តុលាការក្រុង​ឡា​អេ​មួយ​ទទួល​កាត់ក្តី​លើ​បណ្តឹងទាមទារ​ដែនដី​របស់​ហ្វ៊ី​លី​ពី​ន​ប្រឆាំង​ចិន

តុលាការ​អចិន្ត្រៃយ៍​ក្រុង​ឡា​អេ​ប្រកាស​កាលពី​ថ្ងៃ​ទី​២៩ តុលា ពី​សមត្ថកិច្ច​របស់​ខ្លួន ដើម្បី​កាត់ក្តី​តាម​ពាក្យបណ្តឹង​របស់​ហ្វ៊ី​លី​ពី​ន​ប្រឆាំង​ចិន ចំពោះ​ការ​ទាមទារ​ដែនដី​ក្នុង​តំបន់​មាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង ។

ការ​សម្រេចចិត្ត​នេះ​ជា​ការ​វាយបក​មួយ​លើ​ក្រុង​ប៉េ​កាំ​ង​ខាង​ផ្លូវ​តុលាការ ដោយ​តុលាការ​នេះ​បដិសេធ​ការ​អះអាង​ទាំងឡាយ​របស់​ចិន ដែល​ថា ជម្លោះ​តាម​ការ​ពិត​ទាក់ទិន​នឹង​អធិបតេយ្យភាព​ដែនដី​របស់​ខ្លួន ។

តុលាការ​នេះ​បញ្ជាក់​ថា សវនាការ​ថ្មី​ៗ​នឹង​ធ្វើ​ដើម្បី​សិក្សា​ពី​ការ​អះអាង​ទាំងឡាយ​របស់​ហ្វ៊ី​លី​ពី​ន ។ ចិន​បាន​ធ្វើ​ពហិការ​នីតិវិធី​នោះ ហើយ​បដិសេធ​រាល់​សមត្ថកិច្ច​របស់​តុលាការ​ក្នុង​សំណុំរឿង​នេះ ។

ក្រុង​ប៉េ​កាំ​ង​ទាមទារ​អធិបតេយ្យភាព​លើ​សមុទ្រ​ចិន​ខាងត្បូង​ស្ទើរ​ទាំងអស់​ដោយ​បដិសេធ​ការ​ទាមទារ​របស់​វៀតណាម ហ្វ៊ី​លី​ពី​ន តៃវ៉ាន់ ម៉ា​ឡេ​ស៊ី ព្រុយ​ណេ លើ​ផ្នែក​មួយ​ចំនួន ។

តុលាការ​អចិន្ត្រៃយ៍​ក្រុង​ឡា​អេស​ម្រេច​ថា ខ្លួន​មាន​សមត្ថកិច្ច​កាត់ក្តី​ការ​ទាមទារ​ទាំងឡាយ​របស់​ក្រុង​ម៉ានីល យោង​តាម​អនុសញ្ញា អ​.​ស​.​ប ស្តី​ពី​ច្បាប់​សមុទ្រ ដោយ​បញ្ជាក់​ថា ការ​សម្រេចចិត្ត​របស់​ចិន​មិន​ចូលរួម​ក្នុង​សវនាការ​នឹង​ពុំ​អាច​ដកហូត​យុ​ត្ថា​ធិ​ការ​របស់​ខ្លួន​ឡើយ ។

សហរដ្ឋ​អា​េ​ម​រិ​ក​ស្វាគមន៍​ចំពោះ​ការ​សម្រេចចិត្ត​នេះ ដោយ​ពន្យល់​ថា ខ្លួន​ចង់ឱ្យ​មាន​ដំណោះស្រាយ​ដោយ​សន្តិវិធី​នៃ​សំណុំរឿង​នោះ តាម​ផ្លូវ​ការទូត ឬ​តាម​រយៈ​បណ្តា​ស្ថាប័ន​អន្តរជាតិ​ដូច​ជា​តុលាការ​អចិន្ត្រៃយ៍​ក្រុង​ឡា​អេ​ជាដើម ។

តុលាការ​អចិន្ត្រៃយ៍​ក្រុង​ឡា​អេប​ង្កើ​ត​ឡើង​កាលពី​ឆ្នាំ​១៨៩៩ ដើម្បី​សម្រួលការ​ដោះស្រាយ​ដោយ​សន្តិវិធី​នៃ​បណ្តា​ជម្លោះ​រវាង​រដ្ឋ​នានា បណ្តា​អង្គការ និង​បុគ្គល​ឯកជន ។ ចិន និង​ហ្វ៊ី​លី​ពី​ន​ស្ថិត​ក្នុង​ចំណោម​សមាជិក​ទាំង​១១៧​ប្រទេស​របស់​តុលាការ​នេះ ៕