អាជ្ញាធរ​ភ្នំពេញត្រៀម​ពង្រីក​សេវា​ដឹក​ជញ្ជូន​រថយន្តក្រុង​សាធារណៈ​ទៅ​ដល់​គ្រប់​ខេត្ត-ក្រុង​ទូ​ទាំង​ប្រទេស

រាជធានី​ភ្នំពេញ ៖ លោកប៉ា សុ​ជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​ថា នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​សាលា​រាជធានី​ភ្នំពេញ មាន​គម្រោង​ពង្រីក​សេវាកម្ម​ខ្សែ​រថយន្ត​ដឹក​ជញ្ជូន​សាធា​រណៈ​​របស់​ក្រុង​ឲ្យ​ទៅ​ដល់​គ្រប់​បណ្តា​ខេត្ត​-ក្រុង​នៅ​ទូ​ទាំង​ប្រទេស ទោះបី​ពេល​នេះ​សេវា​ខ្សែ​រថយន្តក្រុង​សាធារណៈ​នៅ​ភ្នំពេញ​មានការ​ខាត​ជា​រៀង​រាល់​ខែ​ក្តី ហើយ​ការ​ពង្រីក​សេវា​បែប​នេះដើម្បី​យក​សេវា​ពី​ខេត្ត​ទៅ​ចិញ្ចឹម​សេវា​ដឹក​ជញ្ជូន​នៅ​ក្នុង​ក្រុង​ផង​ដែរ ។

​លោកប៉ា សុ​ជាតិ​វង្ស​ បាន​លើក​ឡើង​បែប​នេះក្នុង​ពិធី​ប្រកាស​ជា​ផ្លូវការ​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ ​កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ​តុលា​ ២០១៥ ។

លោក​មាន ចាន់​យ៉ា​ដា នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ការ​បង្កើតរដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង City Bus នៅ​រាជធានី​ភ្នំពេញ​នេះ ស្ថិត​ក្រោម​ការ​គ្រប់គ្រងរបស់​រដ្ឋបាល​សាលា​​រាជធានី​ភ្នំពេញក្នុង​គោលបំណង​អង្ក​ភាព​ងាយស្រួល និង​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ ដូច​ជា​ បង្ក​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ ធានា​សុវត្ថិភាព ផាសុកភាព សន្សំ​សំចៃ​ពេលវេលា កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរ ការ​ប្រើប្រាស់​ថាមពល​ខ្ជះខ្ជាយ ឧស្ម័ន​បំពុលបរិស្ថាន និង​ផល​ប៉ះពាល់​សុខមាលភាព​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ ។

រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង​ដែល​ទើប​បង្កើត​ថ្មី​នេះ​​បាន​តែងតាំង​លោក​អ៊ា​ន សុ​ឃី​ម ជា​អភិបាល​រដ្ឋាករ​ស្វយ័ត ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង និង​មាន​អភិបាលរង​ចំនួន​២​រូប​ទៀត​ផង៕
     ​