កិច្ចចរចា​អន្តរជាតិ​ស្តី​ពី​ស៊ី​រី​មាន​អីុ​រ៉​ង់​ចូលរួម​ដែរ​បើក​ធ្វើ​នៅ​ក្រុង​វី​យែ​ន

ការ​ចរចា​អន្តរជាតិ​ដើម្បី​ប៉ុនប៉ង​ស្វែងរក​ដំណោះស្រាយ​នយោបាយ​មួយ​ចំពោះ​ជម្លោះ​នៅ​ស៊ី​រី ចាប់ផ្តើម​ធ្វើ​កាលពី​ថ្ងៃ​ទី​២៩ តុលា នៅ​ទីក្រុង​វី​យែ​ន ជាមួយ​ការ​ចូលរួម​របស់​អីុរ៉ង់​ដែរ ។

បណ្តា​អ្នកចូលរួម​ក្នុង​ការ​ចរចា​ធំ​នេះ ពុំ​ផ្តោត​លើ​កិច្ចព្រមព្រៀង​ប្រាកដប្រជា​ណាមួយ​ឡើយ ទាក់ទិន​ដល់​អនាគត​នៃ​របប​លោក​បា​ចា អាល់​អាសា​ដ ក៏​ប៉ុន្តែ​វត្តមាន​របស់​បណ្តា​អ្នក​ដែល​មាន​ជំហរ​ផ្ទុយ​គ្នា​យ៉ាង​ខ្លាំង​លើ​សំណុំរឿង​ស៊ី​រី​ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​ការ​រីក​ចម្រើន​មួយ ។

ប្រមុខ​ការទូត​អា​មេ​រិ​ក លោក​ច​ន ឃ័​រ​រី នា​ថ្ងៃ​ទី​២៩ តុលា បាន​ជួប​ពិភាក្សា​នៅ​រដ្ឋធានី​អូ​ទ្រី​ស​ជាមួយ​តំណាង​២​រូប ដែល​គាំទ្រ​យ៉ាង​ខ្លាំង​ដល់​របប​ក្រុង​ដា​ម៉ាស់ គឺ​សម​ភាគី​អីុរ៉ង់ លោក MOHAMMAD JAVAD ZARIF និង​សម​ភាគី​រុ​ស្ស៊ី លោក​ស័​រ​ហ្គេ​យ​ឡាវ​រ៉ូ​វ មុន​កិច្ចប្រជុំ​បើក​ទូលាយ​នា​ព្រឹក​ថ្ងៃ​ទី​៣០ តុលា ដែល​មាន​តំណាង​ការទូត​តំបន់ និង​អឺរ៉ុប​ចូលរួម​ដែរ​ប្រមាណ​ជា​២០​រូប ដើម្បី​លើក​ឡើង​ពី​ទស្សនវិស័យ​នៃ​ជម្លោះ​ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជាង​២៥០.០០០​នាក់ ហើយ​ចាប់តាំងពី​ឆ្នាំ​២០១១​មក ។

លោក​ច​ន ឃ័​រ​រី យល់​ឃើញ​ថា ឥឡូវ​ជា​ពេល​ត្រូវ​ផ្តល់​ឱ្យ​អុ​ី​រ៉​ង់​ចូលរួម​ក្នុង​តុ​ចរចា​ដែរ ដែល​ជា​ជំហរ​គួរ​ឱ្យ​កត់សម្គាល់​មួយ​របស់​អា​មេ​រិ​ក ដែល​រហូត​មក​ទល់​ពេល​នេះ​តែង​ប្រឆាំង​នឹង​គំនិត​បែប​នោះ ។

ចូលរួម​ក្នុង​ការ​ចរចា​នេះ​ក្រៅពី​ប្រមុខ​ការទូត​អា​មេ​រិ​ក រុ​ស្ស៊ី អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត និង​តួ​ក​គី មាន​សម​ភាគី​លី​បង់ និង​អេ​ហ្ស៊ី​ប ហើយ​រដ្ឋមន្ត្រី​ការ​បរទេស​បារាំង អង់គ្លេស អា​ល្លឺ​ម៉​ង់ ព្រមទាំង​ប្រមុខ​ការទូត​អឺរ៉ុប​ក៏​ចូលរួម​ដែរ ។

ចំពោះ​ការ​វាយប្រហារ​តាម​អាកាស​របស់​រុ​ស្ស៊ី​រយៈពេល​៣​ស​ប្តា​ហ៍​មក​ហើយ​នៅ​ស៊ី​រី បើ​តាម​ព័ត៌មាន​នានា​ដែល​អង្គការសិទ្ធិមនុស្ស​ស៊ី​រី​OSDH ប្រមូល​បាន​នៅ​លើ​ទីលាន​ថា ពួក​ឧទ្ទាម​និយម​កណ្តាល ឬ​សម្ព័ន្ធមិត្ត​ក្រុម​រណសិរ្ស​អាល់​ណូ​ស្ត្រា សាខា​អាល់​កៃ​ដា​នៅ​ស៊ី​រី​២៧៩​នាក់ ជន​ស៊ី​វិល​១៨៥​នាក់ ក្នុង​នោះ​មាន​កុមារ​៤៨​នាក់ នារី​៤៦​នាក់ ព្រមទាំង​ពួក​ជី​ហា​ដ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​១៣១​នាក់​ត្រូវ​ស្លាប់ ។

យោង​តាម OSDH បើ​ប្រៀបធៀប​គ្នា​ទៅ​នឹង​ការ​វាយប្រហារ​តាម​អាកាស​របស់​ក្រុមចម្រុះ​នាំមុខ​ដោយ​សហរដ្ឋ​អា​េ​ម​រិ​ក​រយៈពេល​ជាង​១​ឆ្នាំ​បន្តិច បណ្តាល​ឱ្យ​មនុស្ស​៣.៦២៨​នាក់​ស្លាប់ ក្នុង​នោះ​៣.២៧៦​នាក់ ជា​សមាជិក​ក្រុម​រដ្ឋ​អិុ​ស្លា​ម និង​១៤៦​នាក់​មក​ពី​ក្រុម​រណសិរ្ស​អាល់​ណូ​ស្ត្រា និង​ក្រុម​អិុ​ស្លា​ម​និយម​ឯទៀត​ៗ ។ ចំណែក​ជន​ស៊ី​វិល​២០៦​នាក់​ក៏​ត្រូវ​ស្លាប់​ដែរ ដោយ​ការ​ទម្លាក់​គ្រាប់បែក​របស់​ក្រុមចម្រុះ ៕