ប្រណាំង​ទូក​.ង និង​ទូកក្តារបី​សន្លឹកសាក​ល្បង​នៅ​ទន្លេ​វ៉ៃ​គោ​ថ្ងៃ​ទី​១ វិច្ឆិកា

ខេត្ត​ស្វាយ​រៀង ​៖ ​នៅ​វេលា​ម៉ោង​៨​​ព្រឹក ថ្ងៃ​ទី​០១ ​វិច្ឆិកា​ ​​២០១៥​ ​នឹងមាន​រៀបចំ​ការ​ប្រណាំង​ទូក.ង​ និង​ទូក​បីសន្លឹក​សាកល្បង​នៅ​ទន្លេ​វ៉ៃ​គោ​ដើម្បី​ត្រៀម​ចូល​រួម​ប្រកួត​ក្នុង​ពិធី​ប្រណាំង​ទូក​ដែល​នឹង​ឈាន​មក​ដល់​នៅ​ពេល​ឆាប់ៗខាង​មុខ​នេះ​ ​។ ​

លោក ស៊ុំ សុ​ជាតិ អភិបាលរង​ខេត្ត​ និង​ជា​ប្រធាន​អនុគណ​:​កម្ម​ការ​បច្ចេកទេស​ខេត្ត​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ទូក​ដែល​ចូលរួម​ប្រណាំង​មាន​ទូក.ង​ខ្នាត​អន្តរជាតិ​ និង​ក្ដា​របី​សន្លឹក​តាម​បណ្ដា​ស្រុក​ទូ​ទាំង​ខេត្ត​ និង​ទូក.ង​ខ្នាត​អន្តរជាតិ​កងរាជអាវុធហត្ថ​ទូ​ទាំង​២៥​ខេត្ត-​ក្រុង ​រួម​ទាំង​ទូក​ខាង​ភាគី​វៀតណាម​ផង​ដែរ​ សរុប​ចំនួន​៥៣​គ្រឿង ​មាន​កីឡាករ​ អ្នក​អុំ​ពេញ​សិទ្ធិ​សរុប​ចំនួន​៩៥៥​នាក់​ អ្នក​អុំ​បម្រុង​ចំនួន​២៣៨​នាក់​។

ទូក.ង​ប្រភេទ​ទូក​ខ្នាត​អន្តរជាតិ​សរុប៤៣​គ្រឿង ​អ្នក​អុំ​ពេញ​សិទ្ធិ​ចំនួន​៩២៣​នាក់​ អ្នក​អុំ​បម្រុង​ចំនួន​២២៦​នាក់​។ ទូក​ប្រភេទ​ទូក​ក្ដា​របីសន្លឹក​សរុប​១១​គ្រឿង ​អ្នក​អុំ​ពេញ​សិទ្ធិ​ចំនួន​៣២​នាក់​ អ្នក​អុំ​បម្រុង​ចំនួន​១២​នាក់​។

លោកស៊ុំ សុ​ជាតិ បាន​បន្ត​ថា សរុប​រួម​(​ក​+​ខ​+គ​)​ កីឡាករ​ទាំងអស់​ចំនួន​១.១៩៣​នាក់ ​ប្រតិភូ​ដឹកនាំ​ទូក​សរុប​២៣១​នាក់​ និង​ចុងភៅ​សរុប​១១៧​នាក់ ​ស្រី​២​នាក់​ផង​ដែរ​។ ​

សូម​បញ្ជាក់​ថា​ ការ​ប្រណាំង​ទូក.ង​ក្នុង​ខេត្តស្វាយរៀង​មានការ​ឧបត្ថម្ភ​គាំទ្រ​ពី​លោកនាយ​ឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កង​យុទ្ធ​ពល​ខេ​មរ​ភូ​មិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​រួម​ទាំង​សប្បុរសជន​នានា​ទាំង​ក្នុង​ខេត្ត​ និង​ក្រៅ​ខេត្ត​ផង​ដែរ​៕