ក្មេង​ស្ទាវ​​​មួយ​ក្រុម​ជិះ​ម៉ូតូ​ដេញ​កាប់​កម្មករ​រោង​ចក្រ​២នាក់​របួស​ធ្ងន់​ សង្ស័យ​គំនុំ

ខេង្ត​កណ្តាល​៖ យុវ​ជន​២​នាក់​បាន​រង​របួស​ដៃ និង​ក្បាល​ហូរ​ឈាម​ស្រោច​ខ្លួន ខណៈ​កំពុង​ជិះ​ម៉ុតូ​ឌុប​គ្នា​ត្រូវ​យុវ​ជន​មួយ​ក្រុម​ទៀត​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​ប្រដាប់​ដោយ​កាំ​បិត​ប៉័ង​តោ​តាម​កាប់​ប្រហារ​ កាល​ពី​វេលា​ម៉ោង​១ និង​២០​នាទី​រសៀល ថ្ងៃ​ទី​២៩ តុលា ២០១៥ នៅ​តាម​ដង​ផ្លូវ​ជាតិ​លេខ​១១០ ស្ថិត​ក្នុង​ភូមិ​ព្រែក​តា​នប់ ឃុំ​កំពង់​ស្វាយ ស្រុក​កៀន​ស្វាយ​។

សមត្ថ​កិច្ច​បាន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មាន​គ្នា​២​នាក់ ម្នាក់​ឈ្មោះ​ផុន រដ្ឋា ហៅ​វ៉ា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខ​របរ​កម្មករ​រោង​ចក្រ​កាត់​ដេរ​ មាន​ទី​លំនៅ​ភូមិ​ប្ញស្សី​ស្រុក ឃុំ​ឈើ​ទាល ស្រុក​កៀន​ស្វាយ​ រង​របួស​ក្បាល​ខាង​ស្តាំង​ប្រវែង​៤​សង្ទីម៉ែត្រ​ដេរ​៤​ថ្នេរ​ និង​ម្នាក់​ទៀត​ឈ្មោះ​ឃុត ឡេះ ហៅ​ម៉ាប់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខ​របរ​កម្មករ​រោង​ចក្រ​កាត់​ដេរ​ដែរ មាន​ទី​លំនៅ​ភូមិ​ទួល​ដូង​ ឃុំ​គគីរ ស្រុក​កៀន​ស្វាយ​ របួស​២​កន្លែង​ គឺ​ខ្នង​ដៃ​ស្តាំ​ដេរ​៤​ថ្នេរ និង​ក្បាល​ផ្នែក​ខាង​ស្តាំ​ប្រវែង​១០​សង្ទី​ម៉ែត្រ​ដេរ​១៤​ថ្នេរ​ បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​។

ចំណែក​ជន​ដៃ​ដល់​គ្នា​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល​ បន្ទាប់ពី​កាប់​ប្រហារ​ជន​រង​គ្រោះ​ទាំង​២​នាក់​រួច​ ត្រូវ​បាន​សមត្ថ​កិច្ច​ស្រាវ​ជ្រាវ​ស្គាល់​អត្ត​សញ្ញាណ​ ១-ឈ្មោះ​កុយ រាឌី ភេទ​ប្រុស អាយុ​២២​ឆ្នាំ ​ជា​និស្សិ​ត​ចំការ​ដូង​ មាន​ស្រុក​កំណើត​ភូមិ​ព្រែក​តា​នប់​ ឃុំ​កំពង់​ស្វាយ​ ២-ឈ្មោះ​ថុល ប៊ុនគឹម ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​ មុខ​របរ​មិន​ពិត​ប្រាកដ​ មាន​ទី​លំនៅ​ភូមិ​កំពង់​ស្វាយ​ ឃុំ​កំពង់​ស្វាយ​, ៣-ឈ្មោះវ៉េរី ភេទ​ប្រុស មុខ​របរ​មិន​ពិត​ប្រាកដ​ មាន​ទី​លំនៅ​ភូមិ​ព្រែក​តា​នប់ ឃុំ​កំពង់​ស្វាយ​ និង​៤-ឈ្មោះ​ធូ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​ មុខ​របរ​មិន​ពិត​ប្រាកដ​ មាន​ទី​លំនៅ​ភូមិ​កំពង់​ស្វាយ២ ឃុំ​កំពង់​ស្វាយ ស្រុក​កៀន​ស្វាយ​ ។

បើ​តាម​សម្តី​ជន​រង​គ្រោះ​ទាំង​២​នាក់​រៀប​រាប់​ប្រាប់​សមត្ថ​កិច្ច​​​ថា មុន​ពេល​កើតហេតុ​ពួក​គេ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុប​គ្នា​មក​ពី​ផ្ទះ​បំនង​ទៅ​លេង​ផ្ទះ​មិត្ត​ភក្តិ​នៅ​ឃុំ​កំពង់​ស្វាយ​ ខណៈ​ពេល​មក​ដល់ពាក់​កណ្តាល​ផ្លូវ​ស្រាប់តែ​មាន​ជន​សង្ស័យ​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ដែឡ​ពួក​ខ្លួន​មិន​ធ្លាប់​ស្គាល់​សោះ​តាម​មក​កាក់​ម៉ូតូ​ឱ្យ​ឈប់​ ហើយ​យក​កាំ​បិត​ប៉័ង​តោ​កាប់​ប្រហារ​លើ​ពួក​ខ្លួន​រួច​ព្យាយាម​រត់​គេច​ខ្លួន​បាត់​ស្រមោល។ សមត្ថ​កិច្ចថា ជន​រ​ងគ្រោះ​ទាំង​២នាក់​និយាយ​ហាក់​មានការ​លាក់​លៀម​។

បើ​តាម​ប្រភព​ខ្លះ​និយាយ​ថា ករណី​នេះ​ប្រហែល​ជា​រឿង​គំនុំ ព្រោះ​ក្នុង​ចំណោម​ជន​ល្មើស​ទាំង​៣​នាក់ មាន​២​នាក់​ធ្លាប់​ធ្វើ​ការ​រោង​ចក្រ​ជាមួយ​ជន​រង​គ្រោះ​ដែរ ប៉ុន្តែ​បាន​ឈប់​យូរ​ហើយ​៕