មន្ត្រីនគរបាល វរការពារ ព្រំដែនគោក លេខ៦២៣ម្នាក់ កំពុងមមាញឹក ដឹកជញ្ជូនបារីហ្សិត ទៅវៀតណាម តាមច្ររបៀងភូមិឡុំ សុ្រកអូរយ៉ាដាវ

រតនគិរីៈ ជារៀងរាល់ថ្ងៃ គេសង្កេតឃើញរថយន្តលុច្សស៊ីស៤៥០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2D-0799 ផ្ទុកបារីហ្សិតពេញ ដឹកចេញពី ឃ្លាំង១កន្លែង ស្ថិតក្នុងភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ដែលគេដឹងថា ជាកម្មសិទ្ធិរបស់លោកអនុសេនីយ៍ទោ ស៊ី កយ ប្រធានប៉ុស្តិ៍ ស្តីទីច្រករបៀងភូមិឡុំ ចំណុះឲ្យវរការពារព្រំដែនគោក៦២៣។

បើតាមសមត្ថកិច្ច ប្រចាំការផ្លូវជាតិលេខ៧៨ ម្នាក់ សូមមិនបញ្ចេញឈ្មោះប្រាប់ឲ្យដឹងថា គាត់បានឃើញរថយន្តខាងលើនេះ ដឹកបារីហ្សិតពេញ និងដាក់លើដំបូរថែមទៀត ក្នុង១ថ្ងៃ ២-៣ជើង តាមផ្លូវជាតិលេខ៧៨ ឆ្ពោះទៅវៀតណាម ប៉ុន្តែមិនដឹកចេញ តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវនោះទេ គឺដឹកចេញកាត់តាមច្រករបៀងភូមិឡុំ ដែលថៅកែបារីហ្សិតនេះ ជាមេប៉ុស្តិ៍ស្តីទីនៅទីនោះតែម្តង។

ជាងនេះទៅទៀត លោកអនុសេនីយ៍ទោ ស៊ី កយ បានធ្វើឃ្លាំងស្តុកទុកបារីហ្សិត ក្បែរប៉ុស្តិ៍ប្រចាំការតែម្តង ងាយស្រួលឲ្យក្រុមឈ្មួញ វៀតណាមចេញចូល មកទិញតាមតំរូវការ(ទោះយប់ ឬថ្ងៃ) ។

គេកំពុងតែឆ្ងល់ថា បើក្រុមហ៊ុនបារីហ្សិតបង់ពន្ធជូនរដ្ឋត្រឹមត្រូវ ហេតុអ្វីបានជាដឹកចេញពីឃ្លាំងស្តុកទុក នៅក្រុងបានលុងភាគច្រើនតែពេលយប់ ហើយច្រកទ្វារ អន្តរជាតិអូរយ៉ាដាវ មិនសមត្ថកិច្ចជាច្រើនស្ថាប័ន ជាពិសេសគយ មានភារកិច្ចត្រួតពិនិត្យទំនិញនាំចេញ-នាំចូល។ ប៉ុន្តែបែរជា ដឹកចេញឆ្ពោះ ទៅវៀតណាម តាមច្រករបៀងភូមិឡុំ ដែលសភាពផ្លូវមានការលំបាកធ្វើដំណើរទៅវិញ។

ទាក់ទិនទៅនឹងសកម្មភាព ដឹកជញ្ជូនបារីហ្សិត ឆ្ពោះទៅវៀតណាមតាមច្រករបៀងភូមិឡុំនេះដែរ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានព្យាយាមទំនាក់ទំនង តាមទូរស័ព្ទ សុំការបំភ្លឺពីលោក ជួប ចំរើន ប្រធានសាខាគយ និងរដ្ឋាករខេត្តរតនគិរី ប៉ុន្តែទូរស័ព្ទចូលជាច្រើនដងគ្មានអ្នកទទួល៕

មន្ត្រីនគរបាល វរការពារ ព្រំដែនគោក លេខ៦២៣ម្នាក់ កំពុងមមាញឹក ដឹកជញ្ជូនបារីហ្សិត ទៅវៀតណាម តាមច្ររបៀងភូមិឡុំ សុ្រកអូរយ៉ាដាវ

មន្ត្រីនគរបាល វរការពារ ព្រំដែនគោក លេខ៦២៣ម្នាក់ កំពុងមមាញឹក ដឹកជញ្ជូនបារីហ្សិត ទៅវៀតណាម តាមច្ររបៀងភូមិឡុំ សុ្រកអូរយ៉ាដាវ