលពីមុន​គាត់​ធ្លាប់​ប្រមូល​ទិញ​ត្រី បង្គា ក្ដាម និង​មឹក ក្នុង​មួយថ្ងៃ​ពី​៧០​ទៅ​៨០​តោន ប៉ុន្តែ​បច្ចុប្បន្ន​ក្នុង​មួយថ្ងៃ​រកតែ​៥០០​គីឡូក្រាម​មិនបាន​ផង​។ បញ្ហា​នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ពិនិត្យមើល​និង​ចាត់វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា ព្រោះ​បច្ចុប្បន្ន​ទូក​នេសាទ​របស់​ជនជាតិ​យួន​និង​ជនជាតិ​សៀម ចូលមក​ធ្វើ​សកម្មភាព​ខុសច្បាប់​ក្នុង​ដែនសមុទ្រ​ខ្មែរ​កាន់តែខ្លាំង​ឡើងៗ​។

ប្រជា​នេសាទ​នៅក្នុង​ខេត្តកោះកុង បានលើកឡើង​ថាបើ​គ្មាន​ការបើក​ដៃ​ពី​អាជ្ញាធរខេត្ត និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដូចជា នគរបាល​ជើង​ទឹក និង​មន្ត្រីរដ្ឋបាល​ជលផល​ទេនោះ គឺ​ទូក​ភ្លើង​របស់​សៀម​មិនអាច​ចូលមក​ធ្វើ​សកម្មភាព​ក្នុង​ដែនសមុទ្រ​ខ្មែរ​បានឡើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ទូក​ភ្លើង​ធំៗ​របស់​សៀម​បាន​ប្រើ​ភ្លើង​ហ្វា​បញ្ចាំង​ទៅក្នុង​ទឹកសមុទ្រ ដើម្បី​ទាក់ទាញ​មច្ឆជាតិ​ឲ្យ​មក​ចោមរោម ហើយ​គេ​ចាប់​យកតែ​ត្រី​ណា​ដែល​គេ​ត្រូវការ សល់​ពី​នោះ​គឺ​ខ្វាក់ភ្នែក​ងាប់​ទាំងអស់​។ ជាងនេះទៅទៀត​ទូក​នេសាទ​របស់​សៀម ដែល​ចូលមកក្នុង​ដែនសមុទ្រ​ខេត្តកោះកុង បាន​ប្រើ​ឧបករណ៍​ខុសច្បាប់​ជាច្រើន​ប្រភេទ​ដូចជា មង​ឆក់​ត្រជាក់ អូស​យក​ទាំង​កូន​គ្រែង​ឈាម កូន​ក្ដាម កូន​បង្គា ឲ្យ​វិនាស​អន្តរាយ​អស់​តែម្ដង​៕

fishery 30-10-15-004 fishery 30-10-15-005fishery 30-10-15-003