ក្មេងស្ទាវ​ជិត​១០​នាក់ ដេញ​កាប់​ប្លន់​យក​ម៉ូតូ​២​គ្រឿង

ភ្នំពេញ: យុវជន​ពីរ​នាក់​ជិះ​ម៉ូតូ​ម្នាក់​មួយគ្រឿង ដែល​ទើបតែ​ចេញពី​កម្មវិធី​ជប់លាង​របស់​មិត្តភក្ដិហើយ​ត្រលប់មក​ផ្ទះ​វិញ ធ្វើដំណើរ​តាមផ្លូវ ក៏ត្រូវ​ក្រុមក្មេងស្ទាវ​មួយក្រុម​មាន​គ្នាជិត​១០​នាក់ បាន​ដេញ​កាប់​ប្រហារ ធ្វើ​ឲ្យ​ពួកគេ​ភ័យ​ពេក​ក៏​ជិះ​ម៉ូតូ​គេចខ្លួន​ចូលទៅផ្លូវ​លេខ​R6 ដែលជា​ផ្លូវ​ងងឹត តែ​គេច​មិន​ផុត ក៏ត្រូវ​ក្រុមក្មេងស្ទាវ​ទាំងនោះ​កាប់ហើយ​លើ​យក​ម៉ូតូ​បាត់​មួយគ្រឿង និង​ម្នាក់ទៀត​បាត់​ទាំង​មនុស្ស​និង​ម៉ូតូ​។​

 ហេតុការណ៍​បង្ក​ការភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​វេលា ម៉ោង​២​និង​១០​នាទីយប់​ឈានចូល​ទី ថ្ងៃទី​៣០ ខែតុលា ឆ្នាំ ២០១៥ ស្ថិតនៅ​ចំណុច​ផ្លូវ​R6 ក្នុង​សង្កាត់ស្រះចក ខណ្ឌដូនពេញ ។​

​ជនរងគ្រោះ​ឈ្មោះ ឃុ​ត ផ​លីន អាយុ​២៧​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ ៨ ផ្លូវ​លេខ ៥២៨ ក្នុងសង្កាត់​បឹងកក់​២ ខណ្ឌទួលគោក ដែល​ត្រូវគេ​កាប់​ត្រូវចំ ក្បាល​មួយ​កាំបិត​និង​ស្មារមួយ​កាំបិត​ធ្ងន់ធ្ង​នរ​។​

​ជនរងគ្រោះ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា​មុនពេល​កើតហេតុ​គេ​បាន ជិះ​ម៉ូតូមួយគ្រឿង​ម៉ាក​ស៊ុយ​ហ្ស៊ុ​យ​គី​ឡែ​ត ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​1AC-9863បាន​ជិះ​ចេញពី​កម្មវិធី​ជប់លាង​មិត្តភក្ដិ​ដោយ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ សហ​ព​ន្ធ័​រុស្ស៊ីជាមួយ​មិត្តភក្ដិ​ម្នាក់ទៀត ដោយ​ជិះ​ម៉ូតូ​ផ្សេងគ្នា​។

​ក្រោយពី​ជិះ​ចេញមក​បាន​បន្ដិច ក៏មាន​ក្រុមក្មេងស្ទាវ​មាន​គ្នា​ជិត​១០​នាក់ បាន​ជិះ​ម៉ូតូបួន​ប្រាំ​គ្រឿង មក​ដេញ​កាប់ ប្រហារ​ប្លន់​ម៉ូតូ​របស់​ពួកគេ ធ្វើ​ឲ្យ​គេ​មានការ​ភ័យខ្លាចក៏​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន រហូត​ចូលទៅ​ដល់​ផ្លូវ​លេខ​R6 ដែលជា​ផ្លូវ​ងងឹតនោះ តែ​គេច​មិន​ផុត​ក៏​ក្រុមក្មេងស្ទាវ​កាប់​ពួកគេ បណ្តាល​ឲ្យ​រងរបួស​។ ពេលនោះរូបគេ​ក៏បាន​ផ្តួល​ម៉ូតូ​ហើយ​រត់គេចខ្លួន រហូតមកដល់​ចំណុច​ផ្ទះសំណាក់​ស្រែលាប ក៏បាន​ជួប​សមត្ថកិច្ច​ខណ្ឌទួលគោក ពីរ​នាក់​ដែល​គាត់​កំពុង​ជិះ​ម៉ូតូ​ល្បាត គេក៏​ស្រែកហៅ​សមត្ថកិច្ច​ឲ្យ​ជួយ​ខ្លួន​ព្រោះ​គេ​ត្រូវគេ​ដេញតាម​។

​ចំណែក​មិត្ត​ម្នាក់ទៀត​បាន​បាត់​ទាំង​ម៉ូតូ​និង​មនុស្ស​នៅ​ផ្លូវ​R6 នោះ​ហើយ​។​ភ្លាមៗសមត្ថកិច្ច​បាន ចុះទៅ​ជួយ​អន្ដរាគមន៍ ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ពីរ​នាក់ដែល​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក MSX ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1FA-6929ដែល​ដេញតាម​ជនរងគ្រោះ​មក​ដួល​នៅក្បែរ​កន្លែង​នោះដែរ ។​

​ទោះជា​យ៉ាងណាក៏ដោយ សមត្ថកិច្ច​មិនទាន់​ដឹង ពី​មូល​ហេតុដែល​នាំឱ្យមាន ជម្លោះរហូតដល់ ដេញ​កាប់​ប្រហារ​គ្នា​យ៉ាង​អនាធិបតេយ្យ​បែបនេះ ថា​ជា​រឿង​ប្លន់ ឬក៏ជា​រឿង​ទំនាស់​គ្នា​ឡើយ​៕​