ពិព័រណ៍​ការងារ​ថ្នាក់​ជាតិ​ ២០១៥ បណ្ដុំ​នៃ​ការ​ងារ​សម្រាប់​អ្នក​ចង់​ធ្វើការ​

ពិព័រណ៍​ការងារ​ថ្នាក់​ជាតិ​ ២០១៥ បណ្ដុំ​នៃ​ការ​ងារ​សម្រាប់​អ្នក​ចង់​ធ្វើការ​

ពិព័រណ៍​ការងារ​ថ្នាក់​ជាតិ លើក​ទី​៥ ដែល​រៀប​ចំឡើង​ដោយ​ទី​ភ្នាក់ងារ​ជាតិ​មុខរបរ​ និង ការងារ នឹង​ប្រព្រឹត្តទៅ​​នៅ​មជ្ឈមណ្ឌល​សន្និបាត​ និង​ពិព័រណ៍​កោះ​ពេជ្រ នា​ថ្ងៃ​ទី ៦ និង ៧ វិច្ឆិកា​ ឆ្នាំ​ ២០១៥ ខាង​មុខ​នេះ ដែលកម្មវិធី​នេះ ​ជា​ឱកាស​របស់​សិស្ស​និស្សិត​ ក្នុង​ការ​ស្វែង​រក​ការងារ​។
 

លោក​ហៃ​ ហ៊ុន​ឡេង​ អនុ​ប្រធាន​ទី​ភ្នាក់​ងារ​ជាតិ​មុខរបរ​និង​ការងារ​ បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ព្រឹក​មិញ​ថា ព្រឹត្តិការណ៍​ដែល​មាន​រយៈ​ពេល​ពីរ​ថ្ងៃ​ ​ នឹង​មាន​ ក្រុម​ហ៊ុន​ចំនួន ៧៥​​ជា​ដៃ​គូ​សហការ ដែល​រួម​មាន​ ធនាគារ​និង​មីក្រូ​ហិរញ្ញ​វត្ថុ ភ្នាក់ងារ​​ជ្រើស​រើស​បុគ្គលិក​ឯកជន​ គ្រឹះ​ស្ថាន​​អប់​រំ ​បច្ចេកទេស​និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ ​ វិស័យ​អាហារ​ សណ្ឋាគារ​ និង​បដិសណ្ឋារកិច្ច ដែល​សរុប​ទាំង​អស់​មាន​ចំនួន​​ជាង ៦,០០០ កន្លែង​​សម្រាប់​សិស្ស​ និស្សិត​ និង​ អ្នក​ស្វែង​រក​ការងារ​ទូទៅ​មិន​ថា​អ្នក​ជាប់​ឬ ធ្លាក់​បាក់ឌុប​នោះ​ទេ។

 

ពិព័រណ៍​ការងារ​ថ្នាក់​ជាតិ​ ២០១៥ បណ្ដុំ​នៃ​ការ​ងារ​សម្រាប់​អ្នក​ចង់​ធ្វើការ​

 
ទន្ទឺមនឹង​នេះ វា​ជា​វេទិកា​ចែក​រំលែក​​ចំណេះ​ដឹង ​ការ​ជជែក​ពិភាក្សា​​យោបល់​ អំពី​វិធីសាស្ត្រ​ជោគ​ជ័យ​ក្នុង​ការ​ដាក់​ពាក្យ​ស្វែង​រក​ការងារ​ធ្វើ របៀប​សរសេរ​ប្រវត្តិរូប ការ​ត្រៀម​ខ្លួន​ចូល​ទី​ផ្សារ​ការងារ​ និង ការ​បំប៉ន​ជំនាញ​ដែល​ធ្វើ​បទ​បង្ហាញ​ ពី​វាគ្មិន​ដែល​មាន​បទ​ពិសោធន៍​​​។ នេះ​បើ​តាម​ការ​ លើក​ឡើង​របស់ ​លោក ប៊ុន​ឡេង។
 

កាល​ពី​ឆ្នាំ​កន្លង​ទៅ​ មាន​អ្នក​ចុះ​ឈ្មោះ​ចូល​រួម ចំនួន​ ១៦ ៦៧២ នាក់​ ​ដែល​យ៉ាង​ហោច​ណាស់​មាន ៥០០ នាក់​ដែល​ទទួល​បាន​ការងារ​ភ្លាម​ៗ​បន្ទាប់​ពី​សម្ភាសន៍​នៅ​ទី​នោះ​ផ្ទាល់​តែ​ម្ដង​ជាមួយ​នឹង​ភ្នាក់ងារ​ធនធាន​មនុស្ស​របស់​​ស្ថាប័ន​ដៃ​គូ​ដែល​បាន​ចូល​រួម ហើយ​ រយៈ​ពេល​៤ ឆ្នាំ​មក​នេះ ពិព័រណ៍​ការងារ​ថ្នាក់​ជាតិ ​មាន​អ្នក​ចុះ​ឈ្មោះ​សរុប ៦​ ៧៧៤ នាក់។

 

ពិព័រណ៍​ការងារ​ថ្នាក់​ជាតិ​ ២០១៥ បណ្ដុំ​នៃ​ការ​ងារ​សម្រាប់​អ្នក​ចង់​ធ្វើការ​
 

ដោយ​ឡែក​ សម្រាប់​ឆ្នាំ​នេះ​វិញ ទីភ្នាក់ងារ​ជាតិ​មុខរបរ​ រំពឹង​ទុក​ថា ពិពរណ៍​នេះ ​នឹង​ទទួល​បាន​អ្នក​ចូល​រួម​ ទស្សនា​ប្រមាណ ២២,០០០ នាក់​។ « អ្នក​ដែល​​កំពុង​ស្វែងរក​ការងារ​ធ្វើ អាច​ចូល​រួម​ពិព័រណ៍​ការ​ងារ​​ថ្នាក់​ជាតិ​​លើក​ទី​ប្រាំ​នេះ​បាន ដោយ​​ឥត​គិត​ថ្លៃ ហើយ​ពួក​គាត់​គួរ​តែ​កាន់​ ប្រវត្តិរូប​សង្ខេប ឬ​ហៅ​ថា​​ CV និង លិខិត​អម​ដែល​ហៅ​ថា Cover letter ​សម្រាប់​ការ​ដាក់ពាក្យ​​ធ្វើ​ការ​​នៅ​ទីនោះ​តែ​ម្ដង!»។ លោក ហៃ​ ហ៊ុន​ឡេង ​បាន​​បញ្ជាក់៕
 

អត្ថបទ៖ ណេង ណេង​​​​​