ប្រធានរដ្ឋសភា ស្នើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជូន​បេក្ខជន​ថ្មី ជំនួស​តំណែង​លោក​កឹម​សុខា​

ភ្នំពេញ: បន្ទាប់ពី​បោះឆ្នោត​ទម្លាក់​លោក​កឹម​សុខា រួចមក នៅ​ព្រឹក​ថ្ងៃទី​៣០ ខែតុលា​នេះ សម្តេច​ហេង​សំរិន ប្រធានរដ្ឋសភា បាន​ចុះហត្ថលេខា​លើ​លិខិត​មួយច្បាប់ ជូន​លោក​សមរង្ស៊ី ដើម្បី​ស្នើ​ឲ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជូន​បេក្ខជន​ថ្មី ជំនួស​តំណែង​របស់លោក​កឹម​សុខា ជា​អនុប្រធាន​ទី​១​រដ្ឋសភា​។​

​ក៏ប៉ុន្តែ​លោក​សមរង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ស្ថិតនៅ​ក្រៅប្រទេស នាពេលនេះ មិនទាន់​ឆ្លើយតប​បែបណា​។ គណបក្ស​សង្គ្រោះ​ជាតិ ពេលនេះ បន្ទាប់ពី​រដ្ឋសភា បោះឆ្នោត​ទម្លាក់​លោក កឹម សុខា ពី​អនុប្រធាន​ទី​នៃ​រដ្ឋសភា រួចមក គឺ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​នេះ បាន​ផ្តោត​សំខាន់​លើ​ការបោះឆ្នោតជាតិ នៅ​ឆ្នាំ​២០១៨។

សូមរម្លឹកថា បន្ទាប់ពីរដ្ឋសភាបោះឆ្នោត សម្រេចជាឯកច្ឆ័ន្ទ ទម្លាក់លោកកឹមសុខា ពីអនុប្រធានទី១រដ្ឋសភា នាព្រឹកថ្ងៃទី៣០តុលារួចមក លោក​ ឈាង វុន អ្នកនាំពាក្យ​រដ្ឋសភា បានលើកឡើងថា ការសម្រេច​របស់​រដ្ឋ​សភា ឲ្យ​មានការ​បោះឆ្នោត នា​ព្រឹក​ថ្ងៃទី​៣០​តុលា​នេះ ដោយសារតែ​លោក​កឹម​សុខា បានធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ដល់​កិច្ច​ព្រមព្រៀង​នយោបាយ ថ្ងៃ​២២​កក្កដា ឆ្នាំ​២០១៤ នោះ​គឺ​លោក​កឹម​សុខា បាន​ថ្លែង​រិះគន់​ខ្លាំងៗ​លើ​គណបក្ស​ប្រជាជន​កម្ពុជា ជាដើម​។ ក្រៅពីនោះ ក៏មាន​ញត្តិ​របស់​មហាជន មកពី​គ្រប់ទិសទី ស្នើសុំ​ឲ្យ​រដ្ឋសភា ដកតំណែង​លោក​កឹម​សុខា​។ ហេតុនេះ​ហើយ បាន​ជាមាន​តំណាងរាស្ត្រ​ហត្ថលេខី ៦៣ រូប មកពី​គណបក្ស​ប្រជាជន​កម្ពុជា បានធ្វើ​ញត្តិ​ស្នើសុំ​ដក​ឲ្យ​សម្តេច​ប្រធានរដ្ឋសភា បើក​កិច្ចប្រជុំ ដកតំណែង​លោក​កឹម​សុខា នា​ថ្ងៃទី​៣០​តុលា​នេះ​។​

​លោក ឈាង វុន បានលើកឡើង​ពី​មូលហេតុ​ធំៗ ចំនួន ៣ ដែលនាំឱ្យ​រដ្ឋសភា បោះ​ឆ្នោត​​ដកតំណែង​អនុប្រធាន​ទី​១ រដ្ឋសភា​។ លោក ឈាង វុន បាន​លើកឡើងថា លោក កឹម សុខា​បាន​វាយប្រហារ​លើគណបក្សប្រជាជនកម្ពុជា​ ក្នុងនាម​លោក ជា​អនុប្រធាន​ទី​១ រដ្ឋសភា​។ លោក​កឹម​សុខា ក៏បាន​និយាយ​ប៉ះពាល់​ដល់​ឯករាជ្យភាព​របស់​កម្ពុ​ជា ពេល​គាត់​នៅក្រៅ​ប្រទេស និង​ការលើកឡើង​របស់លោក កឹម​សុខា ដែល​​ធ្វើឱ្យប៉ះពាល់​ដល់​វប្បធម៌​សន្ទនា​។​

​លោក ឈាង វុន បាន​បញ្ជាក់ថា គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​គោរព​កិច្ចព្រម​ព្រៀង​ថ្ងៃទី​២២​កក្កដា ឆ្នាំ​២០១៤​។ ការដកតំណែង​លោក​កឹម​សុខា នៅ​ព្រឹក​មិញ​នេះ គឺ​មិន​ប៉ះពាល់​ដល់​វប្បធម៌​សន្ទនា និង​កិច្ចព្រមព្រៀង​ថ្ងៃ​២២​កក្កដា​នោះទេ​។ ផ្ទុយទៅវិញ ការដកតំណែង​លោក​កឹម​សុខា​នោះ គឺ​យើង​ថែរក្សា​វប្បធម៌​សន្ទនា​ទៅវិញ​ទេ​។​

​លោក​ឈាង​វុន បញ្ជាក់ថា "​យើង​ធ្វើ​អ្វីៗ ស្របតាម​ច្បាប់​។ ច្បាប់ ៣ គឺ​រដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា និង​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា​។ ពោលគឺ​យើង​ធ្វើ​អ្វីៗ ស្របតាម​ច្បាប់រដ្ឋធម្មនុញ្ញ​"​។​

​លោក​កឹម​សុខា បាន​ក្លាយជា​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា តាមរយៈ​ការបោះឆ្នោត នៅ​រដ្ឋសភា កាលពី​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៤ ក្រោយពី​មាន​កិច្ចព្រមព្រៀង​នយោ​បាយ រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៤​។ នោះ​គឺ​អ្នកតំណាងរាស្ត្រ ១១៦ រូប បាន​បោះឆ្នោត​ជាសម្ងាត់ គូស​លើ​សន្លឹកឆ្នោត ជ្រើសតាំង​លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ធ្វើជា​​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា​៕​